ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មេឃុំអន្លង់ត្នោត ថាការផ្ដល់សេវារដ្ឋបាលជូន​ពលរដ្ឋ មិនមានការរើសអើងឡើ​យ
06, Nov 2022 , 2:02 pm        
រូបភាព
ដោយ៖ ផាន សុខជា និង ព្រំ វិសាល (យុវជនឃុំអន្លង់ត្នោត) 
 
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ ការផ្តល់សេវារដ្ឋបាលដល់ពលរដ្ឋ របស់អាជ្ញាធរឃុំអន្លង់ត្នោត ហាក់មានភាពមមាញឹក ខណៈ​រៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋប្រមាណ ២៥នាក់ មករកសេវាដោយផ្ទាល់។  ទន្ទឹមនឹងនេះ អាជ្ញាធរឃុំ ក៏ត្រូវធ្វើដំណើរទៅដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅតាមភូមិ ដោយផ្ទាល់ផងដែរ។ អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត បានបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាលដល់ពលរដ្ឋ គឺមិនមានការរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ ពោលគឺពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលរដ្ឋបាលសាធារណៈដោយស្មើភាព។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបព័ត៌មានលម្អិត៖
 
អ្នកស្រី ប៊ិន ស៊ីវឡា បន្ថែមថា៖«ក្រុមការងារធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ក្នុងនាមជាអាជ្ញាធរម្នាក់ ដែលបម្រើប្រជាពលរដ្ឋ គឺយើងមិនមានការរើសអើង ឬកំណត់និន្នាការនយោបាយអ្វីមួយឡើយ។ មិនមានការរើសអើងចំពោះជនមានពិការរភាព ក៏ដូចជាប្រជាពលរដ្ឋ មិនថាអ្នកមាន ឬក៏អ្នកក្រយ៉ាងណាក៏ដោយ គឺតែងតែយកចិត្តទុកដាក់ ព្រមទាំងផ្ដល់សេវាជូនដោយទឹកមុខយ៉ាងញញឹម មិនមានការរើសអើង ឬក៏មានការប្រើពាក្យសម្ដីមិនសមរម្យ ទៅដល់ប្រជាពលរដ្ឋនោះទេ។»។ 
 
បើតាម​មេឃុំដដែល សេវាដែលពលរដ្ឋមានតម្រូវការច្រើនជាងគេនៅក្នុងឃុំ គឺការធ្វើអត្រានុកូលដ្ឋាន ពោលគឺសេវាពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ លិខិតមរណភាព និងសេវាពាក់ព័ន្ធនឹងការធ្វើសំបុត្រកំណើត។ ក្នុងនាម​ ជាមេឃុំ អ្នកស្រី ស៊ីវឡា ថាខ្លួនមានការសប្បាយចិត្តយ៉ាងខ្លាំងក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋដោយស្មើភាព។ អ្នកស្រី ក៏​តាំងចិត្តថានឹងផ្តល់សេវាដល់ពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត នៅក្នុងអាណត្តិខ្លួន៕
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com