អន្តរជាតិ
ហ្វីលីពីន៖ មនុស្សស្លាប់ដោយសារព្យុះ Nalgae កើនដល់៩៨នាក់
31, Oct 2022 , 6:39 pm        
រូបភាព
ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីននៅថ្ងៃទី៣១ ខែតុលា លើកឡើងថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះត្រូពិច Nalgae​ នៅលីពីនបានកើនឡើងដល់៩៨ នាក់ ខណៈមានសង្ឃឹមតិចតួចក្នុងការស្វែងរកអ្នករស់រានមានជីវិតនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។



ក្នុងចំណោមមនុស្សស្លាប់ទាំង៩៨នាក់ មនុស្សជាងពាក់កណ្តាលបានស្លាប់ភ្លាមៗដោយសារគ្រោះទឹកជំនន់ និងការបាក់ដីដែលកើតឡើងដោយព្យុះត្រូពិច Nalgae​ នៅភូមិនានានៅលើកោះ Mindanao ភាគខាងត្បូងប្រទេស។ កោះ Mindanao នៅហ្វីលីពីនកម្រទទួលរងការវាយប្រហារដោយព្យុះទីហ្វុងដែលប្រហារហ្វីលីពីនជារៀងរាល់ឆ្នាំណាស់ ប៉ុន្តែព្យុះអាចបោកបក់ទៅដល់តំបន់នោះភាគច្រើនមានសភាពសាហាវនិងសម្លាប់មនុស្សច្រើនជាងនៅតំបន់ផ្សេងៗ។ 
 
«យើងបានផ្លាស់ប្តូរប្រតិបត្តិការរបស់យើងពីការស្វែងរក និងជួយសង្គ្រោះទៅប្រតិបត្តិការប្រមូលជនរងគ្រោះវិញ ព្រោះយើងមានសង្ឈឹមតិចតួចណាស់ដែលអាចរកឃើញអ្នកនៅរស់បន្ទាប់ពី២​ថ្ងៃនៃគ្រោះមហន្តរាយ»។ លោក Naguib Sinarimbo ប្រធានការពារជនស៊ីវិលនៃតំបន់ Bangsamoro ក្នុងទីក្រុង Mindanao បានលើកឡើងបែបនេះ។ 
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ចំនួនអ្នកស្លាប់ទំនងជាអាចកើនឡើង ខណៈទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីនបានលើកឡើងថា មនុស្សចំនួន៦៣នាក់ទៀតនៅបាត់ខ្លួននៅឡើយ ស្របពេលមនុស្សជាច្រើនកំពុងរងរបួស។
 
ស្របពេលជាមួយគ្នានេះ អ្នកដែលបានរស់រានមានជីវិត ​បានសម្អាត​ភក់​ចេញ​ពី​ផ្ទះ និង​ហាង​របស់​ពួក​គេ ខណៈ​គ្រឿង​សង្ហារិម និង​របស់​របរ​ផ្សេង​ទៀតនៅរាយពេញដង​ផ្លូវនៅទីក្រុង Noveleta ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​ម៉ានីល។
 
លើសពីនេះ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់ហ្វីលីពីនថ្មីៗនេះ បានព្រមានថា ព្យុះត្រូពិចមួយទៀតកំពុងឆ្ពោះទៅហ្វីលីពីនបើទោះបីជាព្យុះ Nalgae បានរំកិលឆ្លងកាត់សមុទ្រចិនខាងត្បូងក៏ដោយ។ ព្យុះនេះ អាចនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងគ្រោះមហន្តរាយដល់តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះ Nalgae ម្តងទៀត៕​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com