អន្តរជាតិ
រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង សុំទោសប្រជាជនជុំវិញឧបទ្ទវហេតុរត់ជាន់គ្នានៅសង្កាត់ Itaewon
01, Nov 2022 , 9:29 pm        
រូបភាព
លោក Lee Sang-min រដ្ឋមន្រ្តីមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង។ រូបភាព៖ Yonhap
លោក Lee Sang-min រដ្ឋមន្រ្តីមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង។ រូបភាព៖ Yonhap
រដ្ឋមន្រ្តីមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង លោក Lee Sang-min នៅថ្ងៃទី១ ខែវិច្ឆិកា បានសម្តែងការសុំទោសចំពោះប្រជាជនកូរ៉េខាងត្បូង ជុំវិញហេតុការណ៍ដ៏អាក្រក់នៅសង្កាត់ Itaewon ក្នុងក្រុងសេអ៊ូល។ រដ្ឋមន្រ្តីមហាផ្ទៃរូបនេះ ក៏បានប្តេជ្ញាផងដែរ មិនឱ្យហេតុការណ៍ដ៏អាក្រក់បែបនេះ កើតឡើងម្តងទៀត។

 
ករណីរត់ជាន់គ្នាស្លាប់នៅសង្កាត់ Itaewon​ ក្នុងក្រុងសេអ៊ូលនាថ្ងៃទី២៩ ខែតុលា មានមនុស្សយ៉ាងហោចណាស់ ១៥៦នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតពីមូលហេតុ ដែលនាំឱ្យមានករណីរត់ជាន់គ្នា។ 
 
ក្រោយហេតុការណ៍ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៤ មក រដ្ឋមន្រ្តីមហាផ្ទៃ និងសុវត្ថិភាព លោក Lee Sang-min បានសម្តែងការសុំទោសប្រជាជន នៅចំពោះមុនសមាជិកសភា ក្នុងថ្ងៃទី១ ខែវិច្ឆិកា ដោយសារបរាជ័យក្នុងការគ្រប់គ្រងចំនួនប្រជាជននៅក្នុងសង្កាត់ Itaewon។ 
 
«ខ្ញុំពិតជាសុំទោសចំពោះប្រជាជនសម្រាប់ហេតុការណ៍ថ្មីៗនេះបានកើតឡើង បើទោះរដ្ឋត្រូវទទួលខុសត្រូវលើសុវត្ថិភាពរបស់ប្រជាជនក៏ដោយ»។ រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ ដោយមានជាមួយកាយវិការឱនគោរពនៅពីមុនសមាជិកសភា និងកាម៉េរ៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង បានសន្យាមិនឱ្យហេតុការណ៍ដ៏អាក្រក់ដដែលនេះ កើតឡើងម្តងទៀតឡើយ។ 
 
គួររំឭកថា លោកLee បានរងការរិះគន់យ៉ាងខ្លាំង ជុំវិញការលើកឡើងនាថ្ងៃ៣០ ខែតុលា ដោយលោកបានអះអាងថា ហេតុការណ៍ដ៏អាក្រក់ក្នុងសង្កត់ Itaewon មិនអាចបញ្ចៀសបានឡើយ បើទោះមន្រ្តីប៉ូលិស និងកម្លាំងពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅជាមុនក៏ដោយ។ 
 
នៅចំពោះមុនសភា ក្នុងថ្ងៃទី១ ខែវិច្ឆិកា រដ្ឋមន្រ្តីរូបនេះ ក៏បានបង្ហាញការសោកស្តាយចំពោះការលើកឡើងរបស់ខ្លួននាថ្ងៃមុនដែរ៕
 

Tag:
 កូរ៉េខាងត្បូង
  Itaewon
© រក្សាសិទ្ធិដោយ thmeythmey.com