ជាតិ
សេដ្ឋកិច្ច
វៀតណាមជាសមាជិកអាស៊ានដែលមានទំហំពាណិជ្ជកម្មធំជាងគេនៅកម្ពុជា
09, Nov 2022 , 9:39 am        
រូបភាព
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមជាមួយសម្តេច ហ៊ុន សែន នៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ នារសៀលថ្ងៃទី៨ វិច្ឆិកា នៅសណ្ឋាគារភ្នំពេញ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមជាមួយសម្តេច ហ៊ុន សែន នៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ នារសៀលថ្ងៃទី៨ វិច្ឆិកា នៅសណ្ឋាគារភ្នំពេញ។
វៀតណាមជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីរបស់កម្ពុជា បន្ទាប់ពីចិន និងអាម៉េរិក ហើយឈរនៅលំដាប់ទីមួយបើធៀបជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ការព្យាករបង្ហាញថា ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា នឹងកើនដល់ ១០ពាន់លានដុល្លារ ​នៅដំណាច់ឆ្នាំ២០២២។

 
បច្ចុប្បន្ន ប្រទេសវៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​របស់​កម្ពុជា។ ត្រឹមដំណាច់ខែតុលា ការនាំចេញទំនិញពីវៀតណាមមកកាន់កម្ពុជាមានប្រមាណ ៤,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៦ភាគរយ។ ក្រុមទំនិញដែលកម្ពុជានាំចូលពីវៀតណាម មានចំណូលច្រើនចាប់ពី ១០០ លានដុល្លារឡើងទៅ។ ដូចជា ដែកថែប និងដែក វាយនភណ្ឌ ប្រេងឥន្ធនៈ ជី ក្រដាស និងផលិតផលក្រដាស...។ ជាពិសេសការនាំចេញប្រេងសាំងដែលមានតម្លៃ ៥៥៦លានដុល្លារ។ តម្លៃនេះ កើនឡើង២៤៥លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែក និងដែកថែបបាននាំមុខគេក្នុងការនាំចូលមកកម្ពុជាគិតជាតម្លៃ ៨២៧លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម។ 
 
ចំណែកទំនិញដែលកម្ពុជានាំចូលវៀតណាមវិញសម្រេចបាន៤,១៣ ពាន់លានដុល្លារ កើនត្រឹម ៤,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទំហំនេះបានធ្វើឱ្យវៀតណាមមានអតិរេកពាណិជ្ជកម្មប្រមាណ៨១០លានដុល្លារ។ មុខទំនិញកម្ពុជា​ដែលនាំ​ទៅវៀតណាម​ធំ​ជាង​គេ គឺ​កៅស៊ូ និង​គ្រាប់​ស្វាយចន្ទី។ 
 
ក្នុងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាមឆ្នាំ២០២២ នាយប់ថ្ងៃទី៨វិច្ឆិកា សម្តេច ហ៊ុន សែន បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថា កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាជម្រើសទីមួយរបស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម។ 
ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះក៏បានលើកឡើងពីចក្ខុវិស័យក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង សម្រាប់ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ។ ជាក់ស្តែង ដូចជាការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន និងទៅកាន់គោលដៅទេសចរណ៍នៅក្នុងខេត្តជាប់ព្រំដែន ជាពិសេសខេត្តនៅតាមតំបន់ឆ្នេរ ដើម្បីសម្រួលនិងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរទៅមកឆ្លងកាត់ប្រទេសទាំងពីរ។ 
 
ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ៨,៤៥ពាន់លានដុល្លារ កើនឡើង ១៦,៧ភាគរយ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ ២០២១។ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com