សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្តីបារម្ភពីការកើនឡើង​បំណុល​រូបិយប័ណ្ណ​បរទេស​នៅ​អាស៊ី ខណៈ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ
03, Nov 2022 , 8:29 pm        
រូបភាព
រូបិយប័ណ្ណអាស៊ីមួយចំនួនបានធ្លាក់ចុះ ១០ភាគរយ ឬច្រើនជាងនេះធៀបនឹងប្រាក់ដុល្លារអាម៉េរិកចាប់តាំងពីចុងខែមីនា។ រូបភាព៖ Nikkei Asia ។
រូបិយប័ណ្ណអាស៊ីមួយចំនួនបានធ្លាក់ចុះ ១០ភាគរយ ឬច្រើនជាងនេះធៀបនឹងប្រាក់ដុល្លារអាម៉េរិកចាប់តាំងពីចុងខែមីនា។ រូបភាព៖ Nikkei Asia ។
ការកើនឡើងបំណុលរូបិយប័ណ្ណបរទេសនៅអាស៊ីបានបង្កជាក្តីព្រួយបារម្ភ ដែលជះឥទ្ធិពលដល់រូបិយប័ណ្ណក្នុងស្រុក។ ៧០ភាគរយនៃបំណុលសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង ឥណ្ឌា និងថៃ ជារូបិយប័ណ្ណបរទេស ស្របពេលនៅហ្វីលីពីនឡើងដល់៩៧ភាគរយ។



ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ​នៅ​អាស៊ី​នាពេល​ថ្មីៗ​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​បន្ទុក​បំណុល​លើ​រដ្ឋាភិបាល និង​អាជីវកម្ម​នៅក្នុងតំបន់។ ធនាគារកណ្តាលនៅអាស៊ីបានដំឡើងអត្រាការប្រាក់ក្នុងល្បឿនយឺតជាងនៅអាម៉េរិក។ ទំហំ​ពាណិជ្ជកម្ម​នៅក្នុងតំបន់មានការថយចុះ បាន​ធ្វើ​ឱ្យ​រូបិយប័ណ្ណ​អាស៊ី​មួយ​ចំនួន​បាត់បង់​តម្លៃប្រហែល ១០ភាគរយ ឬ​ច្រើន​ជាង​នេះ​ធៀប​នឹង​ប្រាក់​ដុល្លារ​ចាប់​តាំង​ពី​ចុង​ខែ​មីនា។ 
 
ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ តម្លៃនៃប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះជាង ១៧ភាគរយធៀបនឹងប្រាក់ដុល្លារ ខណៈប្រាក់ប៉េសូរបស់ហ្វីលីពីន និងប្រាក់រូពីឥណ្ឌា បានធ្លាក់ចុះ ១២ភាគរយ និង១០ភាគរយរៀងៗគ្នា។ នេះបើតាមសារព័ត៌មាន Nikkei Asia។ 
 
បើតាមស្ថិតិរបស់ធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៧០ភាគរយនៃបំណុលសរុបនៅក្នុងកូរ៉េខាងត្បូង ឥណ្ឌា និងថៃ ជារូបិយប័ណ្ណបរទេស។ ចំណែកនៅហ្វីលីពីន អត្រានេះមានរហូតទៅដល់ ៩៧ភាគរយ។
 
អ្នកវិភាគបានមើលឃើញថា នៅអាស៊ីបំណុលរូបិយប័ណ្ណបរទេសហាក់ដូចជាតម្រូវចិត្តអតិថិជនជាងបំណុលរូបិយប័ណ្ណក្នុងស្រុក ដោយសារតែអត្រាការប្រាក់ទាប។ លើសពីនេះ បំណុលរូបិយប័ណ្ណបរទេសមានឱកាសក្នុងការទាក់ទាញវិនិយោគិនដោយកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់។ ប្រាក់ដែលប្រមូលបានដោយការចេញមូលបត្របំណុល ជាធម្មតាត្រូវបានបំប្លែងទៅជារូបិយប័ណ្ណក្នុងស្រុក ហើយនៅពេលដែលបំណុលដល់កំណត់ ចាំបាច់ត្រូវប្តូរទៅជារូបិយប័ណ្ណបរទេសវិញ។ ដូច្នេះនៅពេលដែលរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះ រដ្ឋាភិបាល និងអាជីវកម្មបានបាត់បង់ប្រាក់កាន់តែច្រើនក្នុងសងបំណុល។
 
ជាមួយគ្នានេះ មូលបត្របំណុលសាជីវកម្មក៏មាននិន្នាការកើនឡើង។ ការផ្លាស់ប្តូរហានិភ័យឥណទានលើសញ្ញាប័ណ្ណរបស់ក្រុមហ៊ុនអាស៊ីធំៗចំនួន ៤០ ដោយមិនរាប់បញ្ចូលប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១១ ឆ្នាំគឺ ២,៣ភាគរយ។ ចំណែកទីផ្សារភាគហ៊ុនអាស៊ីក៏រងផលប៉ះពាល់ផងដែរ។ សន្ទស្សន៍ MSCI អាស៊ីប៉ាស៊ីហ្វិកមិនរាប់បញ្ចូលប្រទេសជប៉ុនបានធ្លាក់ចុះ ២៨ភាគរយកាលពីចុងឆ្នាំ ២០២១ ខណៈដែលសន្ទស្សន៍ពិភពលោក MSCI បានធ្លាក់ចុះត្រឹម ១៨ភាគរយ ។
 
និន្នាការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនរួមជាមួយនឹងការកើនឡើងនៃបន្ទុកបំណុល ធ្វើឱ្យក្រុមហ៊ុនកាន់តែពិបាកក្នុងការបង្កើនដើមទុនក្នុងការវិនិយោគបន្ថែម។ ខណៈដែលអ្នក​វិនិយោគ​អន្តរជាតិ​​ជួញ​ដូរ​ជាប្រាក់​ដុល្លារ​អាម៉េរិក ការ​ធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​អាស៊ី​មាន​ន័យ​ថា​ប្រាក់​ចំណេញ​ជាប្រាក់​ដុល្លារ​ក៏​ធ្លាក់​ចុះផង​ដែរ។
 
លោក Kota Hirayama អ្នកវិភាគនៅក្រុមហ៊ុន SMBC Nikko Securities បានលើកឡើងថា ៖«ប្រសិនបើរូបិយប័ណ្ណត្រូវបានព្យាករថានឹងធ្លាក់ចុះ អ្នកវិនិយោគអន្តរជាតិនឹងមានការស្ទាក់ស្ទើរក្នុងការវិនិយោគនៅក្នុងភាគហ៊ុនអាស៊ី ដោយសារការព្រួយបារម្ភអំពីហានិភ័យណាមួយដែលបង្កពីអត្រាប្តូរប្រាក់អាចកើតមាន »។
 
អាស៊ីគឺជាមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោក ដូច្នេះការចុះខ្សោយនៃរូបិយប័ណ្ណនៅក្នុងតំបន់ និងជំរុញការនាំចេញ និងជួយឱ្យប្រាក់ចំណេញរបស់អ្នកនាំចេញកើនឡើង។ ប៉ុន្តែរលកនៃការដំឡើងអត្រាការប្រាក់នៅជុំវិញពិភពលោកបានជំរុញឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងកាត់បន្ថយដំណើរការអាជីវកម្ម។
 
បើតាម​ការ​ព្យាករ​របស់​អ្នក​វិភាគមួយចំនួន រូបិយប័ណ្ណ​អាស៊ី​នឹង​បន្ត​ស្ថិត​ក្រោម​សម្ពាធ​ធ្លាក់​ចុះ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី។ ទីផ្សារបច្ចុប្បន្ននេះផ្តោតសំខាន់លើការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេសដែលកើតឡើងនៅទូទាំងអាស៊ី។ ទុនបម្រុងប្តូរប្រាក់បរទេសរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះប្រហែល ១២ភាគរយពីកម្រិតខ្ពស់បំផុត កាលពីខែកក្កដាឆ្នាំមុន។ 
ទន្ទឹមនឹងនេះ ទុនបម្រុងរបស់ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក៏បានធ្លាក់ចុះប្រហែល ១០ភាគរយពីកម្រិតខ្ពស់បំផុតចុងក្រោយរបស់ពួកគេ។ ជាពិសេស ប្រទេសថៃបានកត់ត្រាការថយចុះ ៣០ភាគរយនៃទុនបម្រុងរូបិយប័ណ្ណបរទេសពីកម្រិតខ្ពស់បំផុតដែលបានកំណត់ក្នុងខែធ្នូ ឆ្នាំ២០២០ និងការថយចុះ ២០ភាគរយបើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០២១។ 
 
លោក Teppei Ino ប្រធានផ្នែកស្រាវជ្រាវទីផ្សារពិភពលោកនៅធនាគារ MUFG ក្នុងទីក្រុងតូក្យូ បានលើកឡើងថា ​៖ « ​ជា​ធម្មតា​ទុនបម្រុង​បរទេស​ត្រូវ​រក្សា​ក្នុង​កម្រិត​ជាក់លាក់​មួយ ​ព្រោះ​វាជា​ប្រភព​នៃ​ប្រាក់​ដែល​ប្រើ​ដើម្បី​សង​បំណុល​បរទេស​។ ការថយចុះនៃទុនបម្រុងប្តូរប្រាក់បរទេសអាចកំណត់ចំនួនប្រាក់ដែលអាចប្រើបានសម្រាប់ការធ្វើអន្តរាគមន៍អត្រាប្តូរប្រាក់»។ 
 
ដោយឡែក ទីផ្សារហិរញ្ញវត្ថុអឺរ៉ុបកំពុងមានស្ថិរភាពបន្តិចម្តងៗ បន្ទាប់ពីលោក Rishi Sunak បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។ នេះអាចដាក់សម្ពាធកាន់តែខ្លាំងលើរូបិយប័ណ្ណអាស៊ី នៅពេលដែលវិនិយោគិនងាកទៅជូញដូរលក់នៅអឺរ៉ុបដោយចាកចេញពីអាស៊ី។ នេះបើតាមលោក Eiichiro Tani ប្រធានផ្នែកជំនាញយុទ្ធសាស្រ្តនៅ Daiwa Securities ៕
 

Tag:
 អាស៊ី រូបិយប័ណ្ណបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com