ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌលបុប្ផាណា បញ្ឈប់បុគ្គលិក២នាក់ ពាក់ព័ន្ធនឹងការប្រៀតបៀនកេរ្តិ៍ខ្មាសសិកា្ខកាម
06, Nov 2022 , 4:34 pm        
រូបភាព
រូបពីហ្វេសប៊ុក បុប្ផាណា។ (រូបតំណាង)
រូបពីហ្វេសប៊ុក បុប្ផាណា។ (រូបតំណាង)
ភ្នំពេញ៖ មជ្ឈមណ្ឌលបុប្ផាណា សម្រេចបញ្ជប់កិច្ចសន្យាការងារបុគ្គលិកពីរនាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីបៀតបៀនកេរ្តិ៍ខ្មាសលើសិក្ខាកាម ។

 
មជ្ឈមណ្ឌលបុប្ផាណា ចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការចោទប្រកាន់ទង្វើបៀតបៀនកេរ្តិ៍ខ្មាស ដែលបានស៊ើបអង្កេតលើករណីបុគ្គលិកពីររូប ពីករណីបៀតបៀនស្ត្រីភេទ។ ជុំវិញករណីនេះ បុប្ផាណាបានចេញមុខសុំទោស និងបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ដែលសិក្ខាកាមរងការបៀតបៀន។ 
 
ការស៊ើបអង្កេតករណីបៀតបៀន ចាប់ផ្ដើមនៅថ្ងៃទី២៦ តុលា មក ដោយប្រមូលបានព័ត៌មានពីអង្គការដៃគូជា និងស្ថាប័នប្រព័ន្ធផ្សព្វផ្សា ទើបឈានដល់ការសម្រេចបញ្ឈប់បុគ្គលិកទាំងពីរនាក់នេះ នៅថ្ងៃទី៤ វិច្ឆិកា។ 
 
លោក ជា សុភាព នាយកប្រតិបត្តិបុប្ផាណា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «មជ្ឈមណ្ឌលបុប្ផាណា មិនអត់ឱនចំពោះរាល់ទម្រង់នៃការបៀតបៀនកេរ្តិ៍ខ្មាសឬការរើសអើងផ្សេងទៀតឡើយ។ យើងសូមអរគុណចំពោះជនរងគ្រោះ ដែលមានភាពក្លាហាន ក្នងការនាំយកបញ្ហាទាំងនេះ មកបំភ្លឺ»។ 
 
ថ្នាក់ដឹកនាំបុប្ផាណានិងបុគ្គលិកទាំងអស់ បានចាត់ទុកករណីខាងលើជាបទពិសោធដ៏អាក្រក់។ ជាមួយគ្នានេះ ស្ថាប័ននឹងបង្កើតការស្ទង់មតិបុគ្គលិក សិក្ខាកាម ក៏ដូចជាអង្គការដៃគូ ដើម្បីទទួលបានមតិរិះគន់ស្ថាប័ន។ លើសពីនេះ មជ្ឈមណ្ឌលបុប្ផាណា នឹងដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលសម្រាប់បុគ្គលិក លើការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ ការរំលោភបំពាន និងការបៀតបៀន៕ 
 

Tag:
 ការបៀតបៀន
© រក្សាសិទ្ធិដោយ thmeythmey.com