អន្តរជាតិ
កូរ៉េខាងជើង ព្រមាននឹងតបតយ៉ាងខ្លាំងក្លា បើអាម៉េរិកនិងកូរ៉េខាងត្បូងមិនបញ្ឈប់សមយុទ្ធយោធា
01, Nov 2022 , 11:24 am        
រូបភាព
យន្តហោះចម្បាំង F-35 របស់អាម៉េរិកទៅដល់មូលដ្ឋានអាកាស Kunsan ដើម្បីចូលរូមសមយុទ្ធ Vigilant Storm ។ រូបថតពីកងទ័ពអាកាសអាម៉េរិក
យន្តហោះចម្បាំង F-35 របស់អាម៉េរិកទៅដល់មូលដ្ឋានអាកាស Kunsan ដើម្បីចូលរូមសមយុទ្ធ Vigilant Storm ។ រូបថតពីកងទ័ពអាកាសអាម៉េរិក
ដោយ:
កូរ៉េខាងជើង នៅថ្ងៃទី៣១ ខែតុលាទាមទារឱ្យអាម៉េរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធារួមគ្នាភ្លាមៗ បើមិនដូច្នោះទេខ្លួននឹងចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីឆ្លើយតបនឹងលំហាត់យោធាបង្ករឿងបែបនោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) ។

 
យោធាកូរ៉េខាងត្បូង និងអាម៉េរិកពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកាបើកសមយុទ្ធផ្លូវអាកាសរួមគ្នាដែលជាលំហាត់ដ៏ធំបំផុតមួយរបស់ប្រទេសទាំងពីរមានការចូលរួមដោយយន្តហោះចម្បាំងប្រមាណ ២៤០ គ្រឿង ហើយធ្វើលំហាត់សមជាង១៦០០ ប្រភេទ។ បើតាមការបញ្ជាក់របស់ប្រទេសទាំងពីរ​ សមយុទ្ធដែលហៅថា Vigilant Storm នេះធ្វើឡើងជាចាំបាច់ដើម្បីទប់ទល់នឹងការគំរាមពីកូរ៉េខាងជើង។
 
យ៉ាងណាមិញ ក្រសួងការបរទេសកូរ៉េខាងជើង ក៏ចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យអាម៉េរិក និងកូរ៉េខាងត្បូងបញ្ឈប់លំហាត់យោធាបែបនោះ បើមិនដូច្នោះទេ ក្រុងព្យុងយ៉ាងនឹងចាត់វិធានការតបតយ៉ាងខ្លាំងក្លា។
 
«ស្ថានភាពនៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញឈានចូលដំណាក់កាលប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរដើម្បីដណ្តើមអំណាចម្តងទៀត ដោយសារតែចំណាត់ការយោធាឥតឈប់ឈរ និងគ្មានការប្រុងប្រយ័ត្នរបស់អាម៉េរិក និងកូរ៉េខាងត្បូង»។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ​ KCNA ស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងនាថ្ងៃទី៣១ ខែតុលា។ 
 
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងបញ្ជាក់ទៀតថា ប្រសិនបើអាម៉េរិកមិនចង់ប្រឈមនឹងការវិវឌ្ឍដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់ប្រយោជន៍សន្តិសុខទេ អាម៉េរិកគួរតែបញ្ឈប់លំហាត់សម្រាប់សង្រ្គាមដែលគ្មានប្រសិទ្ធភាព និងគ្មានប្រយោជន៍នេះភ្លាម។ 
 
កូរ៉េខាងជើងព្រមទាំងព្រមានទៅអាម៉េរិកចំៗថា ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្តបង្ករឿងយ៉ាងធ្ងន់ធ្ងរផ្នែកយោធា ក្រុងព្យុងយ៉ាងនឹងពិចារណាពីវិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខរបស់ប្រជាជន និងបូរណភាពទឹកដីរបស់ខ្លួនពីការគំរាមយោធាពីខាងក្រៅ។ 
 
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កូរ៉េខាងជើងទើបតែធ្វើសមយុទ្ធបាញ់គ្រាប់ពិតតាមអាកាស តេស្តមីស៊ីលជាច្រើនប្រភេទ និងបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលព្រំដែនសមុទ្រមិនផ្លូវការរវាងកូរ៉េទាំងពីរដើម្បីជាការតបតទៅនឹងសមយុទ្ធយោធារួមគ្នារបស់អាម៉េរិក និងកូរ៉េខាងត្បូងដែលមានទាំងលំហាត់តាមអាកាស ដែនទឹក និងលើគោក៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com