អន្តរជាតិ
ប្រមុខការទូតចិន និងអាម៉េរិកជជែកគ្នាតាមទូរស័ព្ទលើទំនាក់ទំនងទ្វេភាគីដែលល្អក់កករ
01, Nov 2022 , 10:09 am        
រូបភាព
លោក វ៉ាង យី និងលោក អាន់តូនី ប្លីងខិន នាជំនួបកន្លងមក។ រូបថត Xinhua
លោក វ៉ាង យី និងលោក អាន់តូនី ប្លីងខិន នាជំនួបកន្លងមក។ រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បានជជែកគ្នាតាមទូរស័ព្ទដោយផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីទំនាក់ទំនងទ្វេភាគីដែលត្រូវមើលឃើញថា មិនសូវល្អប៉ុន្មានឡើយ។ ប្រមុខការទូតចិន ក៏ស្នើឱ្យអាម៉េរិកបញ្ឈប់សកម្មភាពដែលប៉ះពាល់ប្រយោជន៍របស់ចិនដែរ។

 
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក អាន់តូនី ប្លីងខិន រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ថ្លែងថា ការ​ធ្វើឱ្យទំនាក់ទំនងចិន-អាម៉េរិកប្រែទៅរកស្ថិរភាព និងការបំពេញផលប្រយោជន៍ភាគីទាំងពីរដែលស្រប​តាមការរំពឹងចង់បានរបស់សហគមន៍អន្តរជាតិ ជាគោលបំណងនៃជំនួបមួយនេះ។ 
 
លោក វ៉ាង និយាយដោយត្រង់ៗថា ការដាក់ទណ្ឌកម្មរបស់អាម៉េរិក​លើការនាំចេញថ្មីរបស់ចិន និង​ការ​រឹតត្បិតលើការវិនិយោគនៅចិន ជាទង្វើដែលបំពានច្បាប់ពាណិជ្ជកម្មសេរី ហើយធ្វើឱ្យខូចសិទ្ធិ និង​ផល​ប្រយោជន៍ស្របច្បាប់របស់ចិន។ ប្រមុខការទូតចិន ស្នើឱ្យអាម៉េរិកកែតម្រូវ។
 
បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី៣១ ខែតុលា លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផង ទទូចឱ្យអាម៉េរិកបញ្ឈប់ការ​ទប់​ស្កាត់ និងការបង្អាក់ដំណើរទៅមុខរបស់​ចិន ហើយចៀសវាង​ការបង្កើត​ឧបសគ្គ​ថ្មី​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។
 
ក្នុងសេចក្ដីប្រកាសដដែល ក្រសួងការបរទេសចិនបង្ហាញពីលទ្ធផលសមាជបក្សកុម្មុយនីស្តចិនលើក​ទី​២០ ដែលចិនបានផ្ញើសារទៅកាន់ពិភពលោកថា ខ្លួននឹងប្រកាន់ខ្ជាប់គោលបំណង​ក្នុង​ការ​ការ​ពារ​សន្តិភាពពិភពលោក និងការលើកកម្ពស់ការអភិវឌ្ឍរួម ព្រមទាំងបន្តអនុវត្តគោលនយោបាយរដ្ឋ​ជា​មូលដ្ឋាននៃការបើកចំហ។ 
 
ជាការឆ្លើយតប លោកប្លីងខិនអះអាងថា អាម៉េរិក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមាជ​ទី​២០នេះ។ បើតាមលោក ប្លីងខិន ភាគីអាម៉េរិកមានឆន្ទៈរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ជាមួយចិន​ក្នុង​ដំណាក់​កាលបន្ទាប់នៃទំនាក់ទំនងទ្វេភាគី និងស្វែងយល់ពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​។
 
រឿងនៅអ៊ុយក្រែនក៏ជាត្រូវបានលើកឡើងជាប្រធានបទមួយក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរផងដែរ។​ លោក វ៉ាង សង្កត់ធ្ងន់ថា ភាគីទាំងអស់គួរតែបង្កើនកិច្ចខិតខំការទូតដើម្បីចៀសវាង​ការ​កើន​ឡើងភាពតានតឹងបន្ថែមទៀត ឬសូម្បីតែការបាត់បង់ការគ្រប់គ្រងស្ថានការណ៍តែម្ដង៕
 
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com