អន្តរជាតិ
អាម៉េរិក ថាការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី នឹងប៉ះពាល់សន្តិសុខស្បៀងអាហារ
01, Nov 2022 , 7:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price នៅថ្ងៃទី៣១ ខែតុលា បានលើកឡើងថា ការផ្អាកការចូលរួមរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ កំពុងផ្ដល់ផលប៉ះពាល់ និងបង្កគ្រោះថ្នាក់ដល់សន្តិសុខស្បៀង និងតម្លៃម្ហូបអាហារពិភពលោក។



រុស្ស៊ី កាលពីសប្ដាហ៍មុន បានប្រកាសផ្អាកចូលរួមក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន គាំទ្រដោយអង្គការសហប្រជាជាតិ និងតួកគី។ កិច្ចព្រមព្រៀងដែលធ្វើឡើងតាំងពីខែកក្កដា បានជួយបន្ធូរបន្ថយដល់វិបត្តិស្បៀងអាហារពិភពលោកយ៉ាងច្រើន ក្រោយមានជម្លោះនៅអ៊ុយក្រែន។ កន្លងមក អ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិជាង៩លានតោនរួចមកហើយ។
 
ជាមួយការដកខ្លួនរបស់រុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានព្រមានពីគ្រោះថ្នាក់ផ្នែកនៃសន្តិសុខស្បៀង និងការឡើងថ្លៃអាហារក្នុងពិភពលោក។ 
«រាល់ការរំខានគំនិតផ្តួចផ្ដើមនាំចេញគ្រាប់ធញ្ញជាតិ សុទ្ធតែធ្វើឱ្យឡើងថ្លៃម្ហូបអាហារ កាត់បន្ថយទំនុកចិត្តរបស់អ្នកធានា និងអ្នកដឹកជញ្ជូន ដែលឆ្លងកាត់តាមផ្លូវសមុទ្រខ្មៅ និងបន្ថែមផលលំបាកដល់ប្រទេសដែលមានប្រាក់ចំណូលទាបស្រាប់ពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងអសន្តិសុខស្បៀងពិភពលោក»។ លោក Price ប្រាប់បែបនេះក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។
 
លោក Price បន្ថែមថា នេះមិនមែនត្រឹមតែជាបញ្ហាទ្វេភាគីរវាងរុស្ស៊ី និងអ៊ុយក្រែនទេ ខណៈ៦៦ភាគរយនៃការនាំចេញស្រូវសាលីស្ថិតក្រោមគំនិតផ្តួចផ្តើមត្រូវនាំទៅប្រទេសកំពុងអភិវឌ្ឍ ហើយ១៩ភាគរយត្រូវនាំទៅប្រទេសអភិវឌ្ឍន៍តិចតួច។ បើតាមលោក Price វានឹងគំរាមកំហែងផ្នែកសន្តិសុខស្បៀងទូទាំងពិភពលោក។ 
 
ជាក់ស្ដែង តម្លៃម្ហូបអាហារបានចាប់ផ្តើមកើនឡើងតាំងពីមុនក្រុងមូស្គូ ប្រកាសផ្អាកចូលរួមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិមកម្លេះ ដោយសារមន្ត្រីរុស្ស៊ីបានលើកឡើងពីភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀង។ ការផ្អាកកិច្ចព្រមព្រៀងរបស់រុស្ស៊ីធ្វើឡើងក្រោយកងទ័ពរុស្ស៊ីអះអាងថាទីក្រុងកៀវវាយប្រហារកងនាវារបស់ខ្លួននៅសមុទ្រខ្មៅដោយប្រើដ្រូន។
 
អ៊ុយក្រែនជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំមួយក្នុងពិភពលោក ដូច្នេះរាល់ការរាំងស្ទះការផ្គត់ផ្គង់ត្រូវបង្កផលប៉ះពាល់ខ្លាំង។ យ៉ាងណាមិញ ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិក៏អាចធ្វើទៅបានតាមរយៈផ្លូវគោកដែរ តែវាមិនបានចំនួនច្រើនដូចដឹកតាមផ្លូវទឹកដែលចាំបាច់ត្រូវកាត់សមុទ្រខ្មៅ ហើយត្រូវការការយល់ព្រមពីរុស្ស៊ី៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com