ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន ដឹកនាំរដ្ឋមន្រ្តីការបរទេសអាស៊ានប្រជុំ ក្រោយការប៉ះទង្គិចនៅមីយ៉ាន់ម៉ា មានសភាពកាន់តែធ្ងន់ធ្ងរ
27, Oct 2022 , 4:39 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំ១ ដែលពាក់នឹងអាស៊ាន កាលពីខែកញ្ញា ឆ្នាំ២០២២។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំ១ ដែលពាក់នឹងអាស៊ាន កាលពីខែកញ្ញា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ 

ជម្លោះនៅមីយ៉ាន់ម៉ា ពុំបានថមថយឡើយ គឺមានតែកើនកម្តៅឡើង។ ដោយសារមើលឃើញស្ថានភាពអាក្រក់នេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏នាំគ្នាបើកកិច្ចប្រជុំពិសេស១ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។



កិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលលោក ប្រាក់ សុខុន ធ្វើជាប្រធាន មានគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុចរបស់អាស៊ាន ឲ្យកាន់តែប្រសើរឡើង។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលចេញក្រោយបញ្ចប់កិច្ចប្រជុំ។ តំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ ក៏ត្រូវបានស្នើឲ្យចូលរួមកិច្ចប្រជុំនេះដែរ តែគ្មានការឆ្លើយតប។
  

កិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ត្រូវបានរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ 

កិច្ចព្រមព្រៀងទាំង៥ចំណុច ដែលអាស៊ានសម្រេចរួមគ្នាកាលពីខែមេសា ឆ្នាំ២០២១ រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនានៅមីយ៉ាន់ម៉ា ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ទី៥ បេសកជនពិសេស ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។ 
 
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានផ្លាស់ប្តូរទស្សនៈគ្នា អំពីការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុច ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា អំពីការចាប់ផ្តើមទំនាក់ទំនងពេញលេញឡើងវិញរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន និងអំពីការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។ 
 
តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកឡើងថា ស្ថានភាពនៅមីយ៉ាន់ម៉ា នៅតែដុនដាប និងផុយស្រួយ មិនមែនដោយសារកង្វះការប្រឹងប្រែងរបស់អាស៊ាន ឬដោយសារកង្វះការប្រឹងប្រែងរបស់បេសកជនពិសេសនោះទេ តែដោយសារភាពស្មុគស្មាញនៃជម្លោះ ដែលអូសបន្លាយរាប់ទសវត្សរ៍មកហើយ។ យ៉ាងណា រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅតែប្តេជ្ញាចិត្ត ក្នុងការជួយមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយឲ្យបានឆាប់បំផុត។ 
 
ប្រសាសន៍របស់លោក ប្រាក់ សុខុន ដែលជាប្រធាននៃកិច្ចប្រជុំ និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«គួរតែដល់ពេលដែលយើង ត្រូវធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ាន ត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល»។ 
 
មុន១ថ្ងៃនៃការបើកកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន កម្ពុជា បានចេញសេចក្តីថ្លែងការណ៍១ ក្នុងនាមជាប្រធានអាស៊ាន ដើម្បីបង្ហាញក្តីបារម្ភពីព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើងនៅមីយ៉ាន់ម៉ា។ ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៦ ខែតុលា ប្រធានអាស៊ាន លើកឡើងថា អាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សានៅមីយ៉ាន់ម៉ានាពេលថ្មីៗនេះ ដូចជា ការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការែន និងការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជន ដែលបណ្តាលឲ្យមានអ្នករបួសនិងអ្នកស្លាប់ជាច្រើននាក់។ 
 
ប្រធានអាស៊ាន រំលេញឡើងក្នុងសេចក្តីថ្លែងការណ៍បែបនេះថា៖«យើង មានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងអ្នករបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅប្រទេសមីយ៉ាន់ម៉ា»។
 
បន្ថែមពីនេះ អាស៊ាន បង្ហាញសេចក្តីភ័យព្រួយចំពោះការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឲ្យស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងទាំង៥ចំណុចរបស់អាស៊ាន និងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ដែលបេសកជនពិសេសរបស់ប្រធានអាស៊ាន បានបំពេញកន្លងមកផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដដែល។ 
 
តាមរយៈសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន អាស៊ានទាំងមូល បានអំពាវនាវជាថ្មី ឲ្យគ្រប់ភាគីនៅមីយ៉ាន់មា អត់ធ្មត់ជាអតិបរមា បញ្ចប់ជាបន្ទាន់នូវការប្រើហិង្សា និងត្រូវដោះស្រាយដោយសន្តិវិធី។ 
 
មីយ៉ាន់ម៉ា មានការតវ៉ា និងផ្ទុះអំពើហិង្សា ចាប់តាំងពីលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាច កាលពីដើមឆ្នាំ២០២១មក។ គិតមកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានប្រជាជន២៣៩៤នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមនុស្ស១៥៩៦៨នាក់ ត្រូវចាប់ខ្លួន។ របាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយដោយសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners)៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com