ជាតិ
សេដ្ឋកិច្ច
ក្រូអាស៊ីនឹងក្លាយជាប្រទេសទី២០ ដែលប្រើប្រាស់ប្រាក់អឺរ៉ូជារូបិយប័ណ្ណផ្លូវការ
08, Nov 2022 , 7:29 pm        
រូបភាព
ប្រាក់អឺរ៉ូ ។ រូពី AFP ។
ប្រាក់អឺរ៉ូ ។ រូពី AFP ។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្រូអាស៊ីនឹងក្លាយជាសមាជិកទី២០ នៃតំបន់ចាយប្រាក់អឺរ៉ូ។ ដូច្នេះ ប្រាក់អឺរ៉ូ នឹងត្រូវបានក្លាយជារូបិយប័ណ្ណផ្លូវការនៅក្នុងប្រទេសមួយនេះ។ ដោយសារតែខ្វះការជឿទុកចិត្តលើរូបិយប័ណ្ណក្នុងស្រុក ជនជាតិក្រូអាស៊ីបានវាយតម្លៃនូវបណ្តាអចលទ្រព្យ ដូចជារថយន្តនិងផ្ទះជាប្រាក់អឺរ៉ូ ហើយប្រមាណ ៨០ភាគរយនៃប្រាក់បញ្ញើរបស់ធនាគារត្រូវបានទូទាត់ជាប្រាក់អឺរ៉ូ។



ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ក្រូអាស៊ីគឺបណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ ហើយនៅក្នុងវិស័យទេសចរណ៍បានរួមចំណែក ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ដែលសេវាកម្មភាគច្រើនបម្រើឱ្យភ្ញៀវទេសចរមកពីអឺរ៉ុប។ អ្នកជំនាញមួយចំនួនជឿថា ការប្រើប្រាស់ប្រាក់អឺរ៉ូជាផ្លូវការនៅក្នុងប្រទេសក្រូអាស៊ីនឹងបង្កើនចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរអឺរ៉ុប ដោយសារតែការប្រើប្រាស់រូបិយប័ណ្ណដូចគ្នានេះនឹងជួយឱ្យអ្នកទេសចរកាន់តែសកម្មក្នុងការទិញទំនិញ និងការចំណាយលើតម្រូវការនានានៅពេលមកដល់នៅប្រទេសមួយនេះ ។

លោកស្រី Ana Sabic ជាប្រធាននាយកដ្ឋានទំនាក់ទំនងអឺរ៉ុបនៅធនាគារជាតិក្រូអាស៊ីបានលើកឡើងថា ៖ « សេដ្ឋកិច្ចរបស់ក្រូអាស៊ីនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការចំណាយផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការទាបជាង លំហូរមូលធនកើនឡើង សមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសហភាពធនាគារអឺរ៉ុប។ ប្រាក់អឺរ៉ូនឹងនាំមកនូវភាពធន់ និងជួយក្រូអាស៊ីអាចទទួលបានលក្ខខណ្ឌកម្ចីអំណោយផលបន្ថែមទៀតនៅក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ច»។

ថ្វីដ្បិតតែប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក ប៉ុន្តែប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលមិនស្ថិតនៅតំបន់ចាយប្រាក់អឺរ៉ូ ដូចជាហុងគ្រី ប៉ូឡូញ និងក្រូអាស៊ី មានអតិផរណាចន្លោះពី ១២ ទៅ១៣ភាគរយក្នុងខែតុលា ដែលខ្ពស់ជាងអត្រាអតិផរណារួមរបស់ប្លុកចាយប្រាក់អឺរ៉ូប្រហែល ១០ភាគរយ។

ទេសាភិបាលធនាគារជាតិនៃក្រូអាស៊ីបានឱ្យដឹងថា នាពេលខាងមុខប្រទេសមួយនេះ នឹងមានការងារជាច្រើនដែលត្រូវធ្វើ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។ ជាដំបូង វាចាំបាច់ក្នុងការលើកកម្ពស់ការរួមបញ្ចូលពេញលេញនៃប្រព័ន្ធប្រាក់អឺរ៉ូសម្រាប់ធនាគារជាតិក្រូអាស៊ី។ បន្ទាប់មក ធនាគារត្រូវអនុវត្តការបំប្លែងទៅជាប្រាក់អឺរ៉ូ។

គួរបញ្ជាក់ថា សមាជិកសហភាពអឺរ៉ុបទាំងអស់មានចំនួន២៧ប្រទេស ហើយមានតែ ២០ ប្រទេសប៉ុណ្ណោះដែលប្រើប្រាស់ប្រាក់អឺរ៉ូជាផ្លូវការក្នុងនោះរួមមាន ១. អូទ្រីស ២. ប៊ែលហ្ស៊ិក ៣. ស៊ីប ៤. អេស្តូនី ៥. ហ្វាំងឡង់ ៦. បារាំង ៧. អាល្លឺម៉ង់ ៨. ក្រិក ៩. អៀរឡង់ ១០. អ៊ីតាលី ១១. ឡេតូនី ១២. លីទុយអានី ១៣. លុចសំបូ ១៤. ម៉ាល់ត៌ ១៥. ហូឡង់ ១៦. ព័រទុយហ្គាល់ ១៧. ស្លូវ៉ាគី ១៨. ស្លូវេនី ១៩. អេស្ប៉ាញ និងចុងក្រោយទី២០ គឺក្រូអាស៊ី៕

Tag:
 ក្រូអាស៊ី
  ប្រាក់អឺរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com