ជាតិ
យុវជន ខុន ប្រុស​ពៅ៖ «រៀន​​កសិកម្ម ព្រោះ​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរមាន​សុខភាពល្អ» ​
06, Nov 2022 , 10:50 am        
រូបភាព
 លោក ខុន ប្រុស​ពៅ និស្សិតកសិកម្ម​ ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល
លោក ខុន ប្រុស​ពៅ និស្សិតកសិកម្ម​ ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល
ភ្នំពេញ៖ យុវជន ខុន ប្រុស​ពៅ ជា​និស្សិត​សិក្សា​ជំនាញ​វិទ្យាសាស្រ្តកសិកម្ម នៃ​សាកល​វិទ្យាល័យ​ស្វាយ​រៀង កំពុង​ចុះ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល រយៈពេល​១១ខែ។ មូលហេតុ​៤យ៉ាងដែល​ជំរុញ​ឱ្យ​យុវជន ប្រុសពៅ ​ជ្រើស​រើស​ផ្នែក​កសិកម្ម​ គឺ​លោក​ចង់​​ឱ្យពលរដ្ឋ​ខ្មែរមានសុខភាពល្អ, ចង់​កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋខ្មែរ, ចង់ជំរុញសេដ្ឋកិច្ចនៅ​ក្នុង​សហគមន៍ និង​ចង់ឱ្យ​កសិករខ្មែរ​ផលិត​អ្វី​ជារបស់ខ្មែរ រួម​មានជី ថ្នាំ និង​ពូជ​ដំណាំ។​ លើស​ពីនេះ យុវជន​រូបនេះ យល់ថា​ការ​មិន​មាន​ស្ថាប័ន ឬអង្គភាពធានាសុត្ថិភាពចំណីអាហារថ្នាក់ជាតិ  ជាហេតុធ្វើឱ្យ​កសិផលលក់បានតម្លៃទាប និងមិនសូវចំណេញ។​


មាន​ស្រុក​កំណើត​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង យុវជន ខុន ប្រុស​ពៅ បាន​ជ្រើសរើស​ជំនាញវិទ្យាសាស្រ្តកសិកម្ម ដើម្បី​បន្ត​ការ​សិក្សាថ្នាក់​ឧត្តម នៅ​សាកលវិទ្យាល័យ​ស្វាយ​រៀង​ ​ក្រោយ​ប្រឡងជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិនៅឆ្នាំ​២០១៩​។ គោលបំណង​នៃ​ការសិក្សា​ជំនាញ​កសិកម្ម គឺ​អតី​តសិស្ស​វិទ្យាល័យកំពង់សំរោងរូបនេះ ចង់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម ដោយ​បារម្ភពីសុខភាពសាធា​​រណៈរបស់ប្រជាជនខ្មែរ។ បច្ចុប្បន្ន យុវជនវ័យ​​២៣ឆ្នាំ​រូបនេះ កំពុងចុះ​​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល រយៈ​ពេល​១១ខែ។​
 
សូមស្ដាប់សំឡេង​កិច្ច​សម្ភាស​រវាង​អ្នក​ស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកា​សារព័ត៌មាន Thmey Thmey 25 ជា​មួយ​យុវជន ខុន ប្រុសពៅ និស្សិត​កសិកម្មកំពុង​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល ដូច​តទៅ៖​







ញឹក ស្រីល័ក្ខ៖ ហេតុអ្វីបានជាលោក ចាប់អារម្មណ៍សិក្សាផ្នែកកសិកម្ម?
 
ខុន ប្រុស​ពៅ៖ ខ្ញុំ​​មានហេតុផល៤យ៉ាង​ ដែលជំរុញ​ឱ្យ​ខ្ញុំជម្នះ​ឧបសគ្គ ដើម្បីរៀនជំនាញកសិកម្មនេះ។ ហេតុផល​​ទី១ ដោយសារ​ខ្ញុំចង់ឱ្យ​សុខភាពខ្លួនឯង សុខភាពគ្រួសារ និងជាពិសេសសុខភាពរបស់ប្រជាជនខ្មែរ ឱ្យ​ពួក​គាត់​មានសុខភាពល្អ។ ខ្ញុំ​យល់​ថា ប្រសិនជា​ពលរដ្ឋខ្មែរ​ ឬ​ក៏​មន្រ្តី​តាម​ស្ថាប័ន​នីមួយ​ៗ​​មានសុខភាពល្អ នោះ​ពួក​គាត់​បំពេញការងារតាមវិស័យ​ តាម​ក្រសួង​ស្ថាប័ននីមួយៗបានល្អ។ 
 
ហេតុផល​ទី​២ ដោយសារ​ខ្ញុំមើល​ឃើញ​ថា​មនុស្សចាស់ គាត់​ត្រូវ​ឃ្លាតឆ្ងាយពីកូនរបស់ខ្លួន ដើម្បីចំណាកស្រុកទៅធ្វើការនៅស្រុកគេ។ នៅពេល​ដែលខ្ញុំមើល​ដល់ចំណុចនេះ ខ្ញុំ​គិត​ដល់​រឿង​ការងារ​ ព្រោះការងារ​ទើប​ពួក​គាត់ចំណាកស្រុក។ ដូច្នេះ​ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​វិស័យ​កសិកម្ម​ ខ្ញុំ​គិត​ថា​បើខ្ញុំ​មាន​ជំនាញ​ មាន​ចំណេះ​ មាន​បច្ចេកទេស​ទាក់ទង​នឹង​កសិកម្ម​ គឺខ្ញុំ​អាច​មាន​សមត្ថ​ភាព​ និង​លទ្ធភាព ក្នុងការបង្កើត​ការងារ​ជូន​ពួក​គាត់​តាមរយៈ​បង្កើត​កសិដ្ឋាន,ការបើកក្រុមហ៊ុន,រោងចក្រវេចខ្ចប់​ជាដើម​។ ម៉្យា​ង​ទៀត ការ​ចំណាក​ស្រុក​ នឹង​កាត់​បន្ថយ។ 


 កសិដ្ឋាន​ដាំចេក​ដែល​លោក ខុន ប្រុស​ពៅ ចុះ​ហាត់​ការ

ហេតុផលទី៣ ខ្ញុំចង់ចូលរួមជំរុញ​ឱ្យ​សេដ្ឋកិច្ចរបស់ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឬ​ក្នុង​សហគមន៍ មាន​ជីវភាព​ប្រសើរ​ជាង​មុន។ ដូច្នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មក​រៀន​កសិកម្ម​ ដើម្បី​ទទួលបាន​ការ​អប់រំ​ផ្នែក​បច្ចេកទេស​ ចំណេះ​ជំនាញ​កសិកម្ម។ នៅ​ពេល​ដែលខ្ញុំ​​ទទួល​បាន​ការ​អប់រំ​ផ្នែកកសិកម្មរួច ខ្ញុំ​​មាន​សមត្ថ​ភាព​ និង​លទ្ធភាព​ក្នុងការ​បង្កើត​នូវ​ស្នាដៃ​ទាក់ទងនឹង​កសិកម្ម។​
 
ចំពោះ​ហេតុផលទី៤ ដោយសារ​ខ្ញុំ​ចង់ចូល​រួម​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្មែរអាចពឹងខ្លួនឯងបាន។ ចំណុច​កន្លែង​នេះ ចង់​មានន័យថា យើងមានគ្រាប់ពូជជារបស់យើង យើងមានជីជារបស់យើង ហើយ​យើងមានថ្នាំ​កសិកម្ម​ជា​របស់​យើង​ ជាពិសេស​​យើងមាន​​សម្ភារកសិកម្មសម្រាប់​អនុវត្ត​ក្នុង​វិស័យ​កសិកម្ម​ជារបស់យើង។ នៅ​ពេល​យើង​មាន​របស់​ទាំង​អស់​នេះជា​របស់​យើង​ហើយ យើង​កាត់បន្ថយ​ការ​ចំណាយ​ ព្រោះ​មិន​ចាំ​បាច់​ទិញ​មក​ពី​ខាង​ក្រៅ។​
 
ញឹក ស្រីល័ក្ខ៖ តើលោកធ្វើបែបម៉េច ទើបមានឱកាសទៅហាត់ការនៅប្រទេសអ៊ីស្រាអែល?
 
ខុន ប្រុសពៅ៖ ដើម្បីបានធ្វើជានិស្សិតហាត់ការនៅប្រទេសអ៊ីស្រាអែលរយៈពេល​១១​ខែ​នេះ ខ្ញុំបានដាក់ពាក្យធ្វើតេស្តភាសាអង់គ្លេស និងតេស្តសុខភាព តាមរយៈ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលជាសាលាដៃគូរបស់សាកលវិទ្យាល័យស្វាយរៀង។
 


ទីតាំងស្ដុកផ្លែចេក នៅ​ប្រទេស​អ៊ីស្រាអែល ដែល​លោក ខុន ប្រុស​ពៅ ចុះ​ហាត់ការ

ញឹក ស្រីល័ក្ខ៖ សម្រាប់លោក ខុន ប្រុស​ពៅ តើគិតថា​ការហាត់នេះ មានសារៈសំខាន់សម្រាប់លោក  ឬទេ? ហេតុអ្វី?
 
ខុន​ ប្រុស​ពៅ៖ ចំពោះ​ការហាត់ការនេះ មានសារៈ​សំខាន់ណាស់សម្រាប់ខ្ញុំ ដោយ​សារ​​ខ្ញុំមានឱកាសទទួលបានបច្ចេកទេសកសិកម្មបន្ថែមពី​ប្រទេស​អ៊ីស្រាអែល​ មាន​ន័យថា ខ្ញុំ​ទទួល​បាន​ការ​អប់រំ​បច្ចេកទេសកសិកម្ម​នៅ​ខ្មែរផង និង​នៅ​អ៊ី​ស្រាអែលផង តាមរយៈ​រៀន​នៅ​ក្នុង​ថ្នាក់​ និង​នៅ​ក្នុង​កសិដ្ឋានផ្ទាល់​។​ ចំណុច​ពិសេសមួយ​ទៀត ធ្វើ​ឱ្យ​ខ្ញុំមានឱកាសបានពង្រឹងភាសាអង់គ្លេសបន្ថែម ដែលជាមូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ទៅ​រៀន​ថ្នាក់​អនុបណ្ឌិត។
 
ញឹក ស្រីល័ក្ខ៖ ការ​ហាត់​ការ​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​លោក។ តាមរយៈបទពិសោធនៃការហាត់ការនេះ នឹងធ្វើឱ្យលោកយល់ដឹងអ្វីខ្លះ? ជួយអ្វីខ្លះដល់លោក? លោក នឹងយកចំណេះដឹងទាំងនោះ មកអភិវឌ្ឍន៍វិស័យកសិកម្មយ៉ាងណាខ្លះ​?
 
ខុន ប្រុស​ពៅ៖ ចំពោះ​ការ​ហាត់​ការនេះ អ្វី​ដែល​ខ្ញុំ​យល់​ដឹង​ដំបូង​គេនោះ ទាក់ទង​នឹង​ការ​បំពេញបែបបទឯកសារផ្សេងៗ និង​នីតិវិធី​​ផ្សេងៗ យល់ដឹងពីទំនាក់ទំនងការទូតបានខ្លះៗ។ ចំណុច​ពិសេស​​ដែល​ខ្ញុំ​ទទួល​បាន​ បន្ទាប់ពី​​រស់​នៅទីនេះ​មួយរយៈ​នោះគឺ​ ទាក់​ទង​នឹង​របៀប​រស់នៅ​ថ្មី​ ជា​ពិសេស​នៅ​ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​កសិដ្ឋាន​ផ្ទាល់​។ កាល​នៅ​ខ្មែរ​ ខ្ញុំ​មាន​ចម្ងល់​ខ្លះ​ៗទាក់ទងនឹង​ការ​រៀប​ចំ​ដី​ ព្រោះ​ដី​នៅទីនោះ​ជា​ប្រភេទ​ដី​ខ្សាច់​ និង​សម្បូរ​ថ្ម ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​គេ​ធ្វើ​កសិកម្ម​កើត​​។ ក្នុងរយៈពេល ​១១ខែនេះ ខ្ញុំ​ចុះ​កសិដ្ឋាន​ និង​រៀន​នៅ​ក្នុង​ថ្នាក់​ដែល​មាន​ ១១​មុខ​វិជ្ជា​ រួម​មាន​ របៀបធ្វើគម្រោងស្រាវជ្រាវ, ដំណាំបន្លែ, ការការពាររុក្ខជាតិ, សេដ្ឋកិច្ចកសិកម្ម និងសហគ្រាស, ស្តង់ដារផលិតកម្មអន្តរជាតិ និងនិរន្តរភាព, ការដាំដើមឈើហូបផ្លែ, បច្ចេកទេសក្រោយប្រមូលផល, ការរៀបចំប្រព័ន្ធធារាសាស្រ្តបែបទំនើប, អាហារូបត្ថម្ភ, ផលិតកម្ម និង​ការផ្សព្វផ្សាយកសិកម្ម។ ខ្ញុំនឹងយកបច្ចេកទេសដែលខ្ញុំទទួលបានពីការធ្វើដោយផ្ទាល់នៅក្នុងកសិដ្ឋាន និងមេរៀនពីការរៀននៅក្នុងថ្នាក់ ទៅរៀបរៀងធ្វើជាសៀវភៅសម្រាប់ទុកចែករំលែកដល់​យុវជន​ សិស្ស​ប្អូន​ និង​ពលរដ្ឋ​ផ្សេង​ទៀត មាន​បំណង​សិក្សា​ស្វែង​យល់​បច្ចេកទេសកសិកម្ម​ក្នុង​ប្រទេស​អ៊ីស្រាអែល។ 

ញឹក ស្រីល័ក្ខ៖ ក្នុងនាមជាយុវជន ជាពិសេសជានិស្សិតកសិកម្ម លោក មើលឃើញវិស័យកសិកម្មនៅកម្ពុជា មានភាពប្រសើរឡើងទេ ឬមួយនៅជួបបញ្ហានៅឡើយ។ តើលោក នឹងរួមចំណែកបែបណា​ ដើម្បីឱ្យវិស័យកសិកម្មរីកចម្រើន?
 
ខុន ប្រុស​ពៅ៖ ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា កសិកម្មនៅកម្ពុជាយើងមានភាពប្រសើរជាងពីមុន នេះ​បើ​យើង​ប្រៀប​ធៀប​កាល​ពី​៥​ឆ្នាំ​មុន ដែល​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​របស់​កសិករ​មិន​សូវ​មាន​ទេ។ ជាក់​ស្ដែង បច្ចុប្បន្ន​កសិករ​មាន​ទូរសព្ទ​ដៃ​ច្រើន ដូច្នេះ​ការ​ប្រើ​ប្រាស់​ទូរ​សព្ទ​ដៃ​ Facebook YouTube គឺ​មាន​ប្រយោជន៍​ដល់​ពួក​គាត់ ព្រោះអ្នកបច្ចេកទេសបានប្រើប្រព័ន្ធឌីជីថល សម្រាប់ផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ។ ប៉ុន្តែបើយើងប្រៀបធៀបកម្ពុជា​ជាមួយបណ្ដាប្រទេសផ្សេងទៀត កសិកម្មប្រទេសយើងមិនមានភាពរីកចម្រើនដូចប្រទេសគេនោះទេ។ យើង​គ្រាន់តែ​មាន​ភាព​ប្រសើរ​ជាមួយ​កម្ពុជា​​ពីអតីត​កាល។​ ខ្ញុំ​និយាយដូច្នេះ ខ្ញុំ​មិន​បាន​បន្ទោស​ភាគី​ណា​មួយទេ បញ្ហាដែល​យើង​មិន​ទាន់​រីកចម្រើន​ដូចគេនេះ យើង​អាច​ដោះ​ស្រាយ​បាន តាម​រយៈ​ការ​រៀន។ 
 
ការ​រៀន​​ត្រង់​ចំណុច​នេះ ខ្ញុំ​ចង់​និយាយថា យើង​ឃើញ​បញ្ហាអ្វី​មួយ​ យើង​ត្រូវ​ដឹង​ពី​វិធីដោះ​​ស្រាយ​វា​ ដូច​យើង​ឃើញ​បញ្ហា​កសិកម្មអ៊ីចឹង​។ តើ​យើង​រៀន​ពី​អ្វី?​ យើង​រៀន​ពី​ការ​រៀបចំដី តើដីនោះល្អសម្រាប់ដំណាំទេ ហើយ​មានសារធាតុគីមីពុលទេ ជាកន្លែងផ្ទុកប្លាស្ទិក​ឬ​អត់។ ទាក់​​ទង​នឹង​ការដាំ តើបានគ្រាប់ពូជ​មកពីណា ហើយ​គ្រាប់ពូជនោះ ទទួលស្គាល់ដោយស្ថាប័នណា។ ចំណែក​ការថែទាំ តើការប្រើប្រាស់ជីកំប៉ុស្ត ឬជីគីមី ឬជីទឹក ប្រើប្រាស់ក្នុងកម្រិតមួយដែលត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុន ឬក្រសួងដែរទេ ហើយប្រើប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដូចម្ដេចដែរ? ចំណុច​ទាំង​នេះ យើង​ត្រូវ​រៀន​ពី​វា​។ បន្ទាប់​មក គឺ​ការប្រមូលផល តើការប្រមូលផលប្រើមធ្យោបាយអ្វីខ្លះ ហើយ​យើង​ប្រមូល​ផល​យ៉ាង​ម៉េច​? មួយ​ទៀត ទាក់​ទង​នឹង​ការវេច​ខ្ច​ប់ និងទុកដាក់ តើ​ការវេចខ្ចប់ត្រឹមត្រូវទេ មានកំណត់សម្គាល់​ថា បន្លែនេះមកពីកសិដ្ឋានណា មានធានាសុវត្ថិភាពចំណីអាហារទេ។
  

លោក ខុន ប្រុស​ពៅ និស្សិតកសិកម្ម​ ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល

បញ្ហាបន្តទៀត គឺ​អ្នកដាំ អ្នក​ដាំ​គាត់មិនយល់ពីតម្រូវការរបស់ទីផ្សារ។ ជា​ការ​ចូលរួម​របស់​ខ្ញុំ​ ពាក្យ​តាម​តម្រូ​វ​ការ​ទីផ្សារ​ គឺ​យើង​មិនទាន់​មាន​ស្ថាប័ន​ធានា​សុវត្ថិភាពចំណី​អាហារ​ថ្នាក់​ជាតិ។ ការ​ធានា​សុវត្ថិភាព​ចំណី​អាហារ​ថ្នាក់​ជាតិ គឺ​ជា​ធានា​ចំពោះ​ដី​ដែល​ដាំ​បន្លែ តើ​ដី​នោះ​មាន​សារធាតុ​គីមី​ឬ​អត់ តើយើង​ហូប​បន្លែនោះទៅ​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ឬ​អត់។ ទី​ផ្សារ​ គេ​ត្រូវ​ការ​បន្លែ​ដែល​ដាំ​លើ​ដីល្អ គ្មានជាតិ​គីមី។ បញ្ហាខ្វះ​សម្ភារ​កសិកម្ម​ ខ្សែ ប្លាស្ទិក ទុយោទឹក គឺ​យើង​ទាន់​មាន​ទេ ភាគ​ច្រើន​យើង​ទិញ​ពី​គេ។ យុវជន​មិន​គួរ​ចំណាយ​ពេល​ទៅ​បន្ទោស​អ្នក​ណា​ទេ​ ឃើញ​បញ្ហារួច​ចូលរួម​ដោះ​ស្រាយ។ បញ្ហា​ចុង​ក្រោយ គឺ​ការរៀបចំប្រព័ន្ធទឹក នៅ​ប្រទេស​យើង និង​អ៊ី​ស្រា​អែល មិន​ដូ​ច​គ្នាទេ។ 

ទឹកទន្លេ និងទឹកក្នុងដីយើងមានស្រាប់ គ្រាន់តែយើងរៀបចំធ្វើជាប្រព័ន្ធ ឱ្យ​សមស្របទៅនឹងតម្រូវការកសិកម្មរបស់យើង។ នៅ​អ៊ី​ស្រាអែល គេបូម​ទឹក​ពី​សមុទ្រ​ យក​មក​បន្សាប ដើម្បី​បានទឹក​សាប ប្រើ​ប្រាស់​ក្នុង​វិស័យ​កសិកម្ម គេ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន។ យើងមានទឹកប្រើប្រាស់ យើងមានដីដែលមានជីជាតិ និងមានអាកាសធាតុសមស្រប បើយើងដោះស្រាយបញ្ហាទាំងនេះបាន កសិផលនឹងលក់បានតម្លៃខ្ពស់។ នេះហើយពាក្យថា កសិផលមានទីផ្សា គឺកសិផលមានស្តង់ដា ហើយសេដ្ឋកិច្ចរបស់កសិករនឹងមានភាពប្រសើរឡើង សេដ្ឋកិច្ចជាតិនឹងរីកចម្រើន ។
 
ញឹក ស្រីល័ក្ខ៖ តើលោក មានសារអ្វីលើកទឹកចិត្តដល់យុវជន ឲ្យមានភាពក្លាហាន ក្នុងការចាប់មុខរបរ ឬអាជីពក្នុងវិស័យកសិកម្មនេះទេ? 
 
ខុន ប្រុស​ពៅ៖ ជា​ការ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ផ្សេង​ទៀត ជា​ពិសេស​សិស្ស​ប្អូន ខ្ញុំ​សូម​ចែក​រំលែក​បទពិសោធន៍របស់​ខ្ញុំ មុន​ខ្ញុំ​រៀន​ជំនាញ​នេះ។ ពេលខ្ញុំរៀនកសិកម្ម គឺខ្ញុំ​មិនមានការគាំទ្រពីគ្រួសារនោះទេ ព្រោះពួកគាត់ខ្វះព័ត៌មានទាក់ទងនឹងជំនាញនេះ គាត់ថា រៀនធ្វើអ្វី រៀនហើយធ្វើស្រែដដែល បន្លែផ្លែឈើដាំហើយ គ្មានទីផ្សារដដែល។ គាត់និយាយនេះ ព្រោះគាត់មិនបានស្រាវជ្រាវ អ៊ីចឹងយើងកុំខឹងគាត់ ហើយកុំបោះបង់គោលដៅចោល។ យើង​មិនត្រូវប្រកែកជាមួយពួកគាត់ដែរ។ យើងត្រូវផ្ដល់ព័ត៌មានជូនគាត់ថា ជំនាញកូនរៀន គឺអាចធ្វើជាគ្រូបង្រៀននៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និងក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ហើយក៏អាចបើកអាជីវកម្ម ឬក្រុមហ៊ុនបានដែរ។ឧទាហរណ៍៖ បើកសិដ្ឋានដាំបន្លែ បើកលក់គ្រាប់ពូជ  បើកលក់ជី បើកលក់សម្ភារកសិកម្មជាដើមជាដើម។ ការ​ដាំ​បន្លែ​ដែល​​សុវត្ថិភាព​ ជួយ​ដល់​សង្គម​ ជួយ​ដល់​សុខ​ភាព​សាធារណជន៕​
 
 

Tag:
 កសិកម្ម
  អ៊ីស្រាអែល
  ស្វាយរៀង
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com