កីឡាជាតិ
ជាតិ
ពានសម្ដេច ហ៊ុន សែន៖ វិសាខា និងបឹងកេតដណ្ដើមជើងឯក ក្រោយអគ្គិសនីកម្ពុជាប្រជែងលេខ៣ ជាមួយភ្នំពេញក្រោន
06, Nov 2022 , 7:59 am        
រូបភាព
លោក មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា រូ​បពី Cambodian Premier League
លោក មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា រូ​បពី Cambodian Premier League
ក្លិបវិសាខា ក្រុមការពារតំណែងជើងឯក ត្រូវប្រកួតជាមួយ បឹងកេតវគ្គផ្ដាច់ព្រ័ត្រដណ្តើមជើងឯក ពានសម្ដេច ហ៊ុន សែន នៅថ្ងៃទី៦ វិច្ឆិកា វេលាម៉ោង ៦:៣០នាទីល្ងាច។ តើវិសាខា អាចគ្រងជើងឯកជា លើកទី៣ ឬបឹងកេតជាលើកទី២?

 
លោក មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ទាំងមានជំនឿចិត្តថា ក្រុមវិសាខា អាចនឹងឈ្នះពានរង្វាន់នេះ ព្រោះកីឡាកររបស់ខ្លួន មានសមត្ថភាព និងមានសាមគ្គីភាព។ 
 
«យើង មានកីឡាករដែលមានសមត្ថភាពជាច្រើន។ កីឡាកររបស់យើង មានសាមគ្គីភាពជាក្រុម។»។ លោក មាស ចាន់ណា បាននិយាយដូច្នេះ។
 
ជាមួយគ្នានេះដែរ លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត បានប្រាប់ថា បឹងកេត ត្រូវត្រៀមលក្ខណៈឲ្យបានល្អទ្វេដង ព្រោះវិសាខា គឺជាក្រុមដែលជោគជ័យខ្លាំងក្នុងពានរង្វាន់ ១នេះ។ គ្រូបង្វឹករូបនេះ ប្រាប់ដូច្នេះថា៖« ចំពោះការជួបជាមួយក្លឹបវិសាខានេះ ការត្រៀមខ្លួនរបស់យើង គឺត្រូវរៀបចំឲ្យបានល្អជាងមុនទ្វេដង ព្រោះយើងដឹងហើយវិសាខា ជាក្លឹបមួយជោគជយ័មែនតែនក្នុងពាន់សម្ដេច។»។
 
កាលប្រកួត នាឆ្នាំ២០២១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិសាខា បានវាយបកយកឈ្នះ បឹងកេត ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Cambodian Airway មុនបឹងកេតនាំមុខ ១-០ នៅតង់ទី១។ កីឡាករ ច្រឹង ពលរដ្ឋ រកគ្រាប់បាល់ទី២ នៅនាទី៧៥ បន្ទាប់ពី កែវ សុផេង រកបាន១គ្រាប់ តាមស្មើបឹងកេត នៅនាទី៦០។ ដោយឡែក នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់ជើងឯក២ សម័យកាល វិសាខា ត្រូវជួបបឹងកេត ម្ចាស់ជើងឯកឆ្នាំ២០១៩ នៅវេលាម៉ោង ៦:៣០ ល្ងាច នៅកីឡដ្ឋាន Smart RSN។
 
ក្នុងថ្ងៃជាមួយគ្នានេះ នៅកីឡដ្ឋានដដែរ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ អគ្គិសនីកម្ពុជា នៅវេលាម៉ោង ៣:៣០ រសៀល។ 
 
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេលេក្រាមថា ក្រុមរបស់លោក ចង់បានជ័យលាភីលេខ៣នេះ ប៉ុន្ដែ គ្រូបង្វឹករូបនេះ បាននិយាយទាំងមិនអាចមើលស្រាលដៃគូថា អគ្គិសនីកម្ពុជា មិនមែនជាក្រុមមានសមត្ថភាពខ្សោយទេ។ ម្យ៉ាងវិញទៀត កីឡាកររបស់ក្រុមនេះ សុទ្ធតែជាកីឡាករវ័យក្មេងហើយមានសមត្ថភាព និងបទពិសោធន៍ច្រើនក្នុងការប្រកួត។
  

លោក ហៅ សុជាតិ គ្រូបង្វឹកក្លិបបឹងកេត។ រូបពី Cambodian Premier League

«នេះ គឺរឿងពិបាកមួយ ព្រោះយើង ប្រើប្រាស់កីឡាករក្មេងៗជាច្រើន។ ខ្ញុំ គិតថាអគ្គិសនីកម្ពុជា មានកីឡាករដែលមានសមត្ថភាព ល្អ ហើយពួកគេអាចប្រកួត និងរត់លឿន ដូចជាកីឡាករក្រុមខ្ញុំដែរ។ នេះ គឺជាប្រកួត ដែលនឹងបង្ហាញថានរណា ជាអ្នកគ្រប់គ្រងបាល់បានច្រើនជាង។ ពិតណាស់ យើងបានត្រៀមខ្លួន និងរៀបចំលក្ខណៈប្រយុទ្ធ ហើយត្រៀមខ្លួនរួចរាល់សម្រាប់ការវាយសម្រុកយ៉ាងលឿនៗ។ យើង មានខ្សែប្រយុទ្ធស្លាប យ៉ាងលឿន។ ប៉ុន្ដែអ្វីដែល សំខាន់ទៀតនោះ គឺ ទាំងលឿន ព្រមទាំងការបង្កើតឱកាស។ បើទោះជា អគ្គិសនីកម្ពុជា ប្រកួតនៅលីគ២ ប៉ុន្ដែពួកគេ គឺជាជើងឯក។ ដូច្នេះ ការប្រកួតនេះ កីឡាកររបស់យើង ត្រូវបង្កើតឱកាសឲ្យបាន។»។ លោក Oleg Starynskyi បានប្រាប់ដូច្នេះ។
 
ជាមួយគ្នានេះដែរ លោក ទុំ សារ៉ាយ​ គ្រូបង្វឹកក្រុមបាល់ទាត់អគ្គិសនីកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា កូនក្រុមខ្លួន បានប្រឹងប្រែងហ្វឹកហាត់ ដោយបានផ្ដោតលើគោលដៅបន្ទាប់ពីជើងឯកលីគ២ គឺការយកជ័យលាភីលេខ៣ ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន។ គ្រូបង្វឹករូបនេះ និយាយថា៖« កីឡាករ មានការហ្វឹកហាត់ និងស្មារតីខ្លាំងជាងមុន។ យើង មានការប្ដេជ្ញាចិត្តក្នុងការយកលេខ៣ ឲ្យបាន។»៕
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com