អន្តរជាតិ
ប្រទេស៥០ថ្កោលទោសចិនជុំវិញបញ្ហារំលោភសិទ្ធមនុស្សនៅ​តំបន់ស៊ីនជាំង
01, Nov 2022 , 3:59 pm        
រូបភាព
មនុស្សកំពុងធ្វើដំណើរក្នុងទីក្រុង Kashgar តំបន់ស៊ីនជាំង។ រូបថត AFP
មនុស្សកំពុងធ្វើដំណើរក្នុងទីក្រុង Kashgar តំបន់ស៊ីនជាំង។ រូបថត AFP
ប្រទេសចំនួន៥០ នៅថ្ងៃទី៣១ ខែតុលា បានចេញសេចក្តីថ្លែងការណ៍មួយ ដែលថ្កោលទោសចិនជុំវិញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធនៅក្នុងតំបន់ស៊ីនជាំង។



សេចក្តីថ្លែងការណ៍រួមមួយរបស់ប្រទេសចំនួន៥០ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃទី៣១ ខែតុលា ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង បានបង្ហាញការព្រួយបារម្ភជុំវិញការប្រើអំពើហិង្សាលើក្រុមជនជាតិភាគតិចវីហ្គ័រ និងក្រុមជនជាតិភាគតិចមូស្លីមជាច្រើនទៀត។ ប្រទេសហត្ថលេខីទាំង៥០ រួមមានដូចជាអាម៉េរិក អង់គ្លេស ជប៉ុន បារាំង អូស្ត្រាលី អ៊ីស្រាអែល តួកគី ក្វាតេម៉ាឡា និងសូម៉ាលីជាដើម។
 
«យើងព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសការរំលោភសិទ្ធិមនុស្សដែលកំពុងបន្តកើតមានលើជនជាតិវីហ្គ័រ និងជនជាតិភាគតិចមូស្លីមជាច្រើនផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង»។ នេះបើតាមសេចក្តីថ្លែងការណ៍អានដោយតំណាងកាណាដា អំឡុងពេលជជែកដេញដោលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
 
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីខែសីហាបានចេញរបាយការណ៍អំពីស្ថានភាពតំបន់ស៊ីនជាំង ដោយលើកឡើងពីលទ្ធភាពនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៀតផង។ យ៉ាងណាមិញ ក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធានាការអភិវឌ្ឍក្នុងតំបន់ប៉ុណ្ណោះ។ 
 
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធបែបនេះ មិនអាចគាំទ្រថាមានភាពត្រឹមត្រូវដោយឈរលើមូលដ្ឋានប្រឆាំងភេរវកម្មឡើយ។ បណ្ដាប្រទេសហត្ថលេខី បានជំរុញទីក្រុងប៉េកាំងឱ្យអនុវត្តតាមអនុសាសន៍ OHCHR ដែលរួមមានការចាត់វិធានការភ្លាមៗដើម្បីដោះលែងអ្នកទោសទាំងអស់ និងបញ្ជាក់ទីកន្លែងឃុំខ្លួនរបស់សមាជិកគ្រួសារដែលបាត់ខ្លួនជាបន្ទាន់ ក៏ដូចជាសម្របសម្រួលឱ្យមានការជួបជុំគ្នាក្នុងគ្រួសារពួកគេឡើងវិញ។
 
គួរបញ្ជាក់ថា នៅដើមខែតុលា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបោះឆ្នោតបើកការជជែកដេញដោលជុំវិញបញ្ហានៅស៊ីនជាំង តែមិនអាចធ្វើបានព្រោះក្នុងចំណោមប្រទេសជាសមាជិក៤៧ មានប្រទេស១៩ ប្រឆាំង ហើយ១១ ប្រទេសបោះឆ្នោតអនុបវាទ។ 
 
សំឡេងប្រឆាំងបានលេចឡើង ដោយសារចិនបញ្ចុះបញ្ចូលឱ្យរារាំងការបើកកិច្ចប្រជុំដេញដោល។ ចំណែក អង្គការឃ្លាំមើលសិទ្ធិមនុស្សកំពុងជំរុញឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សព្យាយាមបើកកិច្ចប្រជុំម្តងទៀតដើម្បីពិភាក្សា និងស៊ើបអង្កេតបន្ថែមអំពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលចិនចំពោះការរំលោភសិទ្ធិមនុស្ស៕ 
 
 
 

Tag:
 ចិន
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com