កីឡាអន្តរជាតិ
អន្តរជាតិ
តើ ​Messi និង Ronaldo អាចស្គាល់ជាតិពាន World Cup ឬទេ ខណៈកាតា ជាការបង្ហាញខ្លួនចុងក្រោយ?
02, Nov 2022 , 8:29 am        
រូបភាព
រូបភាព៖ Olympics.com
រូបភាព៖ Olympics.com
ការប្រកួត FIFA World Cup 2022 នៅកាតា នៅសល់ជាង២សប្តាហ៍ទៀតប៉ុណ្ណោះនឹងឈានមកដល់​។ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកនេះ នឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយសម្រាប់កីឡាករឆ្នើម Lionel Messi និង Cristiano Ronaldo។ ជាឱកាសចុងក្រោយ តើប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងប្រធានក្រុមព័រទុយហ្គាល់ អាចស្គាល់ជាតិពាន ​World Cup ដែលឬទេ ស្របពេលពានផ្សេងៗពួកគេសុទ្ធតែធ្លាប់ទទួលបានហើយ។



រជ្ជកាលរបស់ Messi និង Ronaldo បានដើរជិតដល់នាទីចុងក្រោយទៅហើយ បន្ទាប់ពីអ្នកទាំងពីរធ្វើព្យុះភ្លៀងក្នុងពិភពកីឡាបាល់ទាត់ជាងមួយទសវត្សរ៍។ ក្នុងអាជីពជាង១០ឆ្នាំមកនេះ អ្នកទាំងពីរបានបង្កើតប្រវត្តិសាស្ត្រជាច្រើនជាពិសេសសម្រាប់ក្លិប។ Messi ជួយ Barcelona លើកពានធំៗជាច្រើន Ronaldo ក៏លេចធ្លោអំឡុងពេលលេងឱ្យ Manchester United និង Real Madrid។ អ្វីដែលពិសេស Messi ឈ្នះ Ballon d'Or ៧សម័យ ខណៈ Ronaldo ៥សម័យលើសកីឡាករណាទាំងអស់។ 
 
មកដល់បច្ចុប្បន្នកីឡាករបាល់ទាត់ដ៏អស្ចារ្យទាំងពីររកបានគ្រាប់បាល់សរុបចូលគ្នាជាង ១,៦០០គ្រាប់ និងពានរង្វាន់ធំៗជាង ៥០ សម្រាប់ក្រុម និងក្រុមជម្រើសជាតិរៀងខ្លួន ដែលមានកីឡាករភាគតិចណាស់ដែលអាចសម្រេចបានសមិទ្ធផលដូចនេះ។
 
World Cup នៅកាតា ជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី ២៣ ហើយក៏ជាការប្រកួតដែលត្រូវបានគេលើកយកមកនិយាយចំពោះ Messi និង Ronaldo ដែលជាកីឡាករបាល់ទាត់ល្អបំផុតប្រចាំសតវត្ស។ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និង ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ នរណានឹងអាចលើកពានរង្វាន់កំពូលដ៏មានតម្លៃបំផុតប្រចាំពិភពបាល់ទាត់ ខណៈដែលកីឡាករទាំងពីរមិនទាន់ឈ្នះពានរង្វាន់លំដាប់កំពូលពិភពលោកដ៏មានតម្លៃមួយនេះនៅឡើយក្នុងអាជីពដូចគ្នា?។
 
FIFA World Cup  2022 ដែលខិតជិតមកដល់នឹងជាឱកាសចុងក្រោយសម្រាប់ Ronaldo ដែលមានវ័យ ៣៧ឆ្នាំ និង ​Messi វ័យ ៣៥ឆ្នាំ ដើម្បីប្រកួតប្រជែងបំពេញក្តីស្រមៃចុងក្រោយរបស់តារាឆ្នើមទាំងពីរ។ Ronaldo ធ្លាប់និយាយប្រាប់ទូរទស្សន៍ BeIN Sports ថាកាតានឹង ក្លាយជាការប្រកួត World Cup ចុងក្រោយសម្រាប់គេ។ ចំណែក Messi កាលពីពេលថ្មីៗនេះក៏ធ្លាប់បានប្រកាសតាមរយៈទូរទស្សន៍ Star+ ដែរថា ​World Cup កាតាក៏ជាព្រឹត្តិការណ៍ចុងក្រោយសម្រាប់គេដែរ។
 
ការប្រកួតក្នុងរដ្ឋនៃឈូងសមុទ្រអារ៉ាប់ក៏នឹងក្លាយជាការបង្ហាញខ្លួនលើកទី៥ សម្រាប់ ​ខ្សែប្រយុទ្ធក្រុម Paris Saint Germain ខណៈរូបគេរកបាន ៦គ្រាប់ពីការបង្ហាញខ្លួន ១៩ប្រកួតរួចមកហើយនៅ World Cup ៤លើកកន្លងមក ខណៈដែលខ្សែប្រយុទ្ធ Manchester United ក៏ជាការបង្ហាញខ្លួនលើក ៥ ដូចគ្នា ដោយរូបគេធ្លាប់រកបាន ៧គ្រាប់ពីការបង្ហាញខ្លួន ១៧លើក។
 
Messi ជួយអាហ្សង់ទីនឈ្នះមេដាយមាសអូឡាំពិក និង Copa America ឆ្នាំ ២០២១ ហើយ ក្តីស្រមៃបន្ទាប់គឺជាពាន World Cup។ ប្រសិនបើ Messi លើកពានរង្វាន់ FIFA World Cup នេះនឹងក្លាយជាឱកាសដ៏ល្អអស្ចារ្យមួយសម្រាប់តារាឆ្នើមអាហ្សង់ទីន​ ខណៈដែលបច្ចប្បន្នរូបគេកំពុងតែមានទម្រង់លេងដ៏ល្អខ្លាំងមួយ ហើយជាមួយក្រុមអាហ្សង់ទីនដែលជាក្រុមកំពុងមានភាពខ្លាំង និងទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល។
 
Messi ជាកីឡាករដែលពូកែក្នុងការស៊ុតបាល់បញ្ជូលទី និងរកគ្រាប់បាល់ច្រើនជាងគេប្រចាំក្រុមអាហ្សង់ទីនកំពុងតែត្រៀមខ្លួនបានយ៉ាងល្អសម្រាប់បង្ហាញខ្លួនលើកទី៥ នៅ World Cup ជុំផ្តាច់ព្រ័ត្រនៅកាតា។ កាលឆ្នាំ ២០០៦ Messi ក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចស៊ុតរកគ្រាប់បាល់បានក្នុងការប្រកួត​ FIFA World Cup 2006។
 
អាហ្សង់ទីនបានចាត់ទុក Messi ជាកីឡាករដ៏សំខាន់មួយប្រចាំក្រុមរហូតមក ហើយក្នុងឆ្នាំ ២០១៤ វគ្គផ្តាច់ព្រ័ត្រ និង ២០១៨ វគ្គ ១/៤ Messi និងមិត្តរួមក្រុមផ្សេងទៀតបាននាំអាហ្សង់ទីនឡើងដល់។ World Cup ២លើកចុងក្រោយមកនេះ។ អាហ្សង់ទីនចាញ់អាល្លឺម៉ង់ ១-០ ឆ្នាំ ២០១៤ និងចាញ់បារាំង ៤-៣ ឆ្នាំ ២០១៨។ ឆ្នាំ២០២២ នេះក្រុមអាហ្សង់ទីនត្រូវបានក្លាយជាក្រុមដែលគេរំពឹងខ្ពស់មួយថានឹងនាំយកពានពិភពលោកទៅកាន់ទឹកដីទ្វីបឡាទីនវិញក្រោយខកខានជិត ២០ឆ្នាំ មកនេះ។
 
បច្ចុប្បន្នអាហ្សង់ទីមានគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនតែមួយគឺលោក Lionel Scaloni ជាអ្នកដឹកនាំ ហើយចាប់តាំងពីឆ្នាំ ២០១៨ មកក្រុមយក្សតំបន់អាម៉េរិកឡាទីនមួយនេះមិនទាន់ស្គាល់បរាជ័យម្តងឡើយឆ្លងកាត់ ៣៥ប្រកួតចុងក្រោយ ហើយកាលដើមឆ្នាំ ២០២២ ពួកគេទើបដណ្តើមបានពានរង្វាន់​ Finalissima ពីក្រុមម្ចាស់ពាន ​Euro 2022 អ៊ីតាលីក្រោយយកឈ្នះក្នុងលទ្ធផល ៣-១។
 
ចំណែក Cristiano Ronaldo ដែលធ្លាប់ជួយព័រទុយហ្កាល់លើកពានទ្វីបអឺរ៉ុប Euro នឹង Nations League រួចហើយ ក៏ចង់បំពេញនូវក្តីស្រមៃជួយក្រុមព័រទុយហ្គាល់លើកពាន World Cup ផងដែរ ក្នុងនាមជាកីឡាករដ៏អស្ចារ្យមួយរូបក្នុងពិភពលោក។ 
 
រយៈពេលចុងក្រោយមកនេះ ​Ronaldo ហាក់បាត់បង់នូវភាពខ្លាំងរបស់ខ្លួនខណៈលេងនៅក្រុម Man United ដែលជាទីកន្លែងបានធ្វើឱ្យរូបគេមានឈ្មោះល្បីល្បាញទូទាំងពិភពលោក។ រដូវកាល ២០២២-២៣ សម្រាប់ Ronaldo រូបគេមិនសូវទទួលបានពេលវេលាបង្ហាញសមត្ថភាពខ្លាំងប៉ុន្មានឡើយ គឺរូបគេតែងស្ថិតនៅកៅអីបំរុងក្រោមការដឹកនាំរបស់លោក Erik ten Hag ខណៈការប្រកួត World Cup រូបគេនឹងក្លាយជាប្រធានក្រុមក៏ដើរតួរយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមព័រទុយហ្គាល់ប្រកួតលើទីលាន។
 
គោលបំណងរបស់បុរសវ័យ ៣៧ឆ្នាំរូបនេះគឺឈ្នះពានរង្វាន់ World Cup បន្ទាប់រូបគេបានជួយឱ្យព័រទុយហ្គាល់ឈ្នះពានរង្វាន់ UEFA Euro ក្នុងឆ្នាំ ២០១៦ នៅប្រទេសបារាំង ក្រោយយកឈ្នះ ១-០ និងជាពានរង្វាន់អន្តរជាតិលើកដំបូងសម្រាប់ព័រទុយហ្គាល់។ ពាន Euro 2016 បានធ្វើឱ្យអតីតខ្សែប្រយុទ្ធ Real Madrid មានឈ្មោះល្បីល្បាញយ៉ាងខ្លាំងពីការបង្ហាញនូវទឹកចិត្តជាកីឡាករក្នុងការប្រកួតរហូតអាចគ្រងជើងឯកបើទោះនៅវគ្គផ្តាច់ព្រ័ត្ររូបគេរបួសអំឡុងប្រកួតក្តី។
 
​Ronaldo ក៏ជាកីឡាករដែលតែងតែស៊ុតរកគ្រាប់បាល់បានច្រើនសម្រាប់ព័រទុយហ្គាល់ និងជាកីឡាករដែលបង្ហាញខ្លួនច្រើនរហូតដល់ ១៩១លើក ដែលជាកំណត់ត្រាដំបូងប្រចាំអឺរ៉ុប ហើយជាមួយគ្រាប់បាល់ ១១៧គ្រាប់នៅគ្រប់ការប្រកួត។ កាលពីពេលថ្មីៗនេះ ​​Ronaldo ក៏រកបានគ្រាប់បាល់ទី ៧០១ ក្នុងអាជីពជាកីឡាករជាមួយក្រុម Manchester Un​ited។
 
នេះជារជ្ជកាលរបស់អាហ្សង់ទីន ឬ ព័រទុយហ្គាល់ ឬយ៉ាងណា? ខណៈដែលក្រុមជម្រើសជាតិទាំងពីរកំពុងតែមានធុនធានកីឡាករវ័យក្មេងៗល្អច្រើនកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅតាមក្លិបរៀងខ្លួនៗរបស់ពួកគេ និងក្រុមជម្រើសជាតិ​៕
 
 
 
 
 
 

Tag:
 Lionel Messi
  Cristiano Ronaldo
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com