អន្តរជាតិ
វៀតណាម អំពាវនាវឱ្យចិនកុំបណ្តោយឱ្យជម្លោះដែនទឹកប៉ះពាល់ទំនាក់ទំនងទ្វេភាគី
01, Nov 2022 , 4:59 pm        
រូបភាព
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង ផ្ដល់មេដាយមិត្តភាពដល់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង។ រូបថត Xinhua
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង ផ្ដល់មេដាយមិត្តភាពដល់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង។ រូបថត Xinhua
ដោយ:
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង ស្នើឱ្យសមភាគីចិន ស៊ី ជិនភីង កុំបណ្តោយឱ្យបញ្ហាដែនទឹកប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ។ លោក ជុង ជួបលោក ស៊ី នៅថ្ងៃទី៣១ ខែតុលានៅទីក្រុងប៉េកាំង ដែលអំឡុងទស្សនកិច្ចនេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យបក្សនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua នៅថ្ងៃទី១ ខែវិច្ឆិកា។

 
លោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមត្រូវបានលោក ស៊ី ជិនភីង រៀបចំពិធីស្វាគមន៍នៅវិមានប្រជាជនចិននៅថ្ងៃទី៣១ ខែតុលា មុនចាប់ផ្តើមកិច្ចពិភាក្សាទ្វេភាគី។ លោក ភូជុងជាមេដឹកនាំបរទេសដំបូងដែលកំពុងបំពេញទស្សនកិច្ចនៅចិនក្រោមការអញ្ជើញរបស់លោក ស៊ី ដែលទើបក្លាយជាអគ្គលេខាបក្សកុម្មុយនីស្តចិនអាណត្តិទីបី។
 
អំឡុងជំនួប មេដឹកនាំបក្សកុម្មុយនីស្តប្រទេសទាំងពីរព្រមព្រៀងពង្រឹងទំនាក់ទំនងជាប្រពៃណី ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត បង្កើនទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងដោះសា្រយភាពខុសគ្នាឱ្យបានត្រឹមត្រូវដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ចិន-វៀតណាមឈានដល់កម្រិតថ្មីមួយក្នុងយុគ្គសម័យថ្មីនេះ។ 
 
«បក្សវៀតណាម និងចិនគួរតែបន្តធ្វើការដើម្បីសេចក្តីសុខប្រជាជន និងវឌ្ឍនភាពរបស់មនុស្សជាតិ ជំរុញទំនើបភាវូបនីយកម្មសង្គមនិយមឱ្យអស់ពីសមត្ថភាព ហើយកុំឱ្យនរណាម្នាក់ជ្រៀតជ្រែកដល់ការរីកចម្រើនរបស់យើង ឬបណ្តោយឱ្យកម្លាំងណាមួយមកអង្រួនគ្រឹះអភិវឌ្ឍន៍របស់យើង»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Xinhua ស្រង់សម្តីរបស់លោក ស៊ី។ 
 
ជាប្រទេសសង្គមនិយមដូចគ្នាដែលកំពុងប្រឈមនឹងការផ្លាស់ប្តូរបរិយាកាសអន្តរជាតិ ក៏ដូចជាហានិភ័យនានា លោក ស៊ី អំពាវនាវឱ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវទិសដៅសង្គមនិយម និងទំនាក់ទំនងចិន-វៀតណាម។ មេដឹកនាំចិនរូបនេះ ក៏សង្ឃឹមថាបក្សទាំងពីរគួរតែពង្រឹងទំនាក់ទំនងក្នុងកម្រិតខ្ពស់ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗទាក់ទងនឹងទំនាក់ទំនងទ្វេភាគីឱ្យបានទាន់ពេលវេលា។
 
ចំណែកភាគីវៀតណាមវិញ គាំទ្រយ៉ាងពេញទំហឹងលើសំណើអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីររបស់លោក ស៊ី។ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាមរូបនេះថែមទាំងអរគុណលោក ស៊ី ដែលអញ្ជើញលោកជាមេដឹកនាំទីមួយទៅធ្វើទស្សនកិច្ចនៅចិន ខណៈដែលលោកក៏សន្យាធ្វើបែបនេះវិញដែរ។
 
បើតាមលោក ជុង វៀតណាមចាត់ទុកការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយចិនជាអាទិភាពខ្ពស់មួយក្នុងគោលនយោបាយបរទេសខ្លួន។ ទន្ទឹមនឹងបង្ហាញពីឆន្ទៈធ្វើការបន្ថែមលើភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយចិន មេដឹកនាំវៀតណាម ក៏ទទូចឱ្យភាគីចិនរក្សាសន្តិភាព និងស្ថិរភាពទាំងនៅព្រំដែនដីគោក និងនៅសមុទ្រ ក៏ដូចជាកុំបណ្តោយឱ្យបញ្ហាដែនទឹកប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីផងដែរ។
 
ក្រោយកិច្ចពិភាក្សា មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើបក្សនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការការពារបរិស្ថាន វប្បធម៌ និងទេសចរណ៍ យុត្តិធម៌ ទំនៀមទម្លាប់ និងរដ្ឋាភិបាលក្នុងប្រទេសទាំងពីរ។
 
លោក ស៊ី ក៏បំពាក់មេដាយមិត្តភាពឱ្យលោក ជុង ផងដែរ៕
 
 
 
 
 
 
 
 
 
 

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com