ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឈប់​បារម្ភ​ ! តិច​និក​ថែ​ស្បែក​មុខ កុំ​ឲ្យ​ឡើង​អាចម៍រុយ​ទៀត
31, Oct 2022 , 11:29 pm        
រូបភាព
ប្រសិនបើ​អ្នក​សង្កេត​ឃើញ​ថា ស្បែក​មុខ​របស់​អ្នកមាន​ស្នាម​អុច​ខ្មៅ ឬ អាចម៍រុយ អ្នក​មិន​ត្រូវ​មើល​រំលង​វិធី​ដោះស្រាយ​ដោយ​ធម្មជាតិ​នោះ​ទេ​។ ភាគច្រើន​នៃ​អាច​ន៍​រុយ (​ក្រៅពី​មហារីក​) មិនមែន​ជា​អ្វី​ដែល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។ វា​គ្រាន់តែ​ធ្វើ​ឱ្យ​យើង​មិនសូវ​ស្អាត និង បាត់បង់​ភាព​ជឿជាក់​លើ​ខ្លួនឯង​ប៉ុណ្ណោះ​។ អ្នក​អាច​ដោះស្រាយ​វា​បាន​ដោយ​ការ​ទៅ​ពេទ្យ​។ តែ​ប្រសិនបើ​អ្នក​ចង់​សាក​ដោះស្រាយ​ដោយ​ខ្លួន​អ្នក​សិន អ្នក​អាច​ដឹង​វា​បាន​នៅ​ថ្ងៃនេះ ​។

 
អ្វី​ដែល​មនុស្ស​ស្រី​ខ្វល់​បំផុត​នោះ​គឺ មុខ​ឡើង​អាចម៍រុយ និង​មុន អាច​ដោយសារ​មក​ពី​កត្តា​តំណពូជ និង​ដោយសារ​មក​ពី​ត្រូវ​កម្តៅថ្ងៃ​ច្រើន ។
 
តើ​យើង​គួរ​ថែទាំ​ស្បែក​មុខ​បែប​ម៉េច​ដើម្បី​កុំឱ្យ​ឡើង​អាចម៍រុយ​កាន់តែ​ច្រើន ឬ​ដើម្បី​កាត់​បន្ថយអាចម៍រុយ​ច្រើន​ពេក ?
 
ហេតុ​អ្វី​មុខ​យើង​ឡើង​អាចម៍រុយ​?
យោង​តាម​គ្រូពេទ្យ​រោគ​សើ​ស្បែក​បានឱ្យ​ដឹង​ថា អាចម៍រុយ​កើតឡើង​ដោយសារ​កត្តា​ហ្សែ​ន ។ ថ្វី​ត្បិត​តែ​យើង​កើតមក​អត់​មាន​អាចម៍រុយ តែ​ហ្សែ​ន​របស់​យើង​ជា​អ្នក​កំណត់ ហើយ​នៅ​ពេល​យើង​ត្រូវ​កម្តៅថ្ងៃ​ច្រើន ស្បែក​របស់​យើង​នឹង​ឡើង​អាចម៍រុយ​ដោយសារ​តែ​ពន្លឺ​ថ្ងៃ​ជំរុញ​កោសិកា​មេ​ឡា​ណូ​ស៊ី​ត​ឲ្យ​ផលិត​សារធាតុ​ពណ៌​មេឡានីន ដែល​ផ្តល់​ពណ៌​ដល់​ស្បែក​ច្រើន​។
ការណ៍​នេះ​ដោយសារ​អាចម៍រុយ​មាន​ទំនាក់ទំនង​នឹង​ហ្សែ​ន​ដែល​គ្រប់គ្រង​ពណ៌​ស្បែក និង​សក់​របស់​យើង​។ ហ្សែ​ន MC1R គ្រប់គ្រង​បរិមាណ​សារធាតុ​ពណ៌​មេឡានីន​ទាំង​ពីរ​ប្រភេទ​ដែល​កោសិកា​មេ​ឡា​ណូ​ស៊ី​ត​ផលិត​។
 
សារធាតុ​ពណ៌​មេឡានីន​ទាំង​ពីរ​ប្រភេទ​មាន​ដូច​ជា អឺ​មេឡានីន (eumelanin) ដែល​មាន​ពណ៌​ត្នោត​ចាស់ និង​ភី​អូ​មេឡានីន (pheomelanin) ដែល​មាន​ពណ៌​ទឹកក្រូច​។
សារធាតុ​ពណ៌​មេឡានីន​ទាំង​ពីរ​ប្រភេទ​មាន​ដូច​ជា​អឺ​មេឡានីន (eumelanin) ដែល​មាន​ពណ៌​ត្នោត​ចាស់ និង​ភី​អូ​មេឡានីន (pheomelanin) ដែល​មាន​ពណ៌​ទឹកក្រូច​។
ប្រសិនបើ​ហ្សែ​ន MC1R របស់​យើង​អសកម្ម កោសិកា​មេ​ឡា​ណូ​ស៊ី​ត​នឹង​ផលិត​ភី​អូ​មេឡានីន​ច្រើន ហើយ​ធ្វើ​ឱ្យ​យើង​មាន​សក់​ពណ៌​រាង​ក្រហម ឬ​ពណ៌​ទង់ដែង និង​មាន​ស្បែក​ពណ៌​លឿង​ដែល​យើង​ហៅ​សាមញ្ញ​ថា ស ហើយ​ងាយ​នឹង​ឡើង​អាចម៍រុយ ព្រោះ​ភី​អូ​មេឡានីន​មិន​មិន​អាច​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​របស់​កាំរស្មីព្រះអាទិត្យ​ទេ​។
ជាក់ស្តែង ខាងក្រោម​នេះ​ជា​តិច​និក​ថែរក្សា​ស្បែក​មុខ​កុំឱ្យ​ឡើង​អាចម៍រុយ​កាន់តែ​ច្រើន ឬ​ដើម្បី​កាត់​បន្ថយ​ពណ៌​របស់​អាចម៍រុយ ៖
 
១. ចៀសវាង​ត្រូវ​កម្តៅថ្ងៃ

កាលណា​ស្បែក​មុខ​យើង​ត្រូវ​ពន្លឺ​ថ្ងៃ​យូរ អាចម៍រុយ​នៅ​លើ​មុខ​នឹង​ឡើង​កាន់តែ​ច្រើន ហើយ​ឡើង​កាន់តែ​ដិត​។ ដូច្នេះ​យើង​ត្រូវ​ចៀសវាង​ហាលថ្ងៃ​នៅ​ចន្លោះ​ពី​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៤ ល្ងាច​ដែល​ជា​ពេល​ពន្លឺព្រះអាទិត្យ​មាន​កម្តៅ​ខ្លាំង​។
ការ​ធ្វើ​បែប​នេះ​ក៏​អាច​ជួយ​ការពារ​ស្បែក​មុខ ពី​ការ​ការ​ឡើង​អាចម៍រុយ​កាន់តែ​ច្រើន និង​ជួយ​កាត់​បន្ថយ​ពណ៌​អាចម៍រុយ​នៅ​លើ​ស្បែក​មុខ​របស់​យើង​ដែរ​។
 
ប្រសិនបើ​យើង​ត្រូវ​ចេញ​ក្រៅ យើង​ត្រូវ​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ដែល​មាន SPF ចាប់ពី ៣០ ឡើង​ទៅ ហើយ​អាច​ការពារ​បាន​ទាំង​កាំរស្មី UVA និង UVB មុន ៣០ នាទី​។ ពិសេស​ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​ពាក់មួក​ដែល​មាន​គែម​ធំ​ទូលាយ ឬ​ត្រូវ​ប្រើ​ឆ័​ត្រ​ដើម្បី​ការពារ​ស្បែក​មុខ​យើង​ពី​ពន្លឺ​ថ្ងៃ​។
 
២. ខាត់​ស្បែក​មុខ​ឱ្យ​បាន​ទៀងទាត់

ការ​ខាត់​ស្បែក​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ជម្រុះ​កោសិកា​ស្បែក​ងាប់​ចេញ ធ្វើ​ឱ្យ​ស្បែក​មុខ​យើង​មាន​សុខភាព​ល្អ និង​ជួយ​កាត់​បន្ថយ​ពណ៌​របស់​អាចម៍រុយ​នៅ​លើ​មុខ​។ ការ​ខាត់​ស្បែក​ក៏​ជួយ​ឱ្យ​ស្បែក​មុខ​របស់​យើង​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​ផលិតផល​ថែ​មុខ​ផ្សេង​ៗ​បាន​ល្អ​ដែរ​។
 
៣. ចៀសវាង​ប្រើ​ផលិតផល​មាន​សមាសធាតុ​ផ្សំ​ពី Retinol

លោកស្រី​វេជ្ជបណ្ឌិត Jaliman ឯកទេស​រោគ​សើ​ស្បែក​បាន​លើក​ឡើង​ថា អ្នក​ដែល​មុខ​ឡើង​អាចម៍រុយ​គួរ​កែប្រែ​ទម្លាប់​ថែរក្សា​ស្បែក​មុខ ។ ការ​ប្រើ​ផលិតផល​ដែល​មាន​សមាសធាតុ​ផ្សំ​ពី Retinol (​វីតាមីន A) អាច​ធ្វើ​ឱ្យ​ស្បែក​របស់​យើង​ងាយ​ប្រតិកម្ម​នឹង​ពន្លឺព្រះអាទិត្យ ។ ប្រសិនបើ​យើង​ចង់​ប្រើ​ផលិតផល​ដែល​មាន​សមាសធាតុ​ផ្សំ​ពី Retinol យើង​គួរ​ប្រើ​តែ​នៅ​ពេល​យប់​ដើម្បី​ចៀសវាង​ត្រូវ​ពន្លឺ​ថ្ងៃ​។
 
៤.ពិនិត្យ​មើល​របប​អាហារ​អ្នក​ឡើង​វិញ
 
អ្វី​ដែល​អ្នក​ញ៉ាំ អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​របស់​អ្នក​។ ត្រូវ​ប្រាកដ​ថា អ្នក​កំពុង​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ល្អ​សម្រាប់​ស្បែក​។ វា​អាច​ជួយ​ការពារ​ការ​ឡើង​ស្នាម​អុច​ខ្មៅ និង បន្ថយ​អាកា​រៈ ដោយសារ​ការ​ទប់ស្កាត់​ទៅ​លើ​ការ​ស្ត្រេ​ស​លើ​កោសិកា ដែល​បណ្តាល​មក​ពី អ​តុល្យភាព​អ័រម៉ូន ការ​ឆ្លង​មេរោគ និង​ការ​ប៉ះពាល់​នឹង​កម្តៅ​ព្រះអាទិត្យ​។ អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ឡើង​ស្នាម​អុច​ខ្មៅ គឺ ផ្លែ​ទទឹម​, ស្ពៃ​ខ្មៅ​, ខាត់ណា​និង​ការ៉ុត​។ ពួក​គេ​អាច​ផ្តល់​ឱ្យ​រាង​កាយ​របស់​អ្នក​នូវ​វីតាមីន ជាតិ​រ៉ែ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ខ្លាញ់​ល្អ​ដែល​ស្បែក​របស់​អ្នក​ត្រូវការ​។ វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​។
 
មុខ​យើង​ឡើង​អាចម៍រុយ​មាន​ន័យ​ថា ស្បែក​មុខ​យើង​ងាយ​ប្រតិកម្ម​នឹង​ពន្លឺព្រះអាទិត្យ​ណាស់ ហើយ​ក៏​ងាយ​ខូច​ដោយសារ​ការ​បំផ្លាញ​ពី​កាំរស្មី UVA និង UVB របស់​ពន្លឺព្រះអាទិត្យ​ដែរ ។ ដូច្នេះ​យើង​ត្រូវ​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ជា​ប្រចាំ ទោះបី​នៅ​រដូវរងា ឬ​រដូវភ្លៀង​ក៏​ដោយ ៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com