វិទ្យាល័យជប់វារី ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានអនុវត្តការដាក់ពិន័យផ្សេងៗលើសិស្ស ក្នុងនោះមានការរឹតបន្តឹងការប្រើប្រាស់ទូរសព្ទដៃក្នុងបរិវេណសាលា។ លោក ឆេង អឿន ដែលជាអ្នកអនុវត្តការដាក់ពិន័យ លើកឡើងពីកំណើនសិស្សប្រើប្រាស់ទូរសព្ទ ក្រោយការរាលដាលកូវីដ-១៩។ ប្រើប្រាស់ក្នុងទិសដៅសិក្សា? មិនមានច្រើននោះឡើយ ផ្ទុយទៅវិញ សិស្សអង្គុយជុំគ្នាដើម្បីលេងហ្គេម និងមើលវីដេអូផ្សេងៗ។
ទូរសព្ទបានក្លាយជាតម្រូវការដ៏សំខាន់សម្រាប់ការសិក្សារបស់សិស្សតាមប្រព័ន្ធអនឡាញនាអំឡុងបរិបទកូវីដ-១៩កន្លងមក។ ទោះបីជាជំងឺរាតត្បាតសកលនេះ ស្រាកស្រាន្តក៏ដោយ ប៉ុន្តែការប្រើប្រាស់ទូរសព្ទបានក្លាយជាទម្លាប់របស់បណ្តាសិស្សវ័យក្មេង ដោយមានអាណាព្យាបាលតិចតួចបំផុតដែលបានដកហូតពីកូនៗវិញ។

ពីផ្ទះដល់សាលា ទាំងម៉ោងរៀន និងម៉ោងចេញលេង... ទូរសព្ទនៅជាប់ដៃរហូត។ តួនាទីជាមគ្គទេសអាជីព និងប្រឹក្សា នៃសាលាវិទ្យាល័យជប់វារី លោក ឆេង អឿន បែរជាមានក្តីបារម្ភជាងការរីករាយ នៅពេលដែលសង្កេតឃើញសកម្មភាពសិស្សក្មេងៗរបស់ខ្លួនបែបនេះ។
គ្រួសារ សាលារៀន និងសង្គម។ ទាំងនេះហើយដែលលោក ឆេង អឿន និងថ្នាក់ដឹកនាំនៃវិទ្យាល័យជប់វារី មិនអាចបិទភ្នែកដោយធ្វើមិនដឹងមិនលឺឡើយ។ លោកបានរៀបរាប់ប្រាប់ ThmeyThmey25 ថា៖ «ការប្រើប្រាស់ទូរសព្ទដៃក្នុងចំណោមសិស្សៗ ពិតជាមានកម្រិតខ្ពស់។ ទាំងគ្រូបង្រៀន និងអាណាព្យាបាល សុទ្ធតែរអ៊ូ ដូចគ្នា។ អាណាព្យាបាលខ្លះរវល់ ហើយពួកគេបារម្ភពេលឃើញកូនៗ គិតតែសំងំចុចទូរសព្ទនៅក្នុងបន្ទប់»។
បច្ចុប្បន្ន ថា្នក់ដឹកនាំសាលាជាច្រើនមានការព្រួយចំពោះករណីនេះ រហូតឈានដល់ការដាក់ពិន័យផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការដាក់ពិន័យបានក្លាយជាអាវុធមុខពីរ ដោយសាលាព្យាយាមបង្ហាញចេតនាល្អរបស់ខ្លួនក្នុងការអប់រំសិស្ស ប៉ុន្តែចំណាត់ការផ្សេងៗ បែរជាទទួលបាននូវការថ្នាំងថ្នាក់ពីសំណាក់មាតាបិតា ឬអាណាព្យបាលសិស្សមួយចំនួន។

បាត់ភាពរួសរាយ ក្រមសីលធម៌ធ្លាក់ចុះ...
សិស្សានុសិស្ស កាន់ទូរសព្ទដៃច្រើនជាងកាន់សៀវភៅ និងឈ្ងោកមើលទូរសព្ទច្រើនជាងឈ្ងោកធ្វើលំហាត់។ តាមរយៈការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់របស់ លោក ឆេង អឿន សិស្សនុសិស្សភាគច្រើនប្រមូលផ្តុំគ្នាលេងហ្គេម ខ្លះមើលវីដេអូអាសអាភាស ឬវីដេអូមិនសមរម្យមួយចំនួន។
លោកគ្រូមគ្គទេសអាជីពវ័យ៥៥ឆ្នាំរូបនេះ លើកឡើងពីផលប៉ះពាល់ដូច្នេះថា ៖«កាលណាសិស្សមើលរឿងអាសអាភាស វាអាចបង្កើតជាអារម្មណ៍ស្រើបស្រាលជាមួយរូបភាព។ ប្រសិនបើពួកគេលេងហ្គេម វាអាចជក់លេងទៅ ខាតពេលវេលារៀនសូត្រ ហើយអត់សូវយកចិត្តទុកដាក់ក្នុងការសិក្សា ហើយកម្រិតនៃការសិក្សាធ្លាក់ចុះ»។
ក្រៅពីខូចអារម្មណ៍សិក្សា ការមើលមាតិកា ឬវីដេអូមិនសមរម្យមួយចំនួន ក៏បានជះឥទ្ធិពលអាក្រក់ដល់ឥរិយាបថ និងរបៀបនិយាយស្តីរបស់យុវជន រួមទាំងកុមារខ្លះផងដែរ។ លោកគ្រូ ឆេង អឿន សម្គាល់ឃើញថា សីលធម៌ មានការធ្លាក់ចុះច្រើន ជាពិសេសការប្រើប្រាស់ពាក្យសំដីរបស់សិស្សានុសិស្ស។ លើសពីនេះ ទំនាក់ទំនងរវាងកូនៗ នឹងអាណាព្យាបាល ក៏មិនសូវមានភាពស្និទ្ធស្នាល ដ្បិតកូនៗប្រើពេលវេលាជាមួយទូរសព្ទច្រើនជាង។
ទន្ទឹមនឹងការធ្លាក់ចុះផ្នែកសីលធម៌ ល្បែងកម្សាន្ត ដែលកុមារតែងនាំគ្នាលេងនាម៉ោងចេញលេងដូចជា លោតអន្ទាក់ លេងអ៊ូ លេងកៅស៊ូ លេងសី និងល្បែងកម្សាន្តជាច្រើនទៀត មិនសូវមានដូចមុនឡើយ។ ការណ៍នេះ បានធ្វើឱ្យល្បែងកម្សាន្ត ដែលកុមារជំនាន់មុនៗនិយមលេងបាត់បង់បន្តិចម្តងៗ។

អ្វីជាដំណោះស្រាយ?
ដើម្បីកែប្រែទម្លាប់មិនល្អរបស់សិស្សានុសិស្ស និងរៀបចំសណ្ដាប់ធ្នាប់សាលាឱ្យមានភាពល្អប្រសើរឡើងវិញ វិទ្យាល័យជប់វារី បានបង្កើតវិន័យ៦ចំណុចបន្ថែម ដោយការប្រើប្រាស់ទូរសព្ទដៃរបស់សិស្សស្ថិតនៅក្នុងចំណុចទី៤។
ចំពោះវិន័យ ដែលបានចែងគឺ សិស្សប្រើទូរសព្ទ លេងហ្គេម ក្នុងបរិវេនសាលា ក្នុងថ្នាក់ លើកទីមួយ នឹងត្រូវពិន័យជាទឹកប្រាក់ ១ពាន់រៀល រួមទាំងដកទូរស័ព្ទទុក១សប្តាហ៍។ ប្រសិនបើលោកគ្រូតាមទាន់លើកទី២ នោះនឹងពិន័យ ១ម៉ឺនរៀល និងអញ្ជើញឪពុកម្តាយមកធ្វើកិច្ចសន្យា ដើម្បីបញ្ជាក់ថា បើមានលើកទី៣ នឹងមិនប្រគល់ទូរសព្ទឲ្យវិញឡើយ។ ចំពោះទូរសព្ទនោះ ខាងសាលានឹងលក់ក្នុងតម្លៃសមរម្យ ដើម្បីយកប្រាក់កសាងរោងប្រជុំសិស្ស ។
ក្រោយអនុវត្តវិន័យបាន២សប្តាហ៍ លោកឃើញថា ឥរិយាបថសិស្សមានការប្រែប្រួល និងមិនមានការប្រមូលផ្តុំគ្នាលេងទូរសព្ទដូចមុនឡើយ។ លើសពីនេះ សិស្សក៏ស្តាប់បង្គាប់ច្រើន ជាពិសេសប្តូរពីការលេងទូរសព្ទ មកអង្គុយអានសៀវភៅ ធ្វើលំហាត់ និងលេងល្បែងកម្សាន្តច្រើន។
«យើងឃើញសិស្សមានឥរិយាបថប្រែប្រួល។ នៅពេលយើងឱ្យបើកមេរៀន សិស្សក៏បើកមេរៀនស្រាវជ្រាវ ដែលងាយស្រួលក្នុងការគ្រប់គ្រង។ មានការក៏កាត់បន្ថយសកម្មភាពដើរអើតតាមថ្នាក់ផ្សេង។ អ៊ីចឹងពេលយើងរឹតបន្តឹងទៅ សិស្សមានការប្រែប្រួល ហើយវាមានការសិក្សាស្រាវជ្រាវច្រើនជាងទុកពេលអត់ប្រយោជន៍»។ នេះជាការលើកឡើងរបស់លោក ឆេង អឿន។
គ្រូមគ្គទេសអាជីព និងប្រឹក្សា នៃសាលាវិទ្យាល័យជប់វារី រូបនេះ បានបញ្ជាក់ថា ការដាក់វិន័យនៅវិទ្យាល័យជប់វារី មិនបានហាមឃាត់សិស្សក្នុងការប្រើប្រាស់ទូរសព្ទដើម្បីទំនាក់ទំនងជាមួយអាណាព្យាបាល ឬបងប្អូនឡើយ។ សាលាក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ប្រើប្រាស់ក្នុងការស្រាវជ្រាវ ដើម្បីទទួលចំណេះថ្មីៗ ជាពិសេស ការសិក្សាស្រាវជ្រាវបន្ថែមទៅលើកម្មវិធី STEM ។
កាលពីខែសីហាកន្លងទៅ សិស្សនុសិស្ស នៃវិទ្យាល័យជប់វារី បានចូលរួមគម្រោង STEM នៅទីរួមខេត្តខេត្តបន្ទាយមានជ័យ ចំនួន១០ស្តង់ ដោយមានសិស្សចូលរួមចំនួន២៦ក្រុម។ បើតាមលោកគ្រូ ឆេង អឿន សិស្សានុសិស្សបានខិតខំស្រាវជ្រាវទៅតាមប្រធានបទ និងបានធ្វើបទបង្ហាញយ៉ាងក្លាហាន។
ទន្ទឹមនោះ អាណាព្យាបាល ក៏សប្បាយចិត្ត និងរីករាយចំពោះវិធានការនេះ ទោះការអនុវត្តវិន័យដំបូងមានការមិនពេញចិត្តពីឪពុកម្តាយខ្លះក្តី។ លោក ឆេង អឿន បានឱ្យដឹងថា នៅពេលអនុវត្តវិន័យដំបូង អាណាព្យាបាលមួយចំនួនមិនបានយល់ពីបំណង ព្រោះពួកគាត់មិនដឹងថា កូនៗមកសាលាលេងហ្គេម មិនចូលរៀន។ ប៉ុន្តែ ក្រោយមានការអញ្ជើញជួបពិភាក្សាគ្នា អាណាព្យាបាលភាគច្រើនសាទរ និងគាំទ្រលើវិធានការនេះ៕