ជាតិ
អាស៊ាន
នាយករដ្ឋមន្រ្តីចិន មកចូលប្រជុំអាស៊ាននៅកម្ពុជា
31, Oct 2022 , 6:19 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទទួលស្វាគមន៍លោក លី ខឹឈាំង នាយករដ្ឋមន្រ្តីចិន ពេលលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៨។ រូបពី AFP
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទទួលស្វាគមន៍លោក លី ខឹឈាំង នាយករដ្ឋមន្រ្តីចិន ពេលលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៨។ រូបពី AFP
ដោយ៖ ទេពញាណ

លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)។



បើតាមទទក លោក លី ខឹឈាំង នឹងមានវត្តមាននៅកម្ពុជារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយភរិយារបស់លោក ក៏នឹងមកជាមួយលោកដែរ។ 
 
ក្រៅពីមេដឹកនាំចិន មេដឹកនាំប្រទេសមហាអំណាចផ្សេងទៀត ក៏បានប្រកាសពីការចូលរួមរបស់ពួកគេ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាដែរ។ សេតវិមានប្រធានាធិបតីអាម៉េរិក ទើបនឹងប្រកាសថា លោកប្រធានាធិបតី ចូ បៃឌិន នឹងមានវត្តមាននៅកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ 
 
ជាមួយគ្នានេះ មេដឹកនាំប្រទេសមហាអំណាចផ្សេងទៀត មិនទាន់សម្រេចចិត្តនៅឡើយទេ។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចុះជូបប្រជាកសិករតាមជនបទនាពេលថ្មីៗនេះ ថា កម្ពុជា កំពុងរង់ចាំការឆ្លើយតបពីលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ថា តើលោកប្រធានាធិបតី ឬតំណាងរុស្ស៊ី នឹងអញ្ជើញមកចូលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាដែរឬទេ។ 
 
សូមបញ្ជាក់ ក្នុងនាមប្រធានអាស៊ាន និងជាម្ចាស់ផ្ទះ កម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕ 
 

Tag:
 អាស៊ាន
  ចិន
  លី ខឹឈាំង
© រក្សាសិទ្ធិដោយ thmeythmey.com