អន្តរជាតិ
ទោះតានតឹងរឿងតៃវ៉ាន់ លោកបៃដិន និងលោក ស៊ី ប្តេជ្ញាធ្វើការរួមគ្នាដើម្បីប្រយោជន៍ពិភពលោក
27, Oct 2022 , 2:59 pm        
រូបភាព
ដោយ:
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងសមភាគីចិន ស៊ី ជិនភីង បញ្ជាក់ក្នុងសារដាច់ដោយឡែកពីគ្នានៅថ្ងៃទី២៦ ខែតុលាថា ប្រទេសទាំងពីរត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជាប្រយោជន៍សម្រាប់ពិភពលោក។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិនលើកឡើងនៅថ្ងៃដដែលថា ចិន សម្រេចចិត្តលែងទទួលស្គាល់ស្ថានភាពបច្ចុប្បន្ននៅតៃវ៉ាន់ ហើយចាប់ផ្តើមបង្កើនសម្ពាធលើដែនកោះនេះដែលអាចមានការប្រើកម្លាំងយោធាផងដើម្បីបង្រួបបង្រួម។

 
រដ្ឋាភិបាលចិនតែងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលបាត់ទៅ​ ហើយនឹងរកវិធីបង្រួបបង្រួមដោយសន្តិវិធី តែអាចនឹងប្រើកម្លាំងទៀតបើចាំបាច់។ បន្ទាប់ពីបក្សកុម្មុយនីស្តចិនបញ្ចប់សមាជរើសក្បាលម៉ាស៊ីនដឹកនាំថ្មីដែលលោក ស៊ី ជិនភីង បន្តតំណែងប្រធានបក្សដដែល រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ទាយថា ក្រុងប៉េកាំងទំនងប្រឹងបង្កើនសម្ពាធទាំងសន្តិសុខ និងការទូតដោយបញ្ចុះបញ្ចូលឱ្យរដ្ឋដទៃផ្តាច់ការទូតជាមួយក្រុងតៃប៉ិ។
 
ថ្លែងនៅព្រឹត្តិការណ៍មួយរៀបចំដោយទូរទស្សន៍ Bloomberg នាថ្ងៃទី២៦ ខែតុលា រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន លើកឡើងថាចិនលែងទទួលស្គាល់ស្ថានភាពបច្ចុប្បន្នដែលមានរយៈពេលជិតបួនទសវត្សរ៍មកនេះហើយ ដែលវាបញ្ចៀសកុំឱ្យអាម៉េរិក និងចិនឈ្លោះគ្នារឿងតៃវ៉ាន់។ 
 
ស្ថានភាពបច្ចុប្បន្ននេះសំដៅលើ នៅពេលអាម៉េរិកផ្តាច់ចំណងការទូតជាមួយតៃវ៉ាន់នៅឆ្នាំ១៩៧៩ ហើយទៅទទួលស្គាល់ចិនវិញ តែចាប់ពីពេលនោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានច្បាប់ទំនាក់ទំនងតៃវ៉ាន់ដែលមានសិទ្ធិផ្គត់ផ្គង់អាវុធឱ្យដែនកោះមួយនេះការពារខ្លួន។
 
«អ្វីដែលផ្លាស់ប្តូរនោះគឺ ការសម្រេចចិត្តដោយរដ្ឋាភិបាលក្រុងប៉េកាំងដែលថាស្ថានភាពបច្ចុប្បន្ននោះមិនអាចទទួលយកបានទៀតទេ ហើយថាពួកគេចង់ពន្លឿនការបង្រួបបង្រួមដោយដាក់សម្ពាធ»។ លោក ប្លីងខិន លើកឡើងបែបនេះ។ 
 
បើតាមប្រមុខការទូតអាម៉េរិក ​ចិនសម្រេចចិត្តលើការបង្ខិតបង្ខំ ហើយធ្វើឱ្យជីវិតប្រជាជនតៃវ៉ាន់ពិបាកគ្រប់បែបយ៉ាងដើម្បីពន្លឿនការបង្រួបបង្រួម។ ប្រសិនបើវិធីនេះមិនជោគជ័យ ក្រុងប៉េកាំងអាចនឹងប្រើកម្លាំងដើម្បីសម្រេចគោលដៅនេះផង។ លោក ប្លីងខិន បញ្ជាក់ថា នេះហើយជាអ្វីដែលផ្លាស់ប្តូរទាំងស្រុងទាក់ទងស្ថានភាពបច្ចុប្បន្ននៅតៃវ៉ាន់។ 
 
បើទោះតានតឹងជុំវិញបញ្ហាតៃវ៉ាន់ ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគី ចូ បៃដិន សង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយធ្វើការជាមួយគ្នាដើម្បីជាប្រយោជន៍ពិភពលោក។ 
 
«ចិនត្រៀមរួចរាល់ជាស្រេចដើម្បីធ្វើការជាមួយអាម៉េរិកស្វែងរកវិធីត្រឹមត្រូវឱ្យចុះសម្រុងជាមួយគ្នានៅក្នុងយុគសម័យថ្មីដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។ នេះបើតាមលិខិតរបស់មេដឹកនាំចិនដែលត្រូវបានអាននៅពិធីញាំអាហារពេលល្ងាចជុំគ្នាប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិមិនរកប្រាក់កម្រៃស្តីពីទំនាក់ទំនងអាម៉េរិក-ចិន (NCUSCR) នាទីក្រុងញូវយ៉កថ្ងៃទី២៦ ខែតុលា។
 
បើតាមសាររបស់លោក បៃដិនវិញ ប្រទេសមហាអំណាចទាំងពីរមានតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមសកលរួមមានដោះស្រាយវិបត្តិអាកាសធាតុ និងពង្រឹងសន្តិសុខសុខាភិបាលជុំវិញពិភពលោក។ ខណៈអាម៉េរិកបន្តលើកកម្ពស់ចក្ខុវិស័យរបស់ខ្លួនដែលផ្តោតលើពិភពលោកដោយសេរី បើកចំហ សុវត្ថិភាព វិបុលភាព ក៏ដូចជាប្រកួតប្រែងជាសកល លោក​ បៃដិន ក៏បានយកចិត្តទុកដាក់លើការប្រកួតប្រជែងរវាងប្រទេសទាំងពីរដោយការទទួលខុសត្រូវផងដែរ៕
 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com