កីឡាអន្តរជាតិ
អន្តរជាតិ
Suarez ជួយក្រុម Nacional ដែលធ្លាប់លេងតាំងពីក្មេង ឈ្នះជើងឯកលីគកំពូលអ៊ុយរូហ្គាយ
31, Oct 2022 , 2:49 pm        
រូបភាព
Luis Suarez ជួយ Club Nacional លើកពានរង្វាន់ Primera Division នៃលីគកីឡាបាល់ទាត់កំពូលអ៊ុយរូហ្គាយលើកទី​ ៤៩។ អតីតខ្សែប្រយុទ្ធឆ្នើម Barcelona រូបនេះ ដើរតួរយ៉ាងសំខាន់ និងក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត ដោយជួយក្រុមដែលរូបគេធ្លាប់លេងតាំងពីកុមារភាពមួយនេះ យកឈ្នះ Liverpool FC លទ្ធផល ៤-១ ដើម្បការពារជើងឯករបស់ខ្លួន។


 
​Suarez ម្ចាស់ស្បែកជើងមាស ​Premier League រដូវកាល ២០១៤ បានចាកចេញពីក្រុម Atletico Madrid កាលពីខែកក្កដា នឹងបានចូលរួមជាមួយក្រុមចាស់ដែលគេធ្លាប់លេងតាំងពីវ័យក្មេង Club Nacional សម្រាប់រដូវកាល ២០២២ នេះ។ ​Suarez ស៊ុតបាន ៦គ្រាប់ឱ្យក្រុមយក្សអ៊ុយរូហ្គាយមួយនេះក្រោយបង្ហាញខ្លួនបាន ១៣លើក។
 
នេះជាការឈ្នះពានរង្វាន់លីគកំពូលអ៊ុយរូហ្គាយជាលើកទីពីរហើយសម្រាប់ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ដែលហាក់បីដូចមានអាជីពមួយដ៏ភ្លឺស្វាងនៃបាល់ទាត់ ខណៈរូបគេធ្លាប់ឈ្នះពាននេះជាមួយ ​Club Nacional ក្នុងរដូវកាល ២០០៥-០៦ម្តងរួចហើយ។
 
Club Nacional គ្រងជើងឯកក្រោយយកឈ្នះលើក្រុម ​Liverpool FC ៤-១ នាកីឡដ្ឋាន Centenario ក្នុងទីក្រុង Montevideo ដោយអតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះបានស៊ុតគ្រាប់បាល់បើកឆាកនៅនាទី៥០ និងគ្រាប់ទីពីរនៅនាទីបន្ថែមម៉ោង ១៥នាទី ពីរដង ពោលនៅនាទី៩៦ មុនមិត្តរួមក្រុម Emanuel Gigliotti ស៊ុតបន្ថែម ២គ្រាប់នាទី១០៧ និង ១១៣ ក្រោយប្តូរចូលនៅនាទី៩១។
 
Primera Division ជាពានរង្វាន់ទី ២០ហើយសម្រាប់អាជីពរបស់ ​Suarez ដោយក្នុងនោះក៏រួមមានពានរង្វាន់ ​La Liga ៥លើក និង Champions League ១លើកអំឡុងលេងឱ្យ ​Barca។ Suarez ចាកចេញពីអ៊ុយរូហ្គាយឆ្នាំ ២០០៦ ទៅចូលរួមជាមួយ FC Groningen មុនផ្លាស់ទៅ Ajax Amsterdam ឆ្នាំ ២០០៧ ជាកន្លែងដែលគេឈ្នះពាន Eredivisie។
 
បុរសវ័យ ៣៥រូបនេះត្រូវបានក្លិប Liverpool របស់អង់គ្លេសនាំយកទៅពីក្រុម Ajax ក្នុងឆ្នាំ ២០១១ ជាទីកន្លែងដែលរូបគេបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពបាល់ទាត់ ដោយរូបគេស៊ុតបាន ៨២គ្រាប់ពីការបង្ហាញខ្លួន ១៣៣លើកឱ្យក្រុមហង្សក្រហម។ Suarez បានលេងនៅប្រទេសអេស្ប៉ាញរយៈពេល ៨ឆ្នាំ មុនវិលត្រលប់មកប្រទេសកំណើតវិញ។ 
 
តែទោះជាយ៉ាងណា ក្រោយពីបញ្ចប់រដូវកាល ២០២២ នេះ Suarez ក៏នឹងចាកចេញពីក្រុម ដោយមិនទាន់មានដំណឹងណាមួយនៅឡើយទេសម្រាប់អនាគតនៃអាជីពជាកីឡាកររបស់អតីតកីឡាករក្រុម Atletico Madrid រូបនេះ៕
 
 
 

Tag:
 Luiz Suarez
  Club Nacional
© រក្សាសិទ្ធិដោយ thmeythmey.com