អន្តរជាតិ
អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​ម៉ាឡេស៊ី​បញ្ឈប់​ការចាប់​បញ្ជូន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​មីយ៉ាន់ម៉ា​ទៅ​ប្រទេស​ដើម​វិញ
06, Nov 2022 , 7:29 pm        
រូបភាព
រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​រង់ចាំ​ទទួល​ជំនួយ​ពី​អ្នកស្ម័គ្រចិត្ត​អំឡុងពេល​ការបិទ​រាំងខ្ទប់​ដោយសារ​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​រង់ចាំ​ទទួល​ជំនួយ​ពី​អ្នកស្ម័គ្រចិត្ត​អំឡុងពេល​ការបិទ​រាំងខ្ទប់​ដោយសារ​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
ដោយ: VOA
ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ (UNHCR) កំពុង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ឈប់​ការចាប់​បញ្ជូន​អ្នកស្វែងរក​សិទ្ធិ​ជ្រក​កោន​មកពី​មីយ៉ាន់ម៉ា​ទៅ​ប្រទេស​ដើម​វិញ​ដោយ​បង្ខំ។ ក្រុម​មន្ត្រី​ទីភ្នាក់ងារ​នេះ​ថា ជីវិត​របស់​ពួកគេ​នៅ​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់។

 
ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​ (UNHCR) និយាយ​ថា ការចាប់​បង្ខំ​ឱ្យ​ចេញ​ពី​ម៉ាឡេស៊ី​បាន​កើត​ឡើង​ចាប់​តាំង​ពី​ខែមេសា​មក។ ក្នុង​រយៈពេល​២ខែ​មុន ក្រុម​មន្ត្រី UNHCR រាយការណ៍​ថា ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគេ។
 
អ្នកស្រី Shabia Mantoo អ្នក​នាំពាក្យ​ទីភ្នាក់ងារ UNHCR និយាយ​ថា ហេតុការណ៍​ចុងក្រោយ​បង្អស់​នៅ​ពេល​អាជ្ញាធរ​ម៉ាឡេស៊ី​មិន​គោរព​តាម​កិច្ចប្រឹងប្រែង​របស់​ទីភ្នាក់ងារ និង​ចាប់​បញ្ជូន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន។
 
អ្នកស្រី Mantoo និយាយ​ថា ការចាប់​បញ្ជូន​មនុស្ស​ដែល​ស្វែងរក​ការ​ការពារ​អន្តរជាតិ​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ និង​គ្រោះថ្នាក់។ អ្នកស្រី Mantoo បាន​ថ្លែង​ថា៖ «គោលការណ៍​នៃ​ការ​មិន​ចាប់​បញ្ជូន​មនុស្ស​ត្រឡប់​ទៅ​វិញ​ជា​ចំណុច​ស្នូល​នៃ​ច្បាប់​អន្តរជាតិ និង​ចង​កាតព្វកិច្ច​លើ​រដ្ឋ​ទាំង​អស់។ ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​កំពុង​បង្ខំ​មនុស្ស​ឱ្យ​រត់​ភៀស​ខ្លួន​ដើម្បី​ស្វែងរក​សុវត្ថិភាព​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស។ យើង​មិន​មាន​ព័ត៌មាន​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​អ្នក​ដែល​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ពួកគេ​ទៅ​ដល់​នោះ​ទេ។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​បន្ត​ជំរុញ​មិន​ឱ្យ​ចាប់​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគេ»។
 
ទីភ្នាក់ងារ UNHCR បាន​ចុះ​ឈ្មោះ​ជន​ភៀស​ខ្លួន និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជាង ១៨៣.០០០នាក់​នៅ​ម៉ាឡេស៊ី។ អ្នក​ទាំង​នោះ​រួម​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជិត១០៦.០០០ នាក់ និង​មនុស្ស​មក​ពី​ក្រុម​ជនជាតិ​ភាគ​តិច​ប្រមាណ៥២.០០០ នាក់​ដែល​រត់​គេច​ពី​ជម្លោះ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​មីយ៉ាន់ម៉ា។
 
អ្នក​សង្កេតការណ៍​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៧.៥០០ នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​ឃុំ​ខ្លួន​អន្តោប្រវេសន៍​ចំនួន ២១ នៅ​ទូទាំង​ប្រទេស​រួម​ទាំង​កុមារ​ជាង ១.៥០០នាក់​ផង​ដែរ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch រាយការណ៍​ថា ម៉ាឡេស៊ី​បាន​ចាប់​បញ្ជូន​ពលរដ្ឋ​មីយ៉ាន់យ៉ា​ជាង ២.០០០ នាក់​ដោយ​បង្ខំ​ចាប់​តាំង​ពី​ខែមេសា​មក ដែល​ជា​ចំនួន​លើស​ពាក់​កណ្តាល​នៃ​ចំនួន​ក្នុង​រយៈពេល ២ ខែ​កន្លង​មក។
 
អ្នកស្រី Mantoo និយាយ​ថា ទីភ្នាក់ងារ UNHCR មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​ការ​ចាប់​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​វិញ​មាន​ការ​កើន​ឡើង​នៅ​ពេល​នេះ​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី​បាន​កត់សម្គាល់​ថា ទីភ្នាក់ងារ​របស់​អ្នកស្រី​មាន​ការ​បារម្ភ​ខ្លាំង​អំពី​ផលវិបាក​មនុស្សធម៌​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ។ អ្នកស្រី Mantoo បាន​ថ្លែង​ទៀត ថា៖ «យើង​កំពុង​បន្ត​កិច្ចសន្ទនា និង​សហការ​ជាមួយ​អាជ្ញាធរ​នៅ​ទីនោះ​លើ​បញ្ហា​នេះ។ នេះ​ជា​អន្តរាគមន៍​ជា​បន្តបន្ទាប់​ដែល​យើង​កំពុង​តែ​ធ្វើ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​មាន​យោបល់​អ្វី​ក្រៅ​ពី​នេះ​ទេ។ ប៉ុន្តែ​យើង​កំពុង​បន្ត​ការ​អន្តរាគមន៍​របស់​យើង​ជាមួយ​នឹង​អាជ្ញាធរ​និង​សង្ឃឹម​ថា ការណ៍​នេះ​នឹង​ឈប់​កើត​មាន​ត​ទៅ​ទៀត»។
 
ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​នេះ​កំពុង​អំពាវនាវ​ម្តង​ទៀត​ដល់​រដ្ឋ​ផ្សេងៗ​នៅ​ក្នុង​តំបន់​ឱ្យ​បន្ត​ផ្តល់​ការ​ការពារ​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​រត់គេច​ខ្លួន​ដើម្បី​សុវត្ថិភាព។ ទីភ្នាក់ងារ​នេះ​ក៏​កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បញ្ឈប់​ការ​អនុវត្ត​ការ​ឃុំ​ខ្លួន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ និង​ជន​ភៀស​ខ្លួន​មក​ពី​មីយ៉ាន់ម៉ា​ដោយ​ឥត​ដែន​កំណត់​ផង​ដែរ។
 
របាយការណ៍​នា​ពេល​ថ្មីៗ​មួយ​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ចោទ​ប្រកាន់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ពី​ការ​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់ និង​ការបំ ពាន​លើ​រូបរាងកាយ ការ​ប្រព្រឹត្ត​បែប​អមនុស្សធម៌ ការធ្វើ​ទារុណកម្ម​ដែល​ជួនកាល​បណ្តាល​ឱ្យ​ស្លាប់។
 
រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​មិន​ទាន់​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ចុងក្រោយបង្អស់​នេះ​ទេ ប៉ុន្តែ​បាន​បដិសេធ​របាយការណ៍​ស្រដៀង​នេះ​កាលពី​អតីតកាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com