អន្តរជាតិ
វៀតណាម គ្រោងដាក់លក់រថយន្តអាចហោះហើរបាននៅដំណាច់ឆ្នាំ២០២៣
01, Nov 2022 , 8:29 pm        
រូបភាព
រថយន្តអាចហោះហើរបាន Arlios ត្រូវបានដាក់បង្ហាញនៅក្នុងក្រុងហូជីមិញ ក្នុងខែតុលា ឆ្នាំ២០២២។ រូបភាព៖ VnExpress
រថយន្តអាចហោះហើរបាន Arlios ត្រូវបានដាក់បង្ហាញនៅក្នុងក្រុងហូជីមិញ ក្នុងខែតុលា ឆ្នាំ២០២២។ រូបភាព៖ VnExpress
ក្រុមហ៊ុនវៀតណាម Airlios គ្រោងលក់រថយន្តអាចហោះហើរបាន នៅដំណាច់ឆ្នាំ ២០២៣ខាងមុខ ស្របពេលបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន គ្រោងបង្កើតសេវ៉ាតាក់ស៊ីផ្លូវអាកាសនាពេលអនាគត។ ប្រសិនបើរថយន្តប្រភេទនេះដាក់លក់មែន វានឹងក្លាយជារថយន្តអាចហោះហើរដំបូងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

 
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុង ហាណូយ Airlios កំពុងអភិវឌ្ឍរថយន្តអាចហោះហើរបាន ក្នុងគោលបំណងដាក់លក់រថយន្តប្រភេទនេះ នៅដំណាច់ឆ្នាំ២០២៣។ រថយន្តដែលត្រូវបានដាក់ឈ្មោះ Airlios មានកៅអីចំនួន ១ និងប្រើពេលត្រឹមតែ ១០វិនាទីប៉ុណ្ណោះ ដើម្បីហោះបានកម្ពស់ ១០ម៉ែត្រ។ មិនតែប៉ុណ្ណោះ វាអាចហោះបានល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ 
 
តាមការបញ្ជាក់របស់ក្រុមហ៊ុនដដែល រថយន្តប្រភេទខាងលើ អាចហោះបានកម្ពស់ខ្ពស់រហូតដល់ ១២០ម៉ែត្រ ឬស្មើនឹងកម្ពស់អគារ ៤២ជាន់។ ដោយបំពាក់ថ្មចំនួន ៨គ្រាប់ រថយន្ត Airlios​ អាចបញ្ចូលថ្មពេញត្រឹមរយៈពេល ៧នាទី ទៅ៩នាទីប៉ុណ្ណោះ នៅស្ថានីយសាកថ្ម ដែលដើរបាន ៣០គីឡូវ៉ាត់ម៉ោង។ 
 
កន្លងមក រថយន្តដែលផលិតដោយកាបូនវៃប័រ (Carbon Fiber) និងប្រភេទអាលុយមីញ៉ូម Alloy ត្រូវបានសាកល្បងហោះហើរដោយជោគជ័យ ក្នុងកម្ពស់ក្រោម ១២០ម៉ែត្រ និងល្បឿង ៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ការផលិតដោយកាបូនវៃប័រ អាចជួយឱ្យរថយន្តមួយគ្រឿងនេះ មានទម្ងន់កាន់តែស្រាល។ រថយន្ត Airlios ត្រូវបានសាកល្បង ក្នុងរយៈពេល ១ពាន់ម៉ោង និង១ពាន់គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express​។ 
 
«គម្រោងមួយនេះ ដំណើរការបាន ៧០ ទៅ ៨០ភាគរយហើយ»។ លោក Mai Thien Vu ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនបានបញ្ជាក់បែបនេះ ដោយបន្តថា ក្រុមហ៊ុន Airlios គ្រោងលក់រថយន្តនៅដំណាច់ឆ្នាំ ២០២៣។ បើតាមប្រធានផ្នែកដដែល ក្រុមហ៊ុនបានគ្រោងផលិតរថយន្តប្រភេទនេះ តាំងពី៥ឆ្នាំមុនមកម្លេះ។ 
 
ប្រសិនបើរថយន្តខាងលើ ត្រូវបានដាក់លក់តាមការគ្រោងទុក វានឹងក្លាយជារថយន្តអាចហោះហើរដំបូង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការផលិតរថយន្តខាងលើ ធ្វើឡើងស្របពេល បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា សិង្ហុបរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម បានដាក់ចេញផែនការលើសេវាតាក់ស៊ីផ្លូវអាកាសនាពេលអនាគត។ 
 
រថយន្ត Airlios ស្តង់ដារ អាចមានតម្លៃប្រមាណ ៨១០០០ដុល្លារ។ កន្លងមក ក្រុមហ៊ុនស៊ុយអែត Jetson បានដាក់លក់រថយន្តអាចហោះហើរបានក្នុងតម្លៃ ៩២០០០ដុល្លារ។ ក្រុមហ៊ុន Airlios នឹងបញ្ចេញរថយន្តប្រភេទផ្សេងទៀត ក្នុងតម្លៃ៩៩០០០ដុល្លារ៕ 
 
 

Tag:
 វៀតណាម
 ​ អាស៊ីអាគ្នេយ៍
  សិង្ហបុរី
  ម៉ាឡេស៊ី
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com