អន្តរជាតិ
អាស៊ាន
តើមីយ៉ាន់ម៉ាមានរដ្ឋប្រហារយោធាប៉ុន្មានដង តាំងពីបានឯករាជ្យឆ្នាំ១៩៤៨?
29, Oct 2022 , 3:59 pm        
រូបភាព
មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង។ រូបថត AFP
មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង។ រូបថត AFP
មីយ៉ាន់ជាប្រទេសអាស៊ីអាគ្នេយ៍ដែលមានឈ្មោះល្បីល្បាញជុំវិញការស្ថិតក្រោមអំណាចយោធាផ្ដាច់ការ។ ក្រោយទទួលបានឯករាជ្យឆ្នាំ១៩៤៨ ប្រទេសនេះមានការធ្វើរដ្ឋប្រហារ២ដង។ ស្ថានភាពផ្ទៃក្នុងដែលសម្បូរដោយជនភាគតិចជាច្រើនក្រុមទាមទារស្វ័យភាពរៀងៗខ្លួន អំពើពុករលួយ ការលូកលាន់កិច្ចការនយោបាយរបស់យោធាមីយ៉ាន់ម៉ា សុទ្ធសឹងជាកត្តានាំឱ្យមានរដ្ឋប្រហារ។



មីយ៉ាន់ម៉ាបានទទួលឯករាជ្យពីអង់គ្លេសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៨ ដែលដឹកនាំការទាមទារដោយលោកឧត្តមសេនីយ៍ អ៊ុង សាន ជាឪពុកលោកស្រី អ៊ុងសាន ស៊ូជី។ ជាអកុសល លោក អ៊ុង សានត្រូវបានសម្លាប់តាំងពី ឆ្នាំ ១៩៤៧ មុនពេលប្រកាសឯករាជ្យពេញលេញ។ ក្រោយទទួលបានឯករាជ្យ មីយ៉ាន់ម៉ាដែលកាលនោះមានឈ្មោះភូមានៅឡើយ ត្រូវស្ថិតក្រោមការគ្របគ្រងរបស់លោក អ៊ូ នូ ជានាយករដ្ឋមន្ត្រីទីមួយ។
 
រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ អ៊ូ នូ បានជួបវិបត្តិជាច្រើនមិនអាច​រក្សា​បានការ​រួបរួមក្នុង​ប្រទេស​ដូចជាបញ្ហាក្រុម​ឧទ្ទាម​ជនជាតិភាគតិច​​បាន​បង្កើត​កម្លាំងប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាល អំពើពុករលួយ និងបញ្ហាសេដ្ឋកិច្ចធ្លាកចុះ​។ ការដោះស្រាយបញ្ហា​ទាំងនេះមិនបានបាននាំឱ្យមានការធ្វើរដ្ឋប្រហារលើកទី១ នៅខែមីនា ឆ្នាំ១៩៦២ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ នេ វីន។ 
 
ក្រោមរបបយោធារបស់ លោក នេ វីន មីយ៉ាន់ម៉ាត្រូវស្ថិតក្រោមការគ្រប់គ្រងបែបផ្ដាច់ការ។ នៅឆ្នាំ ១៩៨៨ ប្រជាជនបានចាប់ផ្ដើមងើបបះបោរប្រឆាំងនឹងរបបលោក នេ វីន ខណៈបក្សប្រឆាំងធំជាងគេជាបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ ត្រូវបានដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ លោក នេ វីន ក៏បានលាលែងពីតំណែងមេដឹកនាំនៅឆ្នាំ ១៩៨៨។ យ៉ាងណាមិញ មីយ៉ាន់ម៉ា នៅតែស្ថិតក្រោមការគ្រប់គ្រងយោធា ព្រោះកងទ័ពមិនបានបោះបង់អំណាចឡើយ ហើយថែមទាំងចាប់មេដឹកនាំបក្សប្រឆាំងមានលោកស្រី ស៊ូជី ឃុំខ្លួននៅផ្ទះទៀតផង។ 
 
ស្ថិតក្រោមការដឹកនាំរបស់យោធាដោយផ្ទាល់ជិត៥០ឆ្នាំ មីយ៉ាន់ម៉ាក៏ស្គាល់ពន្លឺប្រជាធិបតេយ្យនៅឆ្នាំ ២០១១ ក្រោយការបោះឆ្នោតឆ្នាំ២០១០។ រដ្ឋាភិបាលពាក់កណ្ដាលស៊ីវិលត្រូវបានបង្កើតឡើងជាថ្មី និងដឹកនាំដោយប្រធានាធិបតី ថេន សេន​ ដែលជាអតីតឧត្តមសេនីយ៍។ មីយ៉ាន់ម៉ា ក៏ស្គាល់ការដឹកនាំរបស់ស៊ីវិលលើកដំបូងនៅឆ្នាំ២០១៥ នៅឆ្នាំ២០១៥ គណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ លោកស្រី ស៊ូជី បានជាប់ឆ្នោតវិញម្ដង។ លោក Htin Kyaw ត្រូវតែងតាំងជាប្រធានាធិបតី ហើយលោកស្រី ស៊ូជី ជាទីប្រឹក្សារដ្ឋ។ ក្រោមការដឹកនាំរបស់លោកស្រី ស៊ូជី ការរិះគន់ពីសំណាកអន្តរជាតិត្រូវបានលេចឮជាច្រើន ជុំវិញការធ្វើទុកបុកម្នេញលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
 
ទោះយ៉ាងណា បក្សលោកស្រី ស៊ូជី នៅតែបន្តជាប់ឆ្នោតក្នុងអាណត្តិថ្មីម្ដងទៀតឆ្នាំ ២០២០ ដោយទទួលបានសំឡេងគាំទ្រប្រហែល៨៣ភាគរយ។ ជាមួយលទ្ធផលឆ្នោតនោះ យោធាមីយ៉ាន់ម៉ាមិនពេញចិត្ត មិនទទួលស្គាល់ហើយបានចោទថាគណៈកម្មាធិការរៀបចំការបោះឆ្នោតលួចបន្លំសន្លឹកឆ្នោត។ យោធាមីយ៉ាន់ម៉ាបានទទូចឱ្យមានការស៊ើបអង្កេត ឬការបោះឆ្នោតឡើតវិញ។ ទីបំផុតការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាបានកើតឡើងជាលើកទី២ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ មីង អ៊ុងឡាំង។ 
 
ក្រោយការធ្វើរដ្ឋប្រហាររបស់លោក មីង អ៊ុងឡាំង មីយ៉ាន់ម៉ាប្រឈមនឹងការប្រតិកម្ម និងការដាក់សម្ពាធពីបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក ពិសេសប្រទេសលោកខាងលិច។ យោធាបានឃុំខ្លួនប្រធានាធិបតី និងលោកស្រី ស៊ូជី ព្រមទាំងសមាជិកបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យជាច្រើនរូបទៀត ហើយបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរងចាំការរៀបចំការបោះឆ្នោតឡើងវិញបន្ទាប់មកនឹងផ្ដល់អំណាចទៅឱ្យគណបក្សជាប់ឆ្នោតថ្មី។ 
 
យ៉ាងណាមិញ ការពិតមិនដូចការសន្យាឡើយ។ មកទល់ពេលនេះ ស្ថានភាពហិង្សានៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ឡើង បើទោះសហគមន៍អន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងអាស៊ាន ស្នើឱ្យមានដោះស្រាយប្រកបដោយសន្តិវិធី និងអនុវត្តតាមចំនុចឯកច្ឆន្ទទាំង៥ របស់អាស៊ានក៏ដោយ។ 
 
មីយ៉ាន់ម៉ាមិនបានគោរពតាមការព្រមព្រៀង ៥ចំនុចដែលរួមមានទី១ បញ្ឈប់អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន។ ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា។ ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន។ ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។ 
 
គិតមកដល់ខែតុលា ឆ្នាំ២០២២ ប្រជាជនមីយ៉ាន់ម៉ាជាង២ពាន់នាក់ត្រូវបានសម្លាប់ និងប្រហែល ១៥០០០នាក់ត្រូវចាប់ខ្លួន។ នេះបើតាមរបាយការណ៍សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា៕
 

Tag:
 (មីយ៉ាន់ម៉ា
  អាស៊ាន)
© រក្សាសិទ្ធិដោយ thmeythmey.com