ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីយុត្តិធម៌ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញា ឲ្យចាត់ការលោក សម រង្ស៊ី ជាបន្ទាន់ ពីបទប្រមាថព្រះរាជា
26, Oct 2022 , 10:39 am        
រូបភាព
រូបលោក កើត រិទ្ធ ពីក្រសួងយុត្តិធម៌, រូបលោក សម រង្ស៊ី ពី AFP
រូបលោក កើត រិទ្ធ ពីក្រសួងយុត្តិធម៌, រូបលោក សម រង្ស៊ី ពី AFP
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមតុលាការភ្នំពេញ ឲ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើលោក សម រង្ស៊ី ក្រោយមើលឃើញថា មេដឹកនាំប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ ប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះមហាក្សត្រ។



តាមរយៈលិខិតដែលជាអធិបញ្ជារបស់ខ្លួន ចុះកាលបរិច្ឆេទនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក កើត រិទ្ធ ជម្រាបលោក ច្រឹង ខ្មៅ ថា សម្តីរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង។ លោក បន្តថា ទង្វើនេះ គឺជាការរំលោភបំពានមាត្រា៧នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។

មាត្រា៧នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រ មិនអាចមាននរណាបំពានបានឡើយ។ លោករដ្ឋមន្រ្តី បន្ថែមថា ទង្វើនេះ ក៏ត្រូវកំណត់ជាបទប្រមាថព្រះមហាក្សត្រ ក្នុងមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌដែរ។ 
 
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ប្រាប់សារព័ត៌មាថ្មីៗ ក្នុងក្រុមតេឡេក្រាម កាលពីថ្ងៃទី២៤ ខែតុលាថា សម្តីរបស់លោក សម រង្ស៊ី គឺជាបទល្មើសព្រហ្មទណ្ឌ​ ដែលមានចែង​នៅក្នុង​មាត្រា​ ៤៣៧​ (ស្ទួន) ក្រមព្រហ្មទណ្ឌ។​ លោក អះអាងថា តំណាងអយ្យការ បានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ ឲ្យស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណីនេះរួចរាល់ហើយ។ 
 
ក្នុងថ្ងៃដែលលោក ប្លង់ សុផល ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ គេ បានឃើញវីដេអូថ្មី១ទៀតលើបណ្តាញសង្គម និងលើបណ្តាញសារព័ត៌មានមួយចំនួន ដោយវីដេអូនោះ បង្ហាញពីការថ្លែងសុទ្ទរកថារបស់លោក សម រង្ស៊ី ក្នុងពិធី១ ដែលត្រូវបានរៀបចំឡើងក្នុងវត្តខ្មែរលើទឹកដីបរទេស។ ក្រោយបានមើលវីដេអូនោះ មន្រ្តីនានាក្នុងជួររដ្ឋាភិបាល បានចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ដោយចាត់ទុកសម្តីរបស់លោក ថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះរាជា។ មុនលោក កើត រិទ្ធ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញា ក្រសួងយុត្តិធម៌ បានចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ជាមួយគេឯងដែរ។ 
 
មិនមែនលើកទី១ឡើយ ដោយកន្លងមក លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងត្រូវតុលាការកាត់ទោសរួចមកហើយ៕  
 

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com