កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជប៉ុនប្រកាសឈ្មោះកីឡាករ២៦នាក់ចុងក្រោយមុនគេ និងដាក់គោលដៅទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ
02, Nov 2022 , 9:33 am        
រូបភាព
លោក Hajime Moriyasu គ្រូបង្វឹកជប៉ុន។ រូបភាព CGTN
លោក Hajime Moriyasu គ្រូបង្វឹកជប៉ុន។ រូបភាព CGTN
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន នៅថ្ងៃទី១ ខែវិច្ឆិកា បង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការទាំង ២៦នាក់ត្រៀមសម្រាប់ World Cup 2022 នៅប្រទេសកាតា ខណៈកីឡាករឆ្នើម ដូចជា Kyogo Furuhashi របស់ ​Celtic FC និង Yuya Osaka របស់ Vissel Kobe គ្មានឈ្មោះក្នុងបញ្ជី។ គ្រូជប៉ុនលោក Hajime Moriyasu ដាក់គោលដៅនាំក្រុមជម្រើសជាតិជប៉ុនឈានឱ្យដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រឱ្យខាងតែបាន។



ជប៉ុនមិនដែលឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឡើយ ប៉ុន្តែលោក Moriyasu មានជំនឿមុតមាំ ក្នុងការនាំជប៉ុនឡើងឱ្យបានយ៉ាងហោចណាស់ដល់វគ្គ ៨ ក្រុមចុងក្រោយនៅកាតា។ 
 
«គោលបំណងធំយើងយ៉ាងហោចណាស់អាចសម្រេចបានត្រឹមវគ្គ ៨ក្រុមចុងក្រោយ តែវាមិនមែនជារឿងងាយស្រួលឡើយ។»។ លោក Moriyasu និយាយបែបនេះក្នុងសន្និសីទកាសែត។ ជប៉ុនត្រូវជួបជាមួយអាល្លឺម៉ង់ អេស្ប៉ាញ និង កូស្តារីកា ក្នុងពូល E។ 
 
មូលហេតុដែលលោក Moryasu ដកឈ្មោះខ្សែប្រយុទ្ធក្រុម Celtic កីឡាករ Furuhashi ចេញក៏ព្រោះតែកីឡារូបនេះហាក់ធ្លាក់ទម្រង់លេងខ្លាំង ខណៈកីឡាករ Osako មានបញ្ហារបួសក្រោយរូបគេបានវិលត្រលប់បង្ហាញខ្លួនជាថ្មីនៅក្របខណ្ឌ J League 1។ 
 
បើទោះបីកីឡាករជើងចាស់មួយចំនួនធ្លាប់បង្ហាញខ្លួនឱ្យជប៉ុននៅ World Cup កាលពី ២០១៨ ត្រូវបានដកឈ្មោះចេញ ជប៉ុនបានជំនួសមកវិញដោយកីឡាករ័យក្មេងដែលកំពុងមានសមត្ថភាពខ្លាំងនិងទម្រង់លេងល្អមកជួយក្រុម។ កីឡាករ Maya Yoshida នឹងនៅតែជាប្រធានក្រុមជប៉ុន ដែលស្តិតនៅតំបន់ការពារជាមួយកីឡាករ ​Takehiro Tomiyasu របស់ ​Arsenal និង ​Takefusa Kubo របស់ ​Real Sociedad។
 
ជប៉ុននឹងចាប់ផ្តើមការប្រកួត​ World Cup ដោយត្រូវប៉ះអាល្លឺម៉ង់នៅថ្ងៃទី២៣ វិច្ឆិកា មុនត្រូវជួបក្រុមផ្សេងៗទៀតក្នុងពូល។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៦នាក់របស់ជប៉ុន៖
 
អ្នកចាំទី៖ Shuichi Gonda (Shimizu S-Pulse), Daniel Schmidt (Sint Truiden), Eiji Kawashima (Strasbourg)
 
ខ្សែការពារ៖ Hiroki Sakai (Urawa Red Diamonds), Miki Yamane (Kawasaki Frontale), Ko Itakura (Borussia Monchengladbach), Takehiro Tomiyasu (Arsenal), Maya Yoshida (Schalke 04), Shogo Taniguchi (Kawasaki Frontale), Hiroki Ito (VfB Stuttgart), Yuto Nagatomo (FC Tokyo), Yuta Nakayama (Huddersfield Town)
 
ខ្សែបម្រើ៖  Junya Ito (Stade de Reims), Ritsu Doan (SC Freiburg), Wataru Endo (VfB Stuttgart), Hidemasa Morita (Sporting), Ao Tanaka (Fortuna Dusseldorf), Daichi Kamada (Eintracht Frankfurt), Takefusa Kubo (Real Sociedad), Takumi Minamino (AS Monaco), Kaoru Mitoma (Brighton & Hove Albion), Gaku Shibasaki (Leganes), Yuki Soma (Nagoya Grampus)
 
ខ្សែប្រយុទ្ធ៖ Daizen Maeda (Celtic), Ayase Ueda (Cercle Brugge), Takuma Asano (Vfl Bochum)៕
 


Tag:
 Japan
  FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com