សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​អាម៉េរិក​ព្រមាន​ដាក់​ពន្ធ​លើ​ក្រុមហ៊ុន​ប្រេង​ធំៗ
02, Nov 2022 , 8:29 pm        
រូបភាព
លោកប្រធានាធិបតី ចូ បៃឌិន_។ រូបពី AP ។
លោកប្រធានាធិបតី ចូ បៃឌិន_។ រូបពី AP ។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានលើកឡើងពីលទ្ធភាពនៃការយកពន្ធលើប្រាក់ចំណេញកើនឡើងរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នធំៗ ព្រោះមិនព្រមបញ្ចុះតម្លៃឱ្យទាប។



បើតាមអង្គការនៃប្រទេសនាំចេញប្រេង (OPEC) តម្រូវការប្រេងរបស់ពិភពលោកនៅតែស្ទុះងើបឡើងវិញ និងកើនឡើងប្រកបដោយស្ថិរភាពក្នុងរយៈពេលមធ្យម និងវែង។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន អង្គការ OPEC បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់តម្រូវការប្រេងពិភពលោកដល់ ១០៣លានបារ៉ែលក្នុងមួយម៉ោងនៅឆ្នាំក្រោយ ពោលគឺខ្ពស់ជាងឆ្នាំនេះ ២,៧លានបារ៉ែលក្នុងមួយម៉ោង។
 
ការស្ទុះងើបឡើងវិញនៃតម្រូវការថាមពល ខណៈពេលដែលការកើនឡើងនៃតម្លៃប្រេង ដោយសារការប្រែប្រួលនៃការផ្គត់ផ្គង់កំពុងជួយឱ្យក្រុមហ៊ុនប្រេងពិភពលោក ដែលបានកត់ត្រាលទ្ធផលអាជីវកម្មជាវិជ្ជមាន។ ទន្ទឹមនឹងនេះ ការអំពាវនាវឱ្យយកពន្ធលើវិស័យនេះក៏កំពុងកើនឡើងផងដែរ ហើយបានក្លាយជាប្រធានបទមួយដ៏គួរឱ្យចាប់អារម្មណ៍ ជាពិសេសនៅអាម៉េរិក បន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗពីសេតវិមាន។
 
មុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិមួយសប្តាហ៍ លោកប្រធានាធិបតី ចូ បៃឌិន ជាថ្មីម្តងទៀតបានរិះគន់ទៅលើក្រុមហ៊ុនប្រេង និងឧស្ម័ន។ លោកបានលើកឡើងថា ៖« ពួកគេមិនបានធ្វើគ្រប់គ្រាន់ដើម្បីធ្វើឱ្យតម្លៃប្រេងសាំងក្នុងស្រុកធ្លាក់ចុះនោះទេ»។
 
ឧស្សាហកម្មប្រេងឥន្ទនៈមិនអាចធ្វើទៅបានតាមការសន្យារបស់ខ្លួនក្នុងការវិនិយោគ និងជួយគាំទ្រប្រជាជនអាម៉េរិក ខណៈពេលពួកគេកំពុងតែរីករាយនឹងប្រាក់ចំណេញពីជម្លោះនោះ។ ហើយពេលនេះវាជាការទទួលខុសត្រូវរបស់ពួកគេក្នុងការបង្កើនផលិតកម្ម និងបញ្ចុះតម្លៃដល់ប្រជាជនអាម៉េរិក។ ប្រសិនបើមិនព្រម ពួកគេគួរតែបង់ពន្ធខ្ពស់លើប្រាក់ចំណេញដ៏ច្រើនរបស់ពួកគេ។ លោក ចូ បៃឌិន បានបញ្ជាក់បែបនេះ។ 
 
ទោះបីជាលោកមិនបានបញ្ជាក់ចំៗក៏ដោយ នេះជាលើកទីមួយហើយដែលលោក បៃឌិន បានលើកឡើងពីលទ្ធភាពនៃការយកពន្ធលើប្រាក់ចំណេញកើនឡើងរបស់ក្រុមហ៊ុនប្រេង និងឧស្ម័ន ក្នុងបរិបទដែលក្រុមហ៊ុនធំៗនៅអាម៉េរិកដូចជា Exxon Mobil ឬ Chevron សុទ្ធតែរាយការណ៍ពីលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ក្នុងត្រីមាសទីបីនេះ។ 
បើតាមលោក ចូ បៃឌិន ប្រសិនបើក្រុមហ៊ុនទទួលយកការកាត់បន្ថយនៃប្រាក់ចំណេញដែលទទួលបានលើសនេះបន្តិច  តម្លៃប្រេងសាំងនៅអាម៉េរិកអាចធ្លាក់ចុះភ្លាមៗចំនួន៥០សេន ប្រហែលជាង ១៣ភាគរយនៃតម្លៃមធ្យមបច្ចុប្បន្ន។
 
«ប្រសិនបើពួកគេយកប្រាក់ចំណេញនេះ ទៅវិនិយោគចូលទៅក្នុងការបង្កើនផលិតកម្មនៅអាម៉េរិក ការផលិតប្រេងរបស់យើងនឹងកើនឡើង ហើយតម្លៃប្រេងនឹងធ្លាក់ចុះកាន់តែច្រើន ប៉ុន្តែពួកគេមិនបានធ្វើការនេះទេ គឺគ្រាន់តែបម្រើម្ចាស់ភាគហ៊ុន និងមេដឹកនាំប៉ុណ្ណោះ»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ។
 
បើតាមអ្នកជំនាញ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិក គឺជាផ្នែកមួយនៃយុទ្ធនាការរបស់សេតវិមាន ដើម្បីជំរុញឱ្យតម្លៃសាំងបន្តចុះមុនថ្ងៃបោះឆ្នោតនាពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ សម្ពាធពីរដ្ឋាភិបាលក៏អាចជួយជំរុញឱ្យឧស្សាហកម្មប្រេង និងឧស្ម័ននៅអាមេរិក អាចបង្កើនផលិតកម្មបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃប្រេងសាំង។ ការផលិតប្រេងឆៅរបស់អាម៉េរិកនាពេលនេះ គឺជិតដល់ ១២លានបារ៉ែលក្នុងមួយម៉ោង ដែលជាកំណត់ត្រាខ្ពស់ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ ៕
 

Tag:
 អាម៉េរិក ប្រេង ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com