ជាតិ
បទសម្ភាសន៍
វីដេអូ
ពីសិស្សពូកែគណិតវិទ្យា លោក ហ៊ុយ ចិន ប្រែក្លាយខ្លួនជាម្ចាស់សាលារៀនមួយ ដើម្បីបណ្ដុះធនធាន
05, Nov 2022 , 9:59 pm        
រូបភាព
លោក ហ៊ុយ ចិន  ម្ចាស់សាលារៀន វឌ្ឍនភាព..
លោក ហ៊ុយ ចិន ម្ចាស់សាលារៀន វឌ្ឍនភាព..
ដោយ៖ សុង សុធាវី
 
 
 ភ្នំពេញ៖ ពីសិស្សពូកែគណិតវិទ្យាក្នុងស្រុកសំរោង ខេត្តតាកែវ លោក ហ៊ុយ ចិន បានប្រែក្លាយខ្លួន ទៅជាម្ចាស់សាលារៀនមួយឈ្មោះថា «វឌ្ឍនភាព» ដែលស្ថិតនៅស្រុកកំណើតតែម្ដង។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ បុរសរាងស្តើងវ័យ៣២ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកបើកសាលាដោយខ្លួនឯង ព្រោះតែចង់ផ្តល់ចំណេះដឹងដល់ក្មេងៗក្នុងតំបន់ ឱ្យរីកចម្រើន និងចង់បង្កើនធនធានមនុស្សក្នុងតំបន់ ដោយមិនឱ្យចំណាកស្រុក ។

 
 
ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក ហ៊ុយ ចិន   ម្ចាស់សាលារៀនវឌ្ឍនភាព  ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ  ដូចតទៅ៖










 លោក  ហ៊ុយ  ចិន  ម្ចាស់សាលារៀនវឌ្ឍនភាព ក្នុងបទសម្ភាសជាមួយ សារព័ត៌មានថ្មីៗ

កញ្ញា សុង សុធាវី៖ លោក ហ៊ុយ ចិន ជាគ្រូបង្រៀនម្នាក់ តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានដំណើការសាលារៀនមួយដោយខ្លួនឯង មានកត្តាសំខាន់អ្វី ដែលជំរុញចិត្តឱ្យលោកហ៊ានបើកសាលាទាំងវ័យក្មេង?
 
 លោក ហ៊ុយ ចិន៖  បាទកត្តាដែលឱ្យខ្ញុំហ៊ានបើកសាលារៀនដោយខ្លួនឯង ក្រោយពេលចេញបង្រៀនប៉ុន្មានឆ្នាំនោះ ព្រោះតែចង់ផ្តល់ចំណេះដឹងដល់ក្មេងៗក្នុងតំបន់ឱ្យមានភាពរីកចម្រើន និងផ្តល់ការងារឱ្យធនធានមនុស្សក្នុងតំបន់មិនឱ្យចំណាកស្រុក ព្រមទាំងចង់ក្លាយជាអ្នកជំនួញជោគជ័យមួយរូបផងដែរ។
 
កញ្ញា សុង សុធាវី៖ បើគិតមកដល់បច្ចុប្បន្ន សាសាមានសិស្សប៉ុន្មាននាក់ ហើយមានធនធានគ្រូប៉ុន្មាននាក់ដែរ?

លោក ហ៊ុយ ចិន៖  បាទសម្រាប់សិស្សយើងមានចំនួនប្រហែល៣០០នាក់ ហើយគ្រូបង្រៀនរាប់ទាំងខ្ញុំទៀត៨នាក់។
 
កញ្ញា សុង សុធាវី៖ មើលទៅជំហានលោកលឿនដែរ ៨ឆ្នាំ បង្រៀនផង បើកសាលាររៀនខ្លួនឯងបានផង តើជំហានដំបូងមានដើមទុនគួរសម ឬ យ៉ាងណាដែរ?
 
លោក ហ៊ុយ ចិន៖ កាលពីដំបូង យើងមានការលំបាកខ្លាំង ដោយរៀបការបានតែ៦ខែ ខ្ញុំសម្រេចចិត្តបើកសាលារៀននេះ ដោយយើងមានទុនតិចតួច បានពីការសន្សំខ្លួនឯងខ្លះ និងបានពីឪពុកម្តាយជួយខ្លះ ដែលអាចឱ្យខ្ញុំដំណើរការសាលានេះបាន តែយើងចាប់ផ្តើមពីលក្ខណៈទ្រង់ទ្រាយតូចមកទេ គ្រាន់តែឱ្យបង្រៀនសិស្សបានតែប៉ុណ្ណោះ។
 
កញ្ញា សុង សុធាវី៖ យើងស្រមៃថា សាលារៀនទើបតែបើកទេ តើលោកធ្វើយ៉ាងណាដែរ ដើម្បីយកបានទំនុកចិត្តពីឪពុកម្តាយសិស្ស?
 
លោក ហ៊ុយ ចិន៖ ទឹកចិត្តឪពុកម្តាយដែលគាំទ្រនោះ ដោយសារគាត់ជឿជាក់ថាខ្ញុំជាគ្រូបង្រៀនមានបទពិសោធន៍នៅសាលារដ្ឋ ហើយមានឈ្មោះល្បី។ មួយទៀតគឺយើងសុទ្ធតែជាអ្នកស្គាល់គ្នា យើងមិនអាចរត់ចោលកូនសិស្ស ឬ បោកកូនសិស្សបានទេ អ៊ីចឹង គាត់ជឿជាក់លើយើង ហើយមួយទៀតនោះ យើងមានទីតាំងខ្លួនឯង ដែលឱ្យពួកគាត់មានតែមានទំនុកចិត្តច្រើន។
 
កញ្ញា សុង សុធាវី៖ លោកបង្រៀនខ្លួនឯងផង ហើយបើកសាលាខ្លួនឯងផង តើលៃពេលយ៉ាងណាដែពេលនោះ?
 
លោក ហ៊ុយ ចិន៖ និយាយទៅពេលវេលាយើងលំបាក ពេលយើងទៅបង្រៀនសាលារដ្ឋមានអារម្មណ៍ថា សាលារៀនឯកជនយើងខ្វះអ្នកគ្រប់គ្រង ប៉ុន្តែពេលយើងទំនេរពីរដ្ឋ ឯកជនបានគ្រប់គ្រងទៅមានអារម្មណ៍ថាកក់ក្តៅ។ ថ្ងៃមួយខ្ញុំបានបណ្តុះអ្នកជិតស្និទជាមួយខ្ញុំឱ្យគាត់ចេះគ្រប់គ្រង ដើម្បីងាយស្រួលក្នុងពេលណាមួយដែលខ្ញុំមិននៅ  និងឱ្យការសម្រេចចិត្ត តាមរយៈទូរសព្ទដៃពីគ្នាបាន។
 
កញ្ញា សុង សុធាវី៖ បើកសាលារៀនហើយ លោកគឺជាអ្នកជំនួញមួយរូប តើមានការបត់បែនការងារយ៉ាងណាដែលប្លែកពីកាបង្រៀនតែមួយមុខ?
 
លោក ហ៊ុយ ចិន៖ ក្នុងនាមយើងធ្លាប់តែធ្វើការ តែនៅពេលដែលបើកជំនួញខ្លួនឯង យើងត្រូវត្រៀមច្រើន ត្រៀមថវិកា សម្ភារៈ កម្មវិធីសិក្សា ហើយមួយទៀតការត្រៀមធំជាងគេគឺត្រៀមចិត្តតែម្តង ព្រោះថា ការបើកសាលាដំបូង យើងមិនប្រាកដថា មានសិស្សមករៀន ឬអ្នកដែលគាំទ្រយើងច្រើននោះទេ តែខ្ញុំបានជំនះចិត្តខ្លួនឯងថា ខ្ញុំធ្វើបែបណា ដើម្បីឱ្យសាលារៀននេះអាចដំណើរការបានយូរអង្វែងបាទ។
 
កញ្ញា សុង សុធាវី៖ ខ្ញុំជឿជាក់ថាមានអ្នកមួយចំនួនចង់បើកសាលាដែរ តើលោកមានការចែករំលែកយ៉ាងណា ដើម្បីឱ្យសាលារៀននេះដើរទៅមុខបាន?
 
លោក ហ៊ុយ ចិន៖ ដើម្បីឱ្យសាលាមួយដើរបានតាមបទពិសោធន៍ខ្ញុំ ត្រូវត្រៀមថវិកា និងបទពិសោធន៍។ កាលណាយើងមានបទពិសោធន៍លើផ្នែកអប់រំទៅ មានអារម្មណ៍ថាកក់ក្តៅ។ មួយទៀតកម្មវិធីសិក្សាច្បាស់លាស់ និងការតាំងចិត្តខ្ពស់។ សម្រាប់ខ្ញុំមានការតាំងចិត្តខ្ពស់ព្រោះថាការធ្វើការងារអ្វីមួយមិនងាយឱ្យផលភ្លាមៗនោះទេ។ 
 
កញ្ញា សុង សុធាវី៖ ក្រៅពីលោកផ្ទាល់បានតាំងចិត្ត តើមានការលើកទឹកចិត្ត និងដឹកនាំធនធានមនុស្សក្នុងស្ថាប័នដូចម្តេចដែរ?
 
លោក ហ៊ុយ ចិន៖ ចំពោះការដឹកនាំ ខ្ញុំព្យាយាមរកបុគ្គលិកដែលល្អៗនៅក្នុងតំបន់ ហើយយើងធ្វើទីផ្សារឱ្យត្រូវជាមួយសិស្ស និង ឪពុកម្តាយ ដោយការផ្តល់ភាពស្និទស្នាលជាមួយពួកគាត់ និងត្រៀមកញ្ចប់សម្រាប់ទ្រទ្រង់សាលាពេលមានវិបត្តិ ព្រមទាំងកញ្ចប់សម្រាប់ការងារមនុស្សធម៌ផងដែរ។
 
កញ្ញា សុង សុធាវី៖ ចំពោះកម្មវិធីសិក្សាវិញមានទាំង ភាសាខ្មែរ អង់គ្លេស និងចិន តើលោកមានការពង្រឹងគុណភាពអប់រំទាំងនេះដូចម្តេចដែរ?
 
លោក ហ៊ុយ ចិន៖ បាទចំពោះភាសាបរទេសពីរនេះ គឺខ្ញុំស្ទាត់តែភាសាអង់គ្លេសទេ តែភាសាចិន ខ្ញុំនៅមានកំរិត។ ដូចនេះខ្ញុំ ជ្រើសរើសអ្នកមានជំនាញភាសានេះ ដែលជាអ្នកមានជំនាញបកប្រែក្នុងរោងចក្រ ហើយសុទ្ធតែជាអ្នកដែលជិតស្និទនឹងខ្ញុំ។ រីឯភាសអង់គ្លេសវិញ យើងជ្រើសយកអ្នកដែលចប់កម្រិតបរិញ្ញាបត្រដែរ។ មួយទៀតខ្ញុំពង្រឹងការតេស្តសម្ថភាព ដោយរៀបចំការប្រឡងប្រចាំខែ និងរៀងរាល់បីខែម្តងព្រមទាំងចុះត្រួតពិនិត្យដោយខ្លួនឯងផ្តាល់តែម្តង។ 
 
កញ្ញា សុង សុធាវី៖ តើលោកអាចធានាបានដូចម្តេចចំពោះសាលារៀនវឌ្ឍនភាពនេះ ដែលលោកខំបង្កើតឱ្យស្របតាមស្តង់ដារនៃក្រសួងអប់រំ យុវជន និង កីឡា?
 
លោក ហ៊ុយ ចិន៖ ខ្ញុំព្យាយាមឱ្យស្របតាមក្រសួងអប់រំ យុវជន និងកីឡា ហើយព្យាយាមពង្រឹងគុណភាពសិស្សឱ្យបាន តាមតែលទ្ធភាពរបស់ខ្ញុំផ្ទាល់។
 
កញ្ញា សុង សុធាវី៖ លោកបើកដំណើរការសាលារៀននេះ៨ឆ្នាំហើយ តែទើបតែ៣ឆ្នាំចុងក្រោយទេដែលស្របតាមស្តង់ដារ តើស្តង់ដារនោះមានអ្វីខ្លះ?
 
លោក ហ៊ុយ ចិន៖ បាទទី១ យើងត្រូវបំពេញលក្ឋខណ្ឌឱ្យស្របតាមច្បាប់នៅក្រសួង ឬ មន្ទីអប់រំខេត្ត។ បន្ទាប់មកត្រូវមានអគារ និងកម្មវិធីសិក្សាស្របតាមក្រសួងអប់រំ។ រឹតតែសំខាន់គឺធនធានមនុស្សដែលពូកែៗ នៅក្នុងតំបន់។ ទាំងនេះជួយខ្ញុំបានច្រើនមែនទែន ក្នុងការធ្វើឱ្យមានគុណភាព ហើយចុងក្រោយគឺ អាជ្ញាប័ណ្ណក្នុងការធ្វើអាជីវកម្មតែម្តង។ ទាល់តែយើងមានបេះដូងជាអ្នកអប់រំ ទើបអាចធ្វើអាជីវកម្មទៅបានល្អ និងជោគជ័យ៕
 

 លោក  ហ៊ុយ  ចិន  ម្ចាស់សាលារៀនវឌ្ឍនភាព

© រក្សាសិទ្ធិដោយ thmeythmey.com