អន្តរជាតិ
កូរ៉េខាងត្បូងបន្តសមយុទ្ធដែនអាកាសជាមួយអាម៉េរិកប្រឆាំងការគំរាមពីកូរ៉េខាងជើង
31, Oct 2022 , 5:19 pm        
រូបភាព
រូបថត AFP
រូបថត AFP
អាម៉េរិក និងកូរ៉េខាងត្បូងបើកសមយុទ្ធផ្លូវអាកាសរួមគ្នា៥ថ្ងៃចាប់ពីថ្ងៃទី៣០ ខែតុលា ដែលជាលំហាត់យោធានៅដែនអាកាសដ៏ធំបំផុត និងចូលរួមពីយន្តហោះចម្បាំងរាប់រយគ្រឿងពីភាគីទាំងសងខាង។ បើតាមការប្រកាសរបស់ប្រទេសទាំងពីរនេះ សមយុទ្ធបែបនេះពិតជាចាំបាច់ណាស់ដើម្បីទប់ទល់ការគំរាមពីកូរ៉េខាងជើង។

 
សមយុទ្ធ Vigilant Storm ចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលាដល់ថ្ងៃទី៤ ខែវិច្ឆិកា។ សមយុទ្ធនោះនឹងបង្ហាញយន្តហោះចម្បាំងប្រហែល២៤០គ្រឿង ហើយធ្វើប្រតិបត្តិការប្រហែល១៦០០ប្រភេទ។ សមយុទ្ធ Vigilant Storm នឹងរួមមានប្រភេទយន្តហោះចម្បាំងបំបាំងកាយ F-35 ពីអាម៉េរិក និងកូរ៉េខាងត្បូងផងដែរ។ អូស្ត្រាលី​ក៏​នឹង​ដាក់​ពង្រាយ​យន្តហោះ​ចាក់​ប្រេង​តាម​អាកាស​សម្រាប់​សមយុទ្ធ​នេះ​ដែរ។
 
«កងទ័ពអាកាសអាម៉េរិក និងកូរ៉េខាងត្បូងនឹងធ្វើការរួមគ្នាជាមួយកងកម្លាំងរួមដើម្បីបំពេញបេសកកម្មដែនអាកាសសំខាន់ៗដូចជា ប្រតិបត្តិការគាំទ្រនៅដែនអាកាស ការការពារនៅដែនអាកាស និងប្រតិបត្តិការសង្រ្គោះបន្ទាន់នៅដែនអាកាសចំនួន២៤ម៉ោងក្នុងមួយថ្ងៃអំឡុងពេលហ្វឹកហាត់»។ សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសអាម៉េរិកសរសេរបែបនេះដោយបញ្ជាក់ថា កងកម្លាំងគាំទ្រនៅលើដីក៏នឹងហ្វឹកហ្វឺនរបៀបការពារមូលដ្ឋានរបស់គេ និងវិធីការពារជីវិតក្នុងករណីរងការវាយប្រហារ។ 
 
ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះលើកឡើងថា ការហ្វឹកហ្វឺនរួមគ្នាជាការចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏ខ្លាំងក្លាពីកូរ៉េខាងជើង ដែលបានធ្វើសមយុទ្ធបាញ់មីស៊ីលជាច្រើនគ្រាប់នៅឆ្នាំនេះ ហើយតែងត្រៀមលក្ខណៈសាកល្បងនុយក្លេអ៊ែរឡើងវិញ។
 
យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានថ្កោលទោសសមយុទ្ធរួមគ្នាថាជាការហាត់សមសម្រាប់ការលុកលុយ និងជាព័ស្តុតាងនៃគោលនយោបាយអរិភាពរបស់ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល។ កាលពីថ្ងៃទី២៨ ខែតុលា កងទ័ពកូរ៉េខាងត្បូងទើបតែបញ្ចប់លំហាត់ហ្វឹកហ្វឺន Hoguk 22 ប្រចាំឆ្នាំដែលមានរយៈពេល១២ថ្ងៃ ហើយចូលរួមដោយកងទ័ពអាម៉េរិកខ្លះដែរ។ 
 
ក្នុងការតវ៉ាចំពោះសមយុទ្ធនាពេលថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីល ធ្វើសមយុទ្ធតាមអាកាស និងបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ៕
 
 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com