អន្តរជាតិ
ពាក់ព័ន្ធការចរចាCOC លោកគង់ ភោគថា កម្ពុជាបានដើរតួនាទីស្ថាបនាបំផុត
11, Nov 2022 , 9:19 pm        
រូបភាព
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព៖ LAY Sopheavotey
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព៖ LAY Sopheavotey
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ បានអះអាងថា ពាក់ព័ន្ធនឹងការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) កម្ពុជា បានដើរតួនាទីស្ថាបនាបំផុត ក៏ដូចជាចូលរួមចំណែក និងជំរុញ ដើម្បីធ្វើយ៉ាងណាឱ្យការចរចាបានបញ្ចប់សព្វគ្រប់។

 
ជាច្រើនឆ្នាំមកហើយ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នៅតែបន្តចរចា និងបានផ្អាកមួយរយៈ ដោយសារជំងឺកូវីដ-១៩។ ថ្មីៗនេះ ការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង បានចាប់ផ្តើមឡើងវិញនៅកម្ពុជា។ ក្រមប្រតិបត្តិ COC ជាវិធានមួយ ដែលមានចែងពីយន្តការក្នុងការដោះស្រាយជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។

 
ជុំវិញការចរចាក្រមប្រតិបត្តិសមុទ្រចិនសមុទ្រខាងត្បូងនេះ លោកគង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១១ ខែវិច្ឆិកាថា៖ «កម្ពុជាបានដើរតួនាទីស្ថាបនាបំផុត និងចូលរួមចំណែក ដើម្បីជំរុញពនឿនឱ្យការចរចានេះ បានចប់សព្វគ្រប់។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសកម្ពុជារូបនេះ បានរំឮកឡើងវិញថា ការអានលើកទីមួយពាក់ព័ន្ធជាមួយសេចក្តីព្រាងCOC បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨ និងរួចរាល់នៅក្នុងខែកក្កដាឆ្នាំ២០១៩។ ចំណែកការអានលើកទីពីរ បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៩ ប៉ុន្តែវាត្រូវផ្អាកទៅវិញ ដោយសារជំងឺកូវីដ-១៩ ។ ក្រោយជំងឺកូវីដ-១៩ មានភាពធូរស្រាល ការចរចាបានចាប់ផ្តើមឡើងវិញ នៅសៀមរាប។ 
 
ត្រង់ការផ្អាកការចរចា COC លោកគង់ ភោគ បានពន្យល់ថា កិច្ចចរចារបៀបនេះ មិនអាចពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ Zoom បានទេ គឺត្រូវការជួបគ្នា និងជជែកគ្នាដោយផ្ទាល់។ 
 
បើតាមអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ​ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ដំណើរចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង មានវឌ្ឍនភាពច្រើន បើទោះភាពយឺតយ៉ាវបន្តិចក្តី ដោយសារជំងឺកូវីដ-១៩។ លោកគង់ ភោគ បានបង្ហាញក្តីសង្ឃឹមថា វឌ្ឍភាពនេះ អាចជួយឱ្យប្រធានផ្លាស់វេនក្រោយៗទៀត អាចបញ្ចប់ការចរចា បានទាន់ពេលវេលា៕
 

Tag:
 អាស៊ាន
  COC
© រក្សាសិទ្ធិដោយ thmeythmey.com