កីឡាអន្តរជាតិ
អន្តរជាតិ
ភារកិច្ច Messi សម្រាប់អាហ្សង់ទីននៅ ​World Cup ជាការស្វែងរកក្តីស្រមៃចុងក្រោយ នៃអាជីពខ្លួន
05, Nov 2022 , 2:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ខ្សែប្រយុទ្ធឆ្នើម ​Lionel Messi ធ្លាប់បានឈ្នះពានរង្វាន់ជាង ៤០ ជាមួយក្លិប និងក្រុមជម្រើសជាតិបាល់ទាត់អាហ្សង់ទីន ក្នុងអាជីពដ៏អស្ចារ្យរបស់គេ។ តែខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ មិនទាន់ឈ្នះពានរង្វាន់កំពូល ​FIFA World Cup ដើម្បីបំពេញក្តីស្រមៃដ៏ធំចុងក្រោយរបស់ខ្លួនឡើយ។

 
នៅក្នុងក្រសែភ្នែកនៃប្រជាជនអាហ្សង់ទីនរាប់លាននាក់​ Messi ត្រូវប្រៀបធៀបត្រឹមលំដាប់ទី២ បន្ទាប់ពីលោក Diego Maradona ដែលជាវីរបុរសអាហ្សង់ទីន ដែលបានជួយប្រទេសប៉ែកទ្វីបអាម៉េរិកខាងត្បូងមួយនេះ ឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ១៩៨៦។ តែការគិតបែបនេះនឹងអាចត្រូវបានផ្លាស់ប្តូរវិញ ប្រសិនបើខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ឈ្នះពាន World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២។ Maradona មិនសូវឈ្នះពានច្រើនដូច Messi នាយុគសម័យនេះក្តី ប៉ុន្តែកេរិ៍្តឈ្មោះនៅតែល្បីរន្ទឺ នៅពេលឈានដល់ World Cup ម្តងៗ។ លោក Diego Maradona បានស្លាប់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០។
 
អាហ្សង់ទីនកំពុងស្ថិតលើវិថីដ៏ល្អខ្លាំង ដោយឆ្លងកាត់ ៣៥ប្រកួតចុងក្រោយ នារយៈពេល ៣ឆ្នាំនេះ មិនទាន់ស្គាល់បរាជ័យម្តងណាឡើយ ក្រោមការដឹកនាំរបស់លោក ​Lionel Scaloni។ 
World Cup នៅកាតា នឹងក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយសម្រាប់​​ Lionel Messi ខណៈដែលរូបគេ មានមហិច្ចិតាចង់បំពេញក្តីស្រមៃចុងក្រោយ ដោយការកាន់ពាន World Cup ជាមួយអាហ្សង់ទីន។ តែយ៉ាងណាដំណើរការប្រកួតប្រជែងនៃ ​World Cup មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អតីតកីឡាករ Barca រូបនេះ។
 
«ខ្ញុំមានសន្តិភាពក្នុងចិត្តក្នុងការពាំនាំនៅក្តីស្រមៃដែលធ្លាប់បានរារាំងរូបខ្ញុំជាច្រើនលើកមកនេះ វាពិតណាស់ ថាជារឿងដ៏លំបាកក្នុងការឈ្នះ World Cup ឬ Copa America។ ចំពោះការប្រកួតនេះ ខ្ញុំពិតជាធ្លាប់មានអារម្មណ៍ថាតានតឹងមួយចំនួនដែរ ប៉ុន្តែវាជាការប្រកួត World Cup លើកចុងក្រោយ ហើយខ្ញុំបានបង្ហាញខ្លួនច្រើនយូមកហើយឱ្យក្រុមជម្រើសជាតិ ដូច្នេះនេះជាពេលវេលាដែលយើងនឹងប្តូរផ្តាច់រហូតដល់នាទីចុងក្រោយ ខណៈដែលការខកចិត្តឆ្នាំ ២០១៤, ២០១៥ និង ២០១៦ តែងតែធ្វើឱ្យយើងមានអារម្មណ៍តានតឹង។»។ ​Messi បាននិយាយប្រាប់អ្នកកាសែតកាលពីពេលថ្មីៗបែបនេះ។
 
​​រយៈពេលជាង ១២ឆ្នាំចុងក្រោយមកនេះ Messi បានបង្ហាញអំពីក្តីស្រលាញ់ និងការជួយក្រុមអាហ្សង់ទីន ក្នុងការប្រជែងពានរង្វាន់កំពូលនានា ទាំងក្នុងតំបន់ និងលើពិភពលោក ។​ កាលឆ្នាំ ២០១៤ ​​Messi ជួយអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ​World Cup នៅប្រេស៊ីល ដោយប្រកួតចាញ់អាល្លឺម៉ង់ ១-០ ។ ហើយឆ្នាំ ២០១៨ Messi ជួយនាំអាហ្សង់ទីនដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ប៉ុន្តែត្រូវបានបារាំងទម្លាក់ក្នុងលទ្ធផល ៤-៣។​
 
កាលពីឆ្នាំ ២០១៦ អតីតកីឡាករ Barcelona រូបនេះ ក៏ធ្លាប់បានប្រកាសម្តងរួចមកហើយថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយរូបគេរងសម្ពាធពីការរិះគន់ខ្លាំងថា មិនអាចជួយអាហ្សង់ទីនឈ្នះពានរង្វាន់ ​Copa America។ កាលណោះ អាហ្សង់ទីន ចាញ់ក្រុមស៊ីលី នៅវគ្គផ្ដាច់ព្រ័ត្រ។ 
 
យ៉ាងណាមិញកាលពីឆ្នាំ ២០២២ តារាបាល់ទាត់ឆ្នើមរូបនេះ បានព្យាយាមសារជាថ្មី ក្នុងការនាំអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ក្រោយប្រទេសនេះ រង់ចាំអស់រយៈពេល ២៨ឆ្នាំ។  Messi ក៏បាននាំអាហ្សង់ទីនប្រជែងពាន ​Finalissima ដែលជាពានរង្វាន់ជើងឯកប៉ះជើងឯក ។ កាលនោះអាហ្សង់ទីន បានយកឈ្នះលើអ៊ីតាលី ៣-១ ដែលជាក្រុមម្ចាស់ជើងឯកតំបន់អឺរ៉ុប Euro 2020។
 
សូមជម្រាបថា ​Messi នឹងជួយអាហ្សង់ទីនប្រកួតទល់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ថ្ងៃទី២២ វិច្ឆិកា មុនប៉ះ ម៉ិកស៊ិក នៅ៥ ថ្ងៃបន្ទាប់ និងប៉ះ ប៉ូឡូញ ថ្ងៃទី១ ខែធ្នូ៕
 
 
 

Tag:
 World Cup
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com