អន្តរជាតិ
ប៉ូលិសកូរ៉េខាងត្បូងសារភាពពីបរាជ័យក្នុងការគ្រប់គ្រងនៅសង្កាត់Itaewon
31, Oct 2022 , 3:49 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រធានទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី៣១ ខែតុលា បានសារភាពថា មន្រ្តីប៉ូលិស មិនអាចមើលឃើញជាមុនឡើយពីឧបទ្ទវហេតុនៅសង្កាត់ Itaewon ក្នុងក្រុងសេអ៊ូល កូរ៉េខាងត្បូង។ បើតាមមន្រ្តីប៉ូលិសជាន់ខ្ពស់រូបនេះ លោកត្រូវបានប្រាប់ថា ប៉ូលិសក្នុងសង្កាត់ Itaewon មិនបានដឹងពីកំណើនមនុស្សចូលរួមដ៏រហ័សនៅទីនោះឡើយ។



 
មនុស្សយ៉ាងហោចណាស់ ១៥៤រូប ដែលភាគច្រើនជាយុវជនវ័យជាង ២០ឆ្នាំ បានស្លាប់នៅក្នុងឧបទ្ទវហេតុជាន់គ្នានាសង្កាត់ Itaewon ក្នុងក្រុងសេអ៊ូល។ ក្នុងយប់ថ្ងៃទី២៩ ខែតុលា មនុស្សប្រមាណ១០ម៉ឺននាក់ បានចូលរួមពិធីបុណ្យ Halloween ក្នុងសង្កត់នោះ។ 
 
ក្រោយហេតុការណ៍ដ៏អាក្រក់កើតឡើង ប្រធានទីភ្នាក់ងារប៉ូលិសជាតិ លោក Hong Ki-hyun បានសារភាពពីបរាជ័យ ក្នុងការប្រមើលជាមុនថា អាចមានករណីស្លាប់នៅក្នុងការជួបជុំនាសង្កាត់ Itaewon។ 
 
«វាត្រូវបានរំពឹងទុកថា មនុស្សជាច្រើននាក់ត្រូវជួបជុំគ្នានៅទីនោះ (Itaewon) ប៉ុន្តែយើងមិនបានគិតទុកជាមុនឡើយថា ករណីមនុស្សស្លាប់ អាចកើតមាន ដោយសារចំនួនមនុស្សច្រើន»។ លោក Hong បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាននាការិយាល័យរបស់លោក។ 
 
បើតាមមន្រ្តីជាន់ខ្ពស់ប៉ូលិសរូបនេះ ការជួបជុំក្នុងពិធីបុណ្យ Halloween ក្នុងឆ្នាំ២០២២ គឺមានចំនួនប្រហាក់ប្រហែល ឬលើសបន្តិចបន្តួចទៅនឹងឆ្នាំមុនៗ ប៉ុន្តែវាមិនមានទិន្នន័យបញ្ជាក់ពីអត្រាកើនឡើងដ៏លឿនពីចំនួនប្រជាជនចូលរួមក្នុងឆ្នាំនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
មិនតែប៉ុណ្ណោះ លោក Hong ត្រូវបានប្រាប់ថា មន្រ្តីប៉ូលិសក្នុងសង្កាត់ Itaewon មិនបានដឹងពីកំណើនមនុស្សចូលរួមដ៏លឿននោះទេ ហើយលោកបានត្រឹមបង្ហាញការសោកស្តាយប៉ុណ្ណោះ។ ទន្ទឹមនេះ មន្រ្តីប៉ូលិសកូរ៉េខាងត្បូងរូបនេះ បានអះអាងថា ប៉ូលិសចំនួន ១៣៧រូប ត្រូវបានបញ្ជូនទៅតំបន់ Itaewon នៅយប់ថ្ងៃទី២៩ ខែតុលា ខណៈចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ១០១៩ មន្រ្តីប៉ូលិស ដែលត្រូវបានពង្រាយមានត្រឹមចន្លោះពី ៣៧រូប ទៅ៩០រូបប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា ក្រោយឧបទ្ទវហេតុខាងលើ មនុស្សជាច្រើនរូប បានយកផ្កា និងកាដូ យកទៅដាក់នៅសង្កាត់ Itaewon ដើម្បីចូលរួមរំលែកទុក្ខចំពោះមនុស្សស្លាប់។ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានទៅចូលរួមរំលែកទុក្ខផង។ ហេតុការណ៍ខាងលើ ជាមហន្តរាយដ៏អាក្រក់បំផុតរបស់កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៤ មក ដែលស្រឡាង Sewol បានលិច និងបង្កឱ្យមានមនុស្សស្លាប់ចំនួន ៣០៤នាក់៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com