ជាតិ
ប៉មមើលសត្វកម្ពស់១៨ម៉ែត្រនៅទួលព័ន្ធតាឡីបឹងស្នេហ៍ នឹងជំរុញដល់វិស័យទេសចរណ៍កាន់តែ​ប្រសើរ
06, Nov 2022 , 4:59 pm        
រូបភាព
ប៉មមើលសត្វថ្មីៗនៅទួលព័ន្ធតាឡីបឹងស្នេហ៍ អាចជម្រុញដល់វិស័យទេសចរណ៍
ប៉មមើលសត្វថ្មីៗនៅទួលព័ន្ធតាឡីបឹងស្នេហ៍ អាចជម្រុញដល់វិស័យទេសចរណ៍
ដោយ:
ភ្នំពេញ៖ ប៉មថ្មីសាងសង់ពីដែក សម្រាប់មើលសត្វស្លាបនៅបឹងស្នេហ៍ទួលព័ន្ធតាឡី អាចសម្រួលដល់ការទស្សនាសត្វស្លាបនៅតំបន់នេះ​ កាន់តែងាយស្រួលជាងមុន។ ជាមួយគ្នានេះ សហគមន៍គិតថានឹងធ្វើប៉មថ្មីមួយបន្ថែមទៀត ដើម្បីទាក់ទាញទេសចរណ៍ឱ្យទៅទស្សនាសត្វក្នុងតំបន់នេះឱ្យបានតែច្រើន។


តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ មាន​ផ្ទៃដី​ទំហំ ៣ ៥៥៧​ហិកតា ដែលមាន​សត្វ​ស្លាប​ចំនួន​៥៣​ប្រភេទ។ តំបន់នេះស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រៃវែង ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ពាម​រក៍ និង​ស្រុក​បាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នចំនួនសត្វក្នុងតំបន់នេះ កើនឡើងដល់ជាង៦០ម៉ឺនក្បាល។
 
លោក​ នួន សារ៉េត អនុប្រធាន​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្ នេហ៍បានប្រាប់សារព័ត៌មានThmeyThmey 25ថា ប៉មថ្មីនោះបានសាងសង់រួចរាល់ជាងមួយខែ ដោយធ្វើពីដែក និងមានកម្ពស់១៨ម៉ែត្រ ដែលអាចផ្ទុកអ្នកទស្សនាបានចន្លោះពី៤០ ទៅ៥០នាក់។ បច្ចុប្បន្នតំបន់នោះមានប៉មមើលសត្វចំនួនបី ដោយ​ពីរធ្វើពីឈើ និងមួយធ្វើពីដែក។


 ប៉មឈើ នៅបឹងស្នេហ៍ទួលព័ន្ឋតាឡី ។ រូបភាពដោយ លោក នួន សារ៉េត

លោក សារ៉េត ពន្យល់ថា៖ «ប៉មថ្មីនេះ រឹងមាំ អាចផ្ទុកភ្ញៀវបានច្រើន។ អ្នកខ្លះមិនចង់ជិះទូកមើលសត្វ ក៏អាចរង់ចាំមើលនៅប៉មថ្មីបាន។ ឥឡូវនៅចុងសប្ដាហ៍មួយថ្ងៃៗកន្លែងយើងអាចមានភ្ញៀវមកលេងជាង១០០នាក់។ ចំណែកឯ ថ្ងៃធម្មតាអាចមាន២០ ទៅ៣០នាក់។ ភ្ញៀវមិនទៀងទេ មានថ្ងៃខ្លះក៏ច្រើនជាងនេះក៏មាន»។  បន្ថែមលើនេះ អនុប្រធានសហគមន៍ខាងលើ បានលើកឡើងថា នៅតំបន់លោកអាចនឹងបន្ថែមប៉មដែកថ្មីមួយទៀតនៅប៉ែកខាងលិច នៃប៉មដែលទើបនឹងធ្វើរួច ដើម្បីសម្រួលដល់ការទស្សនាសត្វស្លាប និងបំពេញតម្រូវការបន្ថែម។ បន្ទាប់ពីនោះ ក្រុមការងារនឹងសាងសង់ស្នាក់ការមួយសម្រាប់សម្រួលដល់ការការពារសត្វស្លាបនៅក្នុងតំបន់ផងដែរ។​ 
 
បច្ចុប្បន្នសត្វស្លាបក្នុងតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡីនៅបន្តកើនឡើងជាបន្ដបន្ទាប់។ មួយវិញទៀត មានកូនសត្វជាច្រើនកំពុងរៀនហើរ និងស្វែងរកចំណីនៅជិតជាជម្រករបស់វា។ ទោះជាសត្វនៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏​លោក សារ៉េត នៅមានកង្វល់ពីបញ្ហាសុវត្ថិភាពចំណីនៅតំបន់ជុំវិញកន្លែងសត្វរស់នៅដែរ។
  

ប៉មនៅបឹងស្នេហ៍ទួលព័ន្ឋតាឡី។ រូបភាពដោយ លោក នួន សារ៉េត

«ពលរដ្ឋមួយចំនួននៅប្រើថ្នាំគីមីកសិកម្មលើដំណាំ។ យើងរអាសត្វយើងទៅរកស៊ី ឬចុះប៉ះតំបន់នោះ។ សត្វយើងមានច្រើន ដូច្នេះមិនអាចមើលបានគ្រប់ជ្រុងជ្រាយនោះទេ។ យើងត្រូវការការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាអាចរក្សាសុវត្ថិភាព និងចំនួនពួកវានៅក្នុងធម្មជាតិ»។
 
លើសពីនេះ អនុប្រធានសហគមន៍ខាងលើកំពុងបារម្ភពីបញ្ហានៃការលួចបរបាញ់ពីសំណាក់ជនខិលខូ​ចមួយចំនួន។ លោក ពោលដូច្នេះ៖ «កន្លងមកបញ្ហាដែលកើតចេញពីការបរបាញ់ក៏មានដែរ ប៉ុន្ដែនៅពេលក្រុមយើងផ្ដើមអង្កេតទៅក៏ស្ងាត់ទៅវិញ។ ទោះជាយ៉ាងនេះក្តី ក៏ខ្ញុំគិតថាករណីបរបាញ់សត្វស្លាបលក់លើទីផ្សារពិតជាមាន  គ្រាន់តែមិនទាន់អាចរកជនល្មើសឃើញ។ ថ្មីៗនេះឃើញតាមផ្លូវជាតិលេខ១ ម្ដុំស្រុកលើកដែកសម្បូរអ្នកលក់សត្វស្លាបតាមផ្លូវណាស់ យើងពិតជាមិនដឹងថាយកមកពីណាទេ ប៉ុន្ដែខ្ញុំនៅតែបារម្ភថាអាចមានសត្វយើង»។
 
អនុប្រធានសហគមន៍រូបនេះ ចង់ឱ្យពលរដ្ឋគ្រប់រូបស្រឡាញ់ និងចេះថែរក្សាសម្បត្ដិធម្មជាតិដែលនៅសេសសល់នៅក្នុងតំបន់ ឬប្រទេសរបស់ខ្លួន កុំឱ្យហួសពេល ទើបស្ដាយក្រោយ៕


លោក នួន_ សារ៉េត អនុប្រធានសហគមន៍តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី_

សត្វនៅបឹងស្នេហ៍ទួលព័ន្ឋតាឡី។ រូបភាពដោយ លោក នួន សារ៉េត

 សត្វស្លាបនៅបឹងស្នេ។ រូបភាពដោយ លោក នួន សារ៉េតហ៍ទួលព័ន្ធតាឡី

Tag:
 ខេត្តព្រៃវែង
  ទួលព័ន្ធតាឡី
  សត្វស្លាប​
© រក្សាសិទ្ធិដោយ thmeythmey.com