ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
ប្រធានអាស៊ាន បង្ហាញក្តីបារម្ភខ្លាំង ក្រោយឃើញហិង្សានៅមីយ៉ាន់ម៉ា កាន់តែកើនឡើង
26, Oct 2022 , 3:59 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន ជាប្រធានអាស៊ាន និងលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជាមេដឹកនាំយោធាមីយ៉ាន់ម៉ា នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២។
ជំនួបរវាងសម្តេច ហ៊ុន សែន ជាប្រធានអាស៊ាន និងលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជាមេដឹកនាំយោធាមីយ៉ាន់ម៉ា នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២។
កម្ពុជា លើកឡើងក្នុងឋានៈជាប្រធានអាស៊ានថា អាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សានៅមីយ៉ាន់ម៉ានាពេលថ្មីៗនេះ ដូចជា ការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការែន និងការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជន ដែលបណ្តាលឲ្យមានអ្នករបួសនិងអ្នកស្លាប់ជាច្រើននាក់។ ក្តីបារម្ភរបស់ប្រធានអាស៊ាន ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។



ប្រធានអាស៊ាន រំលេញឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«យើង មានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងអ្នករបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅប្រទេសមីយ៉ាន់ម៉ា»។
 
បន្ថែមពីនេះ អាស៊ាន បង្ហាញសេចក្តីភ័យព្រួយចំពោះការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឲ្យស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងទាំង៥ចំណុចរបស់អាស៊ាន និងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ដែលបេសកជនពិសេសរបស់ប្រធានអាស៊ាន បានបំពេញកន្លងមកផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដដែល។ 
 
កិច្ចព្រមព្រៀងទាំង៥ចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបទេសកម្ពុជា គឺជាបេសកជនពិសេសរបស់ប្រធានអាស៊ាន។ 
 
តាមរយៈសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន អាស៊ានទាំងមូល បានអំពាវនាវជាថ្មី ឲ្យគ្រប់ភាគីនៅមីយ៉ាន់មា អត់ធ្មត់ជាអតិបរមា បញ្ចប់ជាបន្ទាន់នូវការប្រើហិង្សា និងត្រូវដោះស្រាយដោយសន្តិវិធី។ 
 
សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី២៥ ខែតុលា  ឆ្នាំ២០២២ មានប្រជាជន២៣៩១នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមនុស្ស១៥៩៥៥នាក់ ត្រូវចាប់ខ្លួន។ មីយ៉ាន់ម៉ា មានការតវ៉ា និងផ្ទុះអំពើហិង្សា ចាប់តាំងពីលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាច កាលពីដើមឆ្នាំ២០២១មក៕ 
 

Tag:
 អាស៊ាន
  មីយ៉ានម៉ា
  ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com