កីឡាជាតិ
ជាតិ
កីឡាករ៤រូប ត្រូវប្រជែងយកខ្សែក្រវ៉ាត់ជើងឯកម៉ាសេរី ក្នុងព្រឹត្តិការណ៍«មហាជនគុនខ្មែរអលស្តារ»
06, Nov 2022 , 2:59 pm        
រូបភាព
ពានរង្វាន់ខ្សែក្រវាត់ ជើងឯក ម៉ាសេរី សម្រាប់កីឡាករកម្ពុជា៤រូបប្រកួតប្រជែង។ រូបពី ស៊ីថូណាថាន់
ពានរង្វាន់ខ្សែក្រវាត់ ជើងឯក ម៉ាសេរី សម្រាប់កីឡាករកម្ពុជា៤រូបប្រកួតប្រជែង។ រូបពី ស៊ីថូណាថាន់
ដោយ:
កីឡាករកម្ពុជា ៧រូប នឹងត្រូវទទួលស្វាគមន៍កីឡាករបរទេស ក្នុងព្រឹត្តិការណ៍«មហាជនគុនខ្មែរអលស្តារ» ទី៦ ខែវិច្ឆិកា នៅសង្វៀនកីឡដ្ឋានកងយោពលខេមរភូមិន្ទ ស្តាតចាស់។ ក្នុងនោះ ក៏មានការប្រកួតគូដណ្តើមខ្សែក្រវាត់ជើងឯកម៉ាសេរី ផងដែរ។

 
គូដណ្តើមខ្សែក្រវាត់ខ្សែក្រវាត់ជើងឯកម៉ាសេរី ទី១ លើប្រភេទទម្ងន់ ៥៤គីឡូក្រាម កីឡាករ អេលីត សេងទ្រី ជួបរិទ្ធ វិបុល និងគូទី២ សុដា សូសែង តទល់ ឃួន សុម៉ាលី ។ 
លោក ស៊ីថូណាថាន់ តំណាងស្ថាបនិកពានរង្វាន់ខ្សែក្រវាត់លោកគ្រូម៉ាសេរី បានបញ្ជាក់ថា ការបង្កើតពានរង្វាន់នេះឡើង ដើម្បីនឹករឭកគុណលោកគ្រូ ម៉ា សេរី ដែលលោកតែងតែស្រលាញ់វិស័យកីឡា ក៏ដូចជាគុនខ្មែរជាដើម។
 
លោក ស៊ីថូ ណាថាន់ ដែលជាកូនប្រុសលោក ម៉ា សេរី បានលើកឡើងថា៖ «យើងបង្កើតជាខ្សែក្រវាត់ហ្នឹង ក្នុងនាមជាកូនចៅនៅនឹករឭកគុណគាត់ដែលមានសមាជិក MSR និងអ្នកផ្សេងទៀតដែលសហការគ្នាបង្កើត ដើម្បីនឹករឭកដល់ស្នាដៃគាត់ ការចងចាំអនុស្សាវរីយ៍សព្វបែបយ៉ាងដែលគាត់បានប្រលោកក្នុងវិស័យប្រដាល់ ដែលយើងគ្រប់គ្នានៅនឹករឭក»។
លោក ម៉ា សេរី បានទទួលមរណភាព កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងវ័យ៥៦ឆ្នាំ។ មុនមរណភាពលោក គឺជាពិធីករ និងជាអ្នកផលិតកម្មវិធីកីឡាប្រដាល់ដ៏ល្បីមួយរូបនៅកម្ពុជា។
 

កីឡាករ អេលីត សាន់(ឆ្វេង) ក្នុងនិងកីឡាករ ធន់ ផានិត ត្រូវវាយដណ្តើមខ្សែក្រវាត់អលស្តារ។ រូបពី ស៊ន អេលីត

ដោយឡែកគូអន្តរជាតិផ្សេងទៀត ក្នុងព្រឹត្តិការណ៍«មហាជនគុនខ្មែរអលស្តារ» នោះមាន កីឡាករ ឡៅ ចិត្រា ទទួលភ្ញៀវមកពីថៃ Seksan Or Kwanmuang លើប្រភេទទម្ងន់ ៦៥គីឡូក្រាម និងគូដណ្តើមខ្សែក្រវាត់រវាងម្ចាស់ខ្សែក្រវាត់គុនខ្មែរអលស្តារ អេលីត សាន់ ទទួលកីឡាករ ធន់ ផានិត វាយលើប្រភេទទម្ងន់៦០គីឡូក្រាម។
 
ប្រភេទទម្ងន់ ៥៧គីឡូក្រាម បឺត សង្ឃឹម ស្វាគមន៍កីឡាករថៃ Kiatban Dit រីឯអេលីត សម្ភស្ស ទទួល Khunphonnoi Sor Sammai។ ចំណែកកីឡាករ ប៊ុន សុធា ត្រូវប្រកួតជាមួយ Harn Sor Sakarin មកពីថៃ វាយលើប្រភេទទម្ងន់៥៥គីឡូក្រាម ។ ដោយឡែក អេលីត រង្សី ប៉ះកីឡាករ វៀតណាម Di Tien Duong ប្រកួតលើប្រភេទទម្ងន់ ៥១គីឡូក្រាម ។ គូបន្ទាប់ ធន់ ស៊ីហុង ជួបកីឡាករថៃ Jaruadsuek Chor Champion វាយលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ខ្សែក្រវាត់
 ស៊ីថូណាថាន់
© រក្សាសិទ្ធិដោយ thmeythmey.com