ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ អាជ្ញាធរឃុំកំពង់ស្វាយ នឹងជួសជុលផ្លូវមួយខ្សែប្រវែងជាង៨គីឡូម៉ែត្រ
06, Nov 2022 , 7:59 pm        
រូបភាព
ដោយ៖ ជឿង ស៊ីចាន់ (យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ​  ក្នុង​ឆ្នាំ២០២២នេះ អាជ្ញាធរឃុំកំពង់ស្វាយ នឹងជួសជុលផ្លូវក្រួសក្រហមមួយខ្សែ ដែលមានប្រវែងប្រមាណ ៨គីឡូម៉ែត្រ ពីចំណុចភូមិកំពង់ស្វាយ ភ្ជាប់ទៅភូមិអូរសាលា ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បើតាមលោក ជួន ថុល មេឃុំកំពង់ស្វាយ នីតិវិធីដេញថ្លៃដើម្បីជួសជុលផ្លូវនេះបានបញ្ចប់ហើយ ដោយ​គ្រោងចំណាយថវិកាប្រមាណ ១២ម៉ឺដុល្លារ។  លោក ជួន ថុល មេឃុំកំពង់ស្វាយ ពន្យល់បន្ថែម៖ «​យើងដេញថ្លៃរួចហើយ។ យើងចាក់ដីសរួចហើយ ប៉ុន្តែវាលិច(ទឹក)។ ដល់ពេលចប់ទឹកស្រកនេះ យើងនឹងស្តារឡើងវិញ ចាក់ដីសបំពេញបន្ថែម រួចយើងដាក់ក្រួសក្រហម»។
 
បើតាមលោក ជួន ថុល ក្រៅពីទឹកជំនន់ ផ្លូវនៅក្នុងឃុំកំពង់ស្វាយខូចខាតដោយសារតែកត្តា​យានយន្តដឹកលើសទម្ងន់ ពិសេសគឺការដឹកជញ្ជូនផលស្រូវអង្កររបស់ពលរដ្ឋ។ ដូច្នេះមេឃុំរូបនេះ ថាពិបាកនៅក្នុងការទប់ស្កាត់មិនឱ្យផ្លូវនានានៅក្នុងឃុំខូចខាតណាស់។ «បើយើងមិនឱ្យយានយន្តចូលដឹកស្រូវ ដឹកអង្ករពីកន្លែង(ក្នុងឃុំ)យើងទេនោះ ប្រជាពលរដ្ឋគាត់ស្រែក​។ ហើយម្យ៉ាងទៀត សមិទ្ធផលដែលគាត់ធ្វើបាន ដូចជាស្រូវ ដូចជាអង្ករ បើឱ្យគាត់(ពលរដ្ឋ)ដឹកយកទៅដល់កន្លែងថ្នល់ កន្លែងអី គេបន្ថោក។ បើមកទិញដល់ភូមិ គាត់បានថ្លៃ។ អ៊ីចឹងយើងបិទយានយន្តអត់បានទេ។ កាលណាបើ(ផ្លូវ)ខូច យើងជួសជុលតាមដំណាក់កាល»។ មេឃុំកំពង់ស្វាយ ពន្យល់បន្ថែមដូច្នេះ។
 

លោក ជួន ថុល មេឃុំនៃឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

លោក ជួន ថុល មេឃុំកំពង់ស្វាយ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា និងបញ្ចៀសកុំឱ្យមានទឹកដក់នៅតាមផ្លូវមុខផ្ទះរៀងៗខ្លួន ដើម្បីធានាថាផ្លូវនានានៅក្នុងឃុំ អាចប្រើប្រាស់បានយូរឆ្នាំ និងសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ «ខ្ញុំសំណូមពរឱ្យប្រជាពលរដ្ឋឱ្យជួយមើលទឹក នៅមុខផ្ទះខ្លួន។ កាលណាបើឃើញស្ទះទឹកទេ ឱ្យកាយប្រឡាយបាយោហ្នឹង ឱ្យហូរចូលលូ ដើម្បីកុំឱ្យស្ទះទឹក។ កាលណាបើមានស្ទះទឹក ដក់នៅកន្លែងណាទេ ឡាបើកបរទៅ វាចេះតែ(ផុង)ជ្រៅទៅៗ។ ឱ្យគាត់ចូលរួមឱ្យបានច្រើនទាំងអស់គ្នា។ កាលណាបើខ្វះការចូលរួម​ ធ្វើឱ្យរដ្ឋអំណាច ប្រឹងតែម្នាក់ឯងក៏ទៅអត់រួចដែរ។ អ៊ីចឹងទាល់តែប្រជាពលរដ្ឋជួយពិនិត្យពិច័យ ជួយមើល។ ចូលរួមទាំងអស់គ្នា»។ នេះជាសំណូមពររបស់មេឃុំកំពង់ស្វាយ។ 
 
សូមជម្រាបថា ឃុំកំពង់ស្វាយ មានភូមិសរុប១២ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅជាង ១,៥ម៉ឺននាក់៕
​​
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com