កីឡាជាតិ
ជាតិ
គុនខ្មែរ៖ឈុត សិរីវ៉ាន់ថង ជួបសូត្រ វាសនា ចំណែកឃុន បូរ៉ា ប៉ះវ៉ាន់ វឿន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
06, Nov 2022 , 11:59 am        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម វ៉ាន់ វឿន (ហ្គង់ក្រហម) និងបង្គោលខៀវ ឃុន បូរ៉ា (ហ្គង់ខៀវ) នាពេលកន្លងទៅ។
ការប្រកួតរវាងបង្គោលក្រហម វ៉ាន់ វឿន (ហ្គង់ក្រហម) និងបង្គោលខៀវ ឃុន បូរ៉ា (ហ្គង់ខៀវ) នាពេលកន្លងទៅ។
ដោយ:
អ្នកប្រដាល់គុនខ្មែរ ឈុត សិរីវ៉ាន់ថង ត្រូវជួបប្រកួតជាមួយ សូត្រ វាសនា ចំណែកកីឡាករឃុន បូរ៉ា ត្រូវតតាំងជាមួយកីឡាករ វ៉ាន់ វឿន លើប្រភេទទម្ងន់៦០ គីឡូក្រាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ខ្សែក្រវាត់សម្តេច ទៀ បាញ់ ដែលមានតម្លៃស្មើផ្ទះវីឡាមួយខ្នង។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា នាសង្វៀនប៉ុស្តិ៍លេខ៥ វេលាម៉ោង៦ល្ងាចតទៅ។

 
រាហ៊ូមាស ឈុត សិរីវ៉ាន់ថង មុននឹងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះគេបានវាយឱ្យកីឡាករ សៀវ ង៉ុយ បោះបង់ការប្រកួតត្រឹមទឹកទី១។ ចំណែក សូត្រ វាសនា បក្សាស្លាបដែក មុននឹងឈានមកដល់វគ្គនេះប្រកួតចុងក្រោយរបស់គេវាយរន្ទះជើងដំរីជាន់ខ្លា គង់ ហូវ ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២។ ប្រកួតចុងក្រោយរវាងអ្នកទាំងពីរ សិរីវ៉ាន់ថង ឈ្នះពិន្ទុ វាសនា។
 
រីឯកីឡាករនាគមាសខេត្តបន្ទាយមានជ័យ ឃុន បូរ៉ា ត្រូវជួបប្រកួតជាមួយអ្នកលេងកំភ្លើងភ្លោះ វ៉ាន់ វឿន។ ឃុន បូរ៉ា មុននឹងឡើងមកដល់វគ្គនេះគេបានយកឈ្នះកីឡាករ ពុធ សំបូរ ដោយពិន្ទុ។ កីឡាករវ៉ាន់ វឿន វិញ គេបានផ្តួលកីឡាករ រិន ដេវីត ឱ្យបោះបង់ការប្រកួតក្នុងទឹកទី១។ ប្រកួតចុងក្រោយរវាងអ្នកទាំងពីរ ឃុន បូរ៉ា ឈ្នះវ៉ាន់ វឿន ដោយពិន្ទុ។
 
កីឡាករដែលបន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមខ្សែក្រវាត់សម្តេច ទៀបាញ់ នឹងត្រូវជួបគ្នានៅថ្ងៃទី១២ ខែវិច្ឆិកា នៅក្រោយជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣៕ 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ខ្សែក្រវាត់សម្តេច ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com