ជាតិ
លោក ម៉ុង ឫទ្ធី៖ អ្នកដែលយកលេសថា កម្ពុជាខ្វះសាច់ជ្រូក មកពីពួកគេចង់នាំចូលតែម្ដង
31, Oct 2022 , 9:59 pm        
រូបភាព
  លោក ម៉ុង ឫទ្ធី នៅក្នុងសក្ខាសាលាស្តីពី បច្ចេកវិទ្យាទំនើបលើវិស័យចិញ្ចឹមសត្វ និងមហាសន្និបាតរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី ២៨ ខែតុលា។ រូបពី ហ្វេសបុករបស់លោក
លោក ម៉ុង ឫទ្ធី នៅក្នុងសក្ខាសាលាស្តីពី បច្ចេកវិទ្យាទំនើបលើវិស័យចិញ្ចឹមសត្វ និងមហាសន្និបាតរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី ២៨ ខែតុលា។ រូបពី ហ្វេសបុករបស់លោក
ភ្នំពេញ៖ ក្នុងនាមជាជំនាញផ្នែកកសិកម្ម និងចិញ្ចឹមសត្វ លោកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា អ្នកដែលយកលេសខ្វះសាច់ជ្រូក មកពីពួកគេចង់នាំចូលជ្រូកមកកម្ពុជា។ លោក សង្កត់ធ្ងន់ថា ប្រទេសដែលចង់តែនាំចូល មិនងាយរីកចម្រើននោះទេ។ 



នៅក្នុងសក្ខាសាលាស្តីពី បច្ចេកវិទ្យាទំនើបលើវិស័យចិញ្ចឹមសត្វ និងមហាសន្និបាតរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី ២៨ ខែតុលា លោកឧកញ៉ា ម៉ុង ឫទ្ធី បានលើកពីបទពិសោធន៍ អតីតកាល ដែលកម្ពុជាមានបញ្ហាខ្វះខាតសាច់ជ្រូកសម្រាប់បរិភោគ ជាងបច្ចុប្បន្ន តែពលរដ្ឋ អាចយកខ្យង ក្ដាម កង្កែប និងត្រី ធ្វើជាអាហារជំនួសសាច់ជ្រូកបាន។ 


រូបពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
 
បើតាមលោក ម៉ុង ​ឫទ្ធី មកដល់បច្ចុប្បន្ន មនុស្សមួយចំនួន នៅតែនិយាយថាកម្ពុជា ខ្វះសាច់ជ្រូក។ សម្រាប់លោក ឫទ្ធី អ្នកនិយាយថា កម្ពុជាខ្វះសាច់ជ្រូក គ្រាន់តែជាលេស ដើម្បីចង់នាំចូលជ្រូកមកកម្ពុជាប៉ុណ្ណោះ។ 
 
លោក ម៉ុង ឫទ្ធី អះអាងថា​ ការពឹងផ្អែកលើផលិតផលនាំចូលពីបរទេស ពុំបានជួយឱ្យជាតិរីកចម្រើននោះទេ។ ដូច្នេះ លោក ណែនាំដល់បន្តវេនទាំងអស់ កុំចង់តែនាំចូលពេក ហើយគួរងាកមកពង្រឹងសមត្ថិភាពផលិត និងកែច្នៃ ដោយខ្លួនឯងវិញ។ 
 
លោក មានប្រសាសន៍ដូច្នេះថា៖«កាលពីដើមមក យើងខ្វះជាងនេះទៅទៀត ហើយតែយើងហូប ខ្យង ក្ដាម កង្កែប ត្រី អីជំនួសបានទេតើ។ ប៉ុន្តែ អ្នកដែលយកលេសថាខ្វះសាច់ជ្រូកៗ ចង់នាំចូលនោះ គឺមកពីចង់នាំចូលហ្នឹងតែម្ដង ហើយប្រទេសដែលចង់តែនាំចូលនោះ មិនងាយរីកចម្រើននោះទេ»។ 
 
ជិត២ខែមកនេះ កម្ពុជាពុំមានការលួច ឬនាំចូលផ្លូវការពីបរទេសនោះទេ ដោយសារជ្រូកក្នុងស្រុកតាមតម្លៃថោកជាងប្រទេសជិតខាង។ សព្វថ្ងៃ វិស័យចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជា កំពុងកើនឡើង នាំឱ្យលើសតម្រូវការ ខណៈកសិករខ្លះប្រឈមខាតបង់ធ្ងន់ធ្ងរ។ នេះជាការបញ្ជាក់របស់ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាប្រាប់សារព័ត៌មាន ថ្មីៗ២៥ កន្លងទៅ៕  
 
 
 
 
 
 
 
 
 
 

Tag:
 កសិកម្ម
  ជ្រូក
  លោក ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com