អន្តរជាតិ
ប្រមុខការទូតតៃវ៉ាន់៖ ក្រោយបញ្ចប់សមាជបក្ស ចិនទំនងប្រឹងជំរុញប្រទេសផ្សេងឱ្យផ្ដាច់ការទូតជាមួយតៃវ៉ាន់
26, Oct 2022 , 5:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu នៅថ្ងៃទី២៦ ខែតុលាលើកឡើងថា បន្ទាប់ពីរើសក្បាលម៉ាស៊ីនដឹកនាំសម្រាប់អាណត្តិថ្មីដោយជោគជ័យ ចិនអាចនឹងបង្កើនកិច្ចប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យប្រទេសផ្សេងៗបញ្ឈប់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ព្រមគ្នានឹងសម្ពាធផ្នែកសន្តិសុខផង។

 
បក្សកុម្មុយនីស្តចិនទើបតែបញ្ចប់សមាជដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តងកាលពីចុងសប្តាហ៍មុន។ អំឡុងការជជែកពីគោលនយោយបក្សប្រាំឆ្នាំខាងមុខនៅអង្គសមាជ ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបន្តកាន់តំណែងជាអគ្គលេខាបក្សអាណត្តិទីបីលើកឡើងទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា ចិននៅតែបន្តប្រឆាំងការប៉ុនប៉ងបំបែកទឹកដី និងការជ្រៀតជ្រែងកិច្ចការផ្ទៃក្នុង។ 
 
ខណៈលោក ស៊ី នៅតែក្តោបក្តាប់អំណាចពេញដៃបែបនេះ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu រំពឹងថា ក្រុងប៉េកាំងនឹងបង្កើនការគាបសង្កត់ទាំងសន្តិសុខ និងការទូតលើដែនកោះខ្លួន។
 
«​ ចិនទំនងជាបង្កើនការវាយប្រហារ និងគំរាមដល់តៃវ៉ាន់ ពិសេសក្នុងវិស័យការទូត»។ លោក Wu ថ្លែងទៅកាន់សមាជិកសភាបែបនេះថ្ងៃទី២៦ ខែតុលា ហើយបន្ថែមថានេះគឺជាអ្វីដែលក្រុងតៃប៉ិតែងបារម្ភ។
 
បើតាមប្រមុខការទូតរូបនេះ តៃវ៉ាន់ទទួលបានសញ្ញា និងព័ត៌មានពីសម្ព័ន្ធមិត្តការទូតដែលថាចិនកំពុងប្រឹងប្រែងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តក្រុងតៃប៉ិឱ្យផ្លាស់ប្តូរទំនាក់ទំនងការទូតទៅទទួលស្គាល់ក្រុងប៉េកាំងវិញ។ ទាក់ទងបញ្ហានេះ លោក Wu បញ្ជាក់ថា បើតាមស្ថានភាពបច្ចុប្បន្ន តៃវ៉ាន់កំពុងប្រឈមនឹងបញ្ហាការទូតកាន់តែធំទៅៗហើយ។
 
កន្លងមក ក្រុងតៃប៉ិ និងក្រុងប៉េកាំងចោទគ្នាទៅវិញទៅមកជុំវិញការប្រើធនធានហិរញ្ញវត្ថុដើម្បីជំរុញឱ្យប្រទេសផ្សេងៗកសាងទំនាក់ទំនងផ្លូវការជាមួយ។ ក្រោមអាណត្តិលោក Wu ប្រទេសចំនួន៦ ផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងតៃប៉ិទៅទទួលស្គាល់ក្រុងប៉េកាំងវិញ។ មកទល់ពេលនេះ មានតែ១៤ប្រទេសប៉ុណ្ណោះដែលមានចំណងការទូតផ្លូវការជាមួយរដ្ឋាភិបាលតៃវ៉ាន់ដែលភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍនៅតំបន់ប៉ាស៊ីហ្វិក អាម៉េរិកឡាទីន និងការ៉ាអ៊ីប៕
 
 
 
 
 
 
 
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com