កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បន្ទុករបស់បារាំងធ្លាក់លើ Mbappe ឬយ៉ាងណា ស្របពេលកីឡាករសំខាន់ភាគច្រើនរបួស
03, Nov 2022 , 7:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងជាក្រុមកំពុងតែសំបូរទៅដោយបញ្ហាកីឡាករច្រើនជាងក្រុមណាៗទាំងអស់ ស្របពេលការប្រកួត FIFA World Cup 2022 នៅប្រទេសកាតាកាន់តែខិតជិតមកដល់។ បន្ទុកដ៏ធ្ងន់មួយនេះនឹងធ្លាក់លើខ្សែប្រយុទ្ធ Kylian Mbappe ឬយ៉ាងណា ខណៈសមាជិកសំខាន់ៗមួយចំនួនអវត្តមាន និងរបួស។


ខ្សែប្រយុទ្ធក្រុម Paris Saint Germain បានក្លាយជាកីឡាករវ័យក្មេងលំដាប់ទី២​ បន្ទាប់ពីលោក Pele វីរបុរសបាល់ទាត់ប្រេស៊ីល ដែលអាចរកគ្រាប់បាល់ ២គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ World Cup ​2018 ក្នុងជំនួបដែលបារាំងឈ្នះក្រូអាស៊ី ៤-២។ Mbappe នឹងត្រូវទទួលបន្ទុកធ្ងន់ក្នុងការការពារតំណែងជើងឯក ខណៈដែលមិត្តរួមក្រុមមួយចំនួនគ្មានឈ្មោះជួយបារាំងលើកនេះ​។
 
ក្រោយការប្រកួតព្រឹត្តិការណ៍ពានរង្វាន់ UEFA Nations League បារាំងហាក់បីដូចជាបាត់បង់នូវភាពខ្លាំង ហើយសម្រាប់ World Cup 2022 នៅកាតានេះទៀតសោត ខ្សែបម្រើ ​N’Golo Kante រួមជាមួយ Paul Pogba នឹងមិនមានឈ្មោះជួយបារាំងម្តងទៀតឡើយព្រោះរបួស។ ពេលបច្ចុប្បន្នខណៈដែលបារាំងមិនទាន់បង្ហាញបញ្ជីឈ្មោះកីឡាករទាំង​ ២៦រូបសម្រាប់ ​World Cup តំបន់ការពាររបស់បារាំងមានភាពមិនច្បាស់លាស់ក្រោយពេលដែលកីឡាករ Raphael Varane រងរបួសអំឡុងជួយបិសាចក្រហមប្រកួតទល់ Chelsea។
 
ឆ្លងកាត់ការប្រកួតកន្លងមកនេះ​ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Mbappe  តែងតែចំណាយពេលវេលានៅលើទីលានប្រកួតជាមួយ ខ្សែប្រយុទ្ធ Olivier Giroud ដែលជាអ្នកតែងតែជួយបង្កើតឱកាសទៅឱ្យរូបគេ ដើម្បីរកចន្លោះក្នុងការប្រយុទ្ធ ក្រោយ Karim Benzema ក៏កំពុងស្ថិតក្នុងបញ្ជីឈ្មោះជាកីឡាកររបួស។
 
ទោះជាយ៉ាងណា ក្តីរំពឹងជាច្រើនបានធ្លាក់ទៅ Mbappe ស្របពេលដែលរូបគេកំពុងតែក្លាយជាកីឡាករតែម្នាក់របស់បារាំងកំពុងតែបង្ហាញទម្រង់លេងដ៏លេចធ្លោរខ្លាំងនៅក្រុម ​PSG នាពេលកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ Mbappe ក៏ត្រូវបានគេតែងលើកមកនិយាយផងដែរទាំងក្នុង និងក្រៅទីលាន។
 
បារាំងត្រូវពឹងផ្អែកលើ Mbappe តែម្នាក់ ដើម្បីជួយពួកគេក្នុងការការពារតំណែងជើងឯក World Cup នេះឬយ៉ាងណា ស្របពេលបារាំងនឹងត្រូវតទល់ជាក្រុម អូស្ត្រាលី ដាណឺម៉ាក និង ទុយណេស៊ី ស្ថិតក្នុងពូល ​D នៃព្រឹត្តិការណ៍ World Cup 2022 ខាងមុខនេះ។ ​​Mbappe មិនបានបាត់បង់នូវទម្រង់លេងល្អដូចអតីតមិត្តរួមក្រុមជម្រើសជាតិដទៃឡើយ ដោយរដូវកាលថ្មីនេះ រូបគេរកបាន ១៩គ្រាប់ពីការបង្ហាញខ្លួន ២០លើកគ្រប់ការប្រកួត៕
 

Tag:
 World Cup
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com