ទីតាំងផលិត ទីតាំងនៃភាពជោគជ័យទីផ្សារ ឬទីតាំងនៃជ័យជម្នះសម្រាប់រថយន្តប្រភេទប្រណាំង បានក្លាយជាម៉ាកយីហោរផលិតផលនៃក្រុមហ៊ុនយានយន្តមួយចំនួន។ គេហទំព័រ msn.com បានលើកឡើងពីម៉ូដែលរថយន្តចំនួន២៥ ដែលបានភ្ជាប់ខ្លួននឹងឈ្មោះទីតាំង ដោយខ្លះមានប្រវត្តិច្បាស់លាស់ និងខ្លះទៀត ស្ថិតនៅភាពស្រពេចស្រពិលនោះឡើយ។
រថយន្តទាំងនោះមានដូចជា៖
១. Austin Westminster
តំបន់ Westminster ស្ថិតក្នុងទីក្រុងឡុងដ៍ ដោយក្រុមហ៊ុន Austin យកឈ្មោះទៅភ្ជាប់ ដូចករណីតំបន់ផ្សេងទៀតនៅចក្រភពអង់គ្លេសយ៉ាងដូច្នោះដែរ។ រថយន្តម៉ាក Austin Westminster មានភាពល្បីល្បាញខ្លាំងក្នុងជំនាន់ឆ្នាំ១៩៥០ និង៦០។
២. Bentley Mulsanne
Mulsanne ជាក្រុងតូចមួយនៅសង្កាត់ Le Mas ប្រទេសបារាំង។ Bentley ដែលជាក្រុមហ៊ុនយានយន្តអង់គ្លេស បានភ្ជាប់ខ្លួនជាមួយតំបន់នៅប្រទេសបារាំង ដោយសារតែពួកគេមានអនុស្សាវរីយ៍ដ៏ល្អក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្ត Le Mans 24-Hour ដោយឈ្នះជើងឯកនៅឆ្នាំ១៩២៤, ១៩២៧, ១៩២៨, ១៩២៩ និង១៩៣០ ជាដើម។
៣. Cadillac Calais
ក្រុមហ៊ុនអាម៉េរិក Cadillac បានផលិតរថយន្តពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៦ ដោយយកឈ្មោះតាមក្រុងកំពង់ផែបារាំង Calais។ រថយន្តម៉ូដែល Calais មានពីរជំនាន់ ដោយការផ្លាស់ប្តូរច្រើននៅឆ្នាំ១៩៧១។
៤. Cadillac Seville
ជាម៉ូដែលមួយផ្សេងទៀតដែលខុសពី Cadillac DeVille ដោយ ម៉ូដែល Seville បង្ហាញវត្តមានទីផ្សារលើកដំបូងនៅឆ្នាំ១៩៧៥។ ម៉ូដែលនេះ ត្រូវបានគេគិតថាយកតាមឈ្មោះភូមិនៅរដ្ឋអូហៃយូ ប៉ុន្តែតាមពិតគឺសំដៅលើក្រុង Seville ក្រុងតំបន់ Andalusia ប្រទេសអេស្ប៉ាញទៅវិញទេ។
៥. Chevrolet Bel Air
Bel Air ជាផ្នែកមួយនៃក្រុង Los Angeles រដ្ឋ California។ ឈ្មោះត្រូវបានប្រើប្រាស់ជាមូដែលរថយន្ត Chevrolet នៅឆ្នាំ១៩៥០។ ម៉ូដែលទី៧ និងចុងក្រោយបំផុត ត្រូវបានផលិតឡើងនៅឆ្នាំ១៩៧៥។
៦. Chevrolet Monte Carlo
Monte Carlo ជាតំបន់រដ្ឋបាលមួយនៅម៉ូណាកូ។ Chevrolet បានផលិតម៉ូដែលនេះ នៅឆ្នាំ១៩៧០ ដែលជារថយន្តទំនើបផ្ទាល់ខ្លួន ជាលើកដំបូង។ ផលិតផលបន្តមានរហូតដល់ឆ្នាំ២០០៤ ដោយមានគម្លាត៧ឆ្នាំរវាងជំនាន់ទី៤ និងទី៥។
៧. Chrysler Saratoga
Saratogas សំដៅលើក្រុង Saratoga Springs នៅរដ្ឋញូវយ៉ក។ ក្រុមហ៊ុន Chrysler បានប្រើឈ្មោះនេះដំបូងក្នុងរយៈពេលដ៏ខ្លីនៅឆ្នាំ១៩៣៩ ហើយក្រោយសង្គ្រាមលោកលើកទី២ ក៏មានផលិតនេះទៀតរហូតដល់ឆ្នាំ១៩៩៥។
៨. Chrysler Sebring
Chrysler Sebring មាន៣ជំនាន់ ដែលចាប់ផ្តើមផលិត និងលក់ដំបូងនៅសតវត្សរ៍ទី២០។ ឈ្មោះនេះ យកតាមឈ្មោះទីក្រុង Sebring ដ៏តូចមួយនៅ Florida។ ក្រៅពីនេះ ក៏មានផ្លូវប្រណាំង Sebring International Raceway ដែលត្រូវបានសាងសង់សម្រាប់ប្រតិបត្តិការកងទ័ព Hendricks Army Airfield នៅដើម និងពាក់កណ្តាលទសវត្សរ៍១៩៤០ ផងដែរ។
៩. Dodge Aspen
Aspen ត្រូវបានគេស្គាល់ជាតំបន់ជិះស្គីដ៏ល្បីល្បាញនៅរដ្ឋ Colorado សហរដ្ឋអាម៉េរិក។ ម៉ូដែល Dodge Aspen ត្រូវបានផលិតដំបូងនៅឆ្នាំ១៩៧៦ ប៉ុន្តែមិនសូវល្បីល្បាញឡើយ ដោយផលិតកម្មត្រូវផ្អាក ក្រោយផលិតចុងក្រោយនៅឆ្នាំ១៩៨០។ ទោះបីជាយ៉ាងណាក៏ដោយនៅឆ្នាំ២០០៧ ឈ្មោះមួយទៀត បានលេចរូបរាងឡើង គឺ Dodge Durango SUV ដែលជាប្រភេទរថយន្តទំនើបដែលយកលំនាំតាម Chrysler Aspen។
១០. Dodge Dakota
ម៉ូដែលនេះ ជាប្រភេទ Mid-Sized Pick-Up ដែលផលិតដំបូងនៅឆ្នាំ១៩៨៧ ហើយបន្តបានដល់បីជំនាន់រហូតដល់ឆ្នាំ២០១១។ Dakota អាចសំដៅលើក្រុង និងតំបន់មួយចំនួននៅសហរដ្ឋអាម៉េរិក រួមទាំងរដ្ឋ២ និងអតីតដែនដីខ្លះផងដែរ។
១១. Ford Cortina
ផលិតពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៨០ Cortina គឺជាសំដៅលើក្រុង Cortina d’Amprezzo នៅភាគខាងជើងអ៊ីតាលី។ ក្រុងនេះ ធ្លាប់ធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវរងាឆ្នាំ១៩៥៦ និងសហម្ចាស់ផ្ទះជាមួយ Milan សម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២៦ខាងមុខ។
១២. Ford Torino
Torino ជាក្រុងមួយនៅអ៊ីតាលី ដែលជាតំបន់ឧស្សាហកម្មយានយន្តដ៏ធំ ដូច Detroit នៅសហរដ្ឋអាមេរិកយ៉ាងដូច្នោះដែរ។ Ford បានប្រើប្រាស់ឈ្មោះនេះនៅចុងទសវត្សរ៍៦០ និងពាក់កណ្តាលទសវត្សរ៍៧០ ដោយមាន៣ជំនាន់។
១៣. GMC Yukon
Yukon ជាតំបន់តូចមួយនៅកាណាដា។ ផលិតផលដំបូង គឺនៅឆ្នាំ១៩៩១ ហើយ GMC Yukon ទាំង៥ជំនាន់ គឺជាដៃគូនៃម៉ូដែល Chevrolet Tahoe SUV។
១៤. Lincoln Versailles
Ford បានប្រើឈ្មោះវិមាន Versailles របស់បារាំង សម្រាប់ម៉ូដែលទំនើបនាចុងឆ្នាំ១៩៧០។ រថយន្តពីរម៉ូដែលរបស់ Ford ដែលប្រើឈ្មោះ Versailles នេះ ប៉ុន្តែលើទីផ្សារនៅប្រទេសមួយចំនួន គេតែឈ្មោះថា Ford ប៉ុណ្ណោះ។
១៥. Mazda Montrose
Mintrose ជាក្រុងមួយនៅស្កុតឡេន ដែលស្ថិតនៅចន្លោះ Dundee និង Aberdeen។ ការដាក់ឈ្មោះដ៏កម្របែបនេះ ត្រូវបានគេជឿថា ដោយសារតែ Mazda មានទីផ្សារយ៉ាងល្អនៅ Montrose ប៉ុន្តែក្រុមហ៊ុន មិនបានបញ្ជាក់ប្រវត្តិច្បាស់នោះឡើយ។
១៦. Mercedes-Benz Mannheim
Mercedes មានម៉ូដែល៣ដែលដាក់តាមឈ្មោះក្រុងនៅអាល្លឺម៉ង់ នាអំឡុងឆ្នាំ១៩២០ ក្នុងនោះមាន Nurburg និង Stuttgart 200 ជាដើម។ ម៉ូដែល Mannheim ផលិតដំបូងនៅខែតុលា ឆ្នាំ១៩២៩ ហើយម៉ូដែលចុងក្រោយ គឺ Mannheim 370 Pullman Saloon ដែលត្រូវបានបន្តផលិតរហូតដល់ខែធ្នូ ឆ្នាំ១៩៣៤។
១៧. Mercury Montclair
Montclaire ស្ថិតនៅរដ្ឋ New Jersey ប៉ុន្តែមានឈ្មោះក្រុងដូចគ្នានៅ California, Indiana និង North Carolina ផងដែរ។ Mercury ដែលជាផ្នែកមួយរបស់ Ford បានប្រើប្រាស់ឈ្មោះ Montclair សម្រាប់ផលិតផល៣ជំនាន់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦០ និងពីរជំនាន់បន្ថែមទៀតពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៨។
១៨. Morris Oxford
ក្រុមហ៊ុន Morris យកឈ្មោះក្រុង Oxford ដាក់ជាម៉ូដែលរថយន្តដំបូងនៅឆ្នាំ១៩១៣ ប៉ុន្តែត្រូវគេនិយមហៅជាទូទៅថា Bullnose។ ឈ្មោះនេះ រក្សាប្រើប្រាស់រហូតដល់ឆ្នាំ១៩៧១ មុនវត្តមានក្រុមហ៊ុន Farina។
១៩. Pontiac Bonneville
Bonneville សំដៅលើតំបន់ Bonneville Salt Flats ក្នុងរដ្ឋ Utah។ Pontiac បានចាប់ប្រើប្រាស់ឈ្មោះនេះនៅឆ្នាំ១៩៥៤។ នៅឆ្នាំ១៩៥៨ វាបានក្លាយជាម៉ូដែលគំរូមួយដែលត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Triumph Bonneville Motorcycle។ ម៉ូដែលនេះ ត្រូវបានផលិតដល់១០ជំនាន់រហូតដល់ឆ្នាំ២០០៥។
២០. Pontiac Montana
Pontiac ដែលជាផ្នែកនៃក្រុមហ៊ុន General Motors បានប្រើឈ្មោះក្រុង Motana ជាម៉ូដែល Trans Sport ខ្លួននៅឆ្នាំ១៩៩៩។ នៅឆ្នាំ២០០៥ ជំនាន់ទីពីរត្រូវបានផលិតឡើង ក្រោយពីមានការមិនពេញចិត្តមួយចំនួនទាក់ទាញនឹងសុវត្ថិភាពកម្រិតទាបរបស់រថយន្ត។
២១. Renault Floride
Floride ជាភាសាបារាំង ដែលសំដៅលើរដ្ឋ Florida សហរដ្ឋអាម៉េរិក។ ក្រុមហ៊ុន Renault ផ្តួចផ្តើមដាក់ឈ្មោះនេះ ក្រោយជំនួបមួយនៅចុងឆ្នាំ១៩៥០ ដើម្បីស្វែងរកទីផ្សារនៅអាម៉េរិកខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនសូវទទួលបានការពេញនិយមនោះឡើយ ដោយសារពលរដ្ឋនៅរដ្ឋផ្សេងៗក្នុងចក្រភពអង់គ្លេស ក៏ដូចជាសហរដ្ឋអាម៉េរិក មិនចូលចិត្តប្រើប្រាស់រថយន្តដែលមានឈ្មោះខុសពីកន្លែងដែលពួកគេរស់នៅ។
២២. Riley Monaco
Riley Nine ជាប្រភេទរថយន្តកីឡាដ៏ល្បីល្បាញដែលត្រូវបានផលិតឡើងនៅចន្លោះពីឆ្នាំ១៩២៦ ដល់ឆ្នាំ១៩២៨។ ក្នុងចំណោមម៉ូដែលទាំងនោះ Nine Monaco ឬ Riley Monaco ទទួលបានការពេញនិយម ប៉ុន្តែឈ្មោះនេះ លែងមានការប្រើប្រាស់ចាប់ពីឆ្នាំ១៩៣៧។
២៣. Rolls-Royce Camargue
ចាប់តាំងពីដំណើរការនៅឆ្នាំ១៩០៤ Rolls-Royce មិនដែលយកឈ្មោះទីកន្លែងដាក់ឲ្យម៉ូដែលរថយន្តខ្លួននោះឡើយ។ ករណីលើកលែងតែមួយគត់នោះ គឺការដាក់ឈ្មោះតាមតំបន់ Camargue នៃប្រទេសបារាំង ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៨៦។
២៤. Seat Ibiza
ក្រុមហ៊ុនអេស្ប៉ាញ Seat បានក្លាយជាផ្នែកនៃ Volkswagen Group នៅឆ្នាំ១៩៨២។ នៅឆ្នាំ១៩៨៤ ម៉ូដែល Ibiza ត្រូវបានបង្ហាញខ្លួននៅលើទីផ្សារនៅចក្រភពអង់គ្លេស ហើយបន្តមានវត្តមានរហូតដល់បច្ចុប្បន្ន។ Ibiza ជាក្រុងនៃតំបន់កោះស្វយ័ត Balearic នៃប្រទេសអេស្ប៉ាញ។
២៥. Triumph Toledo
ក្រុងមួយទៀតនៅអេស្ប៉ាញ ដែលក្រុមហ៊ុន Seat យកទៅដាក់ឈ្មោះម៉ូដែលរថយន្តចាប់ពីឆ្នាំ១៩៩១នោះ គឺ Toledo។ ក្រុមហ៊ុន Triumph Motor Company របស់អង់គ្លេស បានប្រើប្រាស់ឈ្មោះនេះ មុន២១ឆ្នាំទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ផលិតទាំងពីរក្រុមហ៊ុន លែងមានទៀតហើយទាក់ទងនឹងឈ្មោះ Toledo៕