ជាតិ
សង្គមជាតិ
អ្នកបណ្ដុះបណ្ដាលការកសាងស្មារតី ជំរុញឱ្យយុវជនយល់តម្លៃការងារជាក្រុមមុននឹងចេញធ្វើការ
05, Nov 2022 , 8:59 pm        
រូបភាព
សកម្មភាពក្នុងវិធីបណ្ដុះបណ្ដាលការកសាងស្មារតីក្រុម នៅមជ្ឈមណ្ឌលក្រោមតង់
សកម្មភាពក្នុងវិធីបណ្ដុះបណ្ដាលការកសាងស្មារតីក្រុម នៅមជ្ឈមណ្ឌលក្រោមតង់
សៀមរាប៖ Team building ឬការកសាងស្មារតីក្រុម គឺជាការបណ្ដុះបណ្ដាលមួយដែលត្រូវបានគេមើលឃើញថា មានសារសំខាន់សម្រាប់ការពង្រឹងស្មារតីដល់ក្រុមការងារ ដើម្បីជោគជ័យនៅតាមស្ថាប័នអង្គការ ឬក្រុមហ៊ុននានា ដែលមានបុគ្គលិកច្រើន។ ក្រៅពីបុគ្គលដែលចេញធ្វើការហើយ ក្នុងនោះអ្នកជំនាញបណ្ដុះបណ្ដាលការកសាងស្មារតីក្រុមយល់ថា យុវជនគួរទទួលបានការសិក្សាជំនាញនេះ មុននឹងចេញធ្វើការ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើការជាមួយមនុស្សច្រើននាក់។

 
សហស្ថាបនិកមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រោមតង់ លោក ឆាយ សុភាព យល់ថា ការកសាងស្មារតីក្រុម ឬ Team building មានសារសំខាន់ណាស់ ព្រោះវាបានបណ្ដុះបណ្ដាលការពង្រឹងស្មារតី ការរិះរកវិធីដោះស្រាយរាល់បញ្ហាដែលកើតឡើងចំពោះមុខ និងឱ្យបានទាន់ពេលវេលា។ល។ «ប្រសិនគ្មានការធ្វើការជាក្រុមខ្លាំងទេ ការកសាងកម្លាំងចិត្តអត់ខ្លាំងទេ គាត់មិនអាចសម្រេចជោគជ័យបានទេ ត្រូវសម្រេចជារួម ត្រូវមានស្មារតីជាក្រុម មិនបោះបង់ពេលជួបឧបសគ្គ ដូច្នេះទាមទារឱ្យគាត់មានស្មារតីក្រុម ធ្វើការងារប្រកបដោយលះបង់ អត់ធ្មត់ ព្យាយាម ជួបឧបសគ្គដោះស្រាយបញ្ហា រាល់បញ្ហាកើតឡើងស្រាយបាន យើងលើកទឹកចិត្តផ្ដល់កម្លាំងចិត្តគ្នា»។ នេះជាការលើកឡើងរបស់លោក ឆាយ សុភាព។
 

គ្រូបណ្ដុះបណ្ដាលជំនាញការកសាងស្មារតីក្រុមរូបនេះបន្ថែមទៀតថា ការបណ្ដុះបណ្ដាលស្មារតីក្រុមនេះ មិនសំដៅតែលើក្រុមការងារនៅតាមក្រុមហ៊ុន ឬវិស័យរដ្ឋទេ តែក៏សម្រាប់សិស្សនិស្សិតកំពុងសិក្សាផងដែរ។ ពួកគេគួរមានស្មារតីជាក្រុម ដើម្បីដោះស្រាយកិច្ចការសាលាដែលគ្រូ ឬសាលាដាក់គម្រោងឱ្យស្រាវជ្រាវជ្រាវ ឬសិក្សាជាដើម។
 
នៅចុងខែតុលា និស្សិតពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដភ្នំពេញប្រមាណ ៥០នាក់ បានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលការកសាងស្មារតីក្រុម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រោមតង់ នៅជើងភ្នំគូលែន។ 
 
និស្សិត ស៊ុន សូលីអ៊ីន បានបង្ហាញអារម្មណ៍ប្លែក និងរីករាយក្រោយទទួលការហ្វឹកហ្វឺនការកសាងក្រុម។ ស៊ុន សូលីអ៊ីន រៀបរាប់ថា៖«  គឺបង្រៀនច្រើនទាក់ទងនឹងការកសាងស្មារតីក្រុម ការ Reflection អ្វីដែលបានធ្វើ តើធ្វើម៉េចដើម្បីបណ្ដុះបណ្ដាលខ្លួន និងក្រុមឱ្យរីកចម្រើន និងទំនាក់ទំនងកាន់តែប្រសើរដើម្បីប្រកួតជាមួយអ្នកផ្សេងទៀតឱ្យបានជ័យជំនះ»។
 


ល្បែកកម្សាន្តមួយចំនួនបានធ្វើឱ្យនិស្សិត សូលីអ៊ីន ទាញភ្ជាប់ជាមួយនឹងសកម្មភាពក្នុងសង្គមបច្ចុប្បន្ន ដូចជាស្ទាំងចាប់មេកណ្ដុរ ដែលវាចង់ប្រាប់យុវជនថា ត្រូវចេះរស់នៅបត់បែនតាមសង្គម ចេះឆ្លុះបញ្ចាំង ចេះជួយគ្នា ហើយសង្គមទាំងមូល យើងមិនអាចរស់នៅតែម្នាក់ឯងបានទេ។ សូលីអ៊ីន បន្ថែមថា៖« ទី២ ហ្គេមរៀបដែកគោល យើងតែងនិយាយថា ធ្វើអីអត់បាន ប៉ុន្តែគ្មានអ្វីដែលមិនអាចកើតទេ ឱ្យតែយើងដាក់ចិត្តដាក់កាយ ហើយអត់ធ្មត់ រកវិធីធ្វើឱ្យចេញ និងជោគជ័យទាំងអស់គ្នា»។
 
ចំណែកនិស្សិត កាទឹម រស្មីច័ន្ទ ចង់ឃើញយុវជនចូលរួមការបណ្ដុះបណ្ដាលបែបនេះឱ្យបានច្រើន ព្រោះវាទាក់ទងនឹងការឆ្លុះបញ្ចាំងនៅក្នុងជីវិតសង្គមជាក់ស្ដែង។ កាទឹម រស្មីច័ន្ទ និយាយយ៉ាងដូច្នេះថា៖« ពេលខ្លះយើងជួបបញ្ហាមិនដឹងដោះស្រាយបែបណា ប៉ុន្តែយើងបានចូលរួមការបណ្ដុះបណ្ដាលដូច្នេះ វាជួយឱ្យយើងវាគំនិតសម្រាប់ដោះស្រាយបញ្ហាទាំងនោះបាន»។ 
 
ក្រៅពីនេះនិស្សិតខាងលើ ក៏ចាប់អារម្មណ៍ចំពោះមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រោមតង់ផងដែរ ដែលមានបរិយាកាសទាក់ទាញ ស្រស់ស្រាយ និងអាចគយគន់ធម្មជាតិនៅជើងភ្នំគូលែនបានដោយត្រកាលផងដែរ។


 
មជ្ឈមណ្ឌលក្រោមតង់ ឬក្រោមតង់ទេសចរណ៍អប់រំផ្សងព្រេង បង្កើតឡើងក្នុងនៅចុងឆ្នាំ២០១៧ ក្រោមបេសកកម្មការកសាងស្មារតីក្រុម និងបង្វឹកភាពជាអ្នកដឹកនាំដល់សិក្ខាកាម។ ក្រៅពីផ្នែកហ្វឹកហ្វឺន ក្រោមតង់ក៏ចូលរួមលើកស្ទួយទេសចរណ៍សហគមន៍ និងបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសហគមន៍មូលដ្ឋានបានមួយផ្នែក។ នៅចុងឆ្នាំ២០២២ ស្នាក់កណ្ដាលត្រូវបានប្ដូរទៅកាន់ភូមិចំបក់៣ដើម ឃុំត្បែង ស្រុកបន្ទាយស្រី ឬនៅជើងភ្នំគូលែន។ លោក ឆាយ សុភាព ពន្យល់ថា នៅស្នាក់ការថ្មីផ្ដល់ភាពអំណោយផលច្រើនសម្រាប់ការអនុវត្តការបណ្ដុះបណ្ដាលផង បង្កើតកម្មវិធីទេសចរណ៍បែបផ្សងព្រេងក៏បាន ពិសេសជាកន្លែងលំហែកម្សាន្តសម្រាប់អ្នកដែលមកដល់៕
 

 លោក ឆាយ សុភាព សហស្ថាបនិកមជ្ឈមណ្ឌលក្រោមតង់

Tag:
 ការកសាងក្រុម
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com