កីឡាជាតិ
ជាតិ
អាស៊ាន
Asian Cup 2024៖ កម្ពុជា ធ្វើម្ចាស់ផ្ទះពូល G សម្រាប់ការប្រកួតជម្រុះផ្នែកនារី អាយុក្រោម២០ឆ្នាំ
03, Nov 2022 , 5:19 pm        
រូបភាព
ការចាប់ឆ្នោត 2024 AFC U-20 Women
ការចាប់ឆ្នោត 2024 AFC U-20 Women's Asian Cup រូបពី VDO ផ្សាយផ្ទាល់ពី Youtube
ក្រោយការចាប់ឆ្នោតចែកពូល នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាផ្នែកនារីអាយុក្រោម ២០ឆ្នាំ ស្ថិតក្នុងពូល G នៃព្រឹត្តិការណ៍ប្រកួតជម្រុះ AFC U-20 Women Asian Cup 2024។ កម្ពុជា នឹងធ្វើម្ចាស់ផ្ទះសម្រាប់ពូល G ដោយត្រូវស្វាគមន៍ ប៉ាគីស្ថាន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា នៅថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។



លក្ខណៈប្រកួតចែកចេញ ជា២វគ្គ គឺជម្រុះជុំទី១ និងបន្តទៅជុំផ្តាច់ព្រ័ត្រនៅអ៊ូសបេគីស្ថាន។ ៤ក្រុម ដែលជាប់ចំណាត់ថ្នាក់លេខ១-៣ គឺជប៉ុន, កូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៩ នៅប្រទេសថៃ និងម្ចាស់ផ្ទះអ៊ូបេគីស្ថាន ត្រូវជាប់ស្វ័យប្រវត្តិទៅជុំចុងក្រោយ។​
 
ដោយឡែក វគ្គចែកពូលមាន ៨ពូល និង៣១ប្រទេស។ ការប្រកួតជុំទីមួយនេះ យកក្រុមដែលមានចំណាត់ថ្នាក់លេខ១ ក្នុងពូលនីមួយៗ ទៅប្រកួតនៅវគ្គជម្រុះជុំទី២ ជាមួយ៤ប្រទេសខាងលើ។ ១២ក្រុម នឹងបន្តទៅប្រកួតជុំផ្តាច់ព្រ័ត្រនៅប្រទេសអ៊ូសបេគីស្ថាន ឆ្នាំ២០២៤។
 
ប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះក្នុងពូល A ត្រូវប្រកួតជាមួយ ចិន, ហុងកុង និងហ្វីលីពីន។
 
ប្រទេសប៉ាឡេស្ទីន ធ្វើម្ចាស់ផ្ទះពូល B ត្រូវប្រកួតជាមួយ នេប៉ាល់, កោះម៉ារីណាខាងជើង និងអារ៉ាប់រួម។
 
សាធារណរដ្ឋកៀហ្ស៊ីស៊ី ធ្វើម្ចាស់ផ្ទះ C ត្រូវប្រកួតជាមួយ អូស្ដ្រាលី, កោះហ្គាំ និងអ៊ីរ៉ាក់។
 
ប្រទេសហ្សកដានី ធ្វើជាម្ចាស់ផ្ទះ ពូល D ត្រូវប្រកួតជាមួយ លីបង់, ម៉ុងហ្គោលី និងប៊ូតាន។
 
ប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះពូល E ត្រូវប្រកួតជាមួយ ចិនតៃប៉ិក, តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។
 
ប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ F ត្រូវប្រកួតជាមួយ ឥណ្ឌា, សិង្ហបុរី និងឥណ្ឌូនេស៊ី។
 
ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះពូល G ត្រូវប្រកួតជាមួយ ប៉ាគីស្ថាន, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
 
បង់ក្លាដេស ធ្វើជាម្ចាស់ផ្ទះ H ត្រូវប្រកួតជាមួយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងតូមិននីស្ថាន។
 
គួរបញ្ជាក់ថា ការប្រកួត AFC U-20 Women Asian Cup 2024 គឺជាលើកទី១១ ហើយដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ដោយត្រូវបានចាប់ផ្ដើមប្រកួតដំបូងក្នុងឆ្នាំ២០០២។ ព្រឹត្តិការណ៍នេះ បានខកខានហើយត្រូវពន្យាពេល មកឆ្នាំ២០២៣ វិញដោយសារការរីករាលដាលនៃបញ្ហាកូវីដ-១៩។ នេះ គឺជាលើកដំបូងហើយ ដែលក្រុមបាល់ទាត់នារីកម្ពុជា អាយុក្រោម២០ឆ្នាំ ចូលរួមប្រកួត៕
 

Tag:
 បាល់ទាត់
  AFC U-20 Women Asian Cup 2024
© រក្សាសិទ្ធិដោយ thmeythmey.com