ជាតិ
សង្គមជាតិ
ប៊្លូអាតសេនធ័រ សហការជាមួយសារព័ត៌មានថ្មីៗបង្កើតកម្មវិធីវេទិកាសិល្បៈខ្មែរពីតំបន់អង្គរ
13, Nov 2022 , 11:59 am        
រូបភាព
សៀមរាប៖ ប៊្លូអាតសេនធ័រ (Blue Art Center) សហការជាមួយសារព័ត៌មានថ្មីៗ និង Cambodianess បាន បង្កើតកម្មវិធីមួយឈ្មោះថា វេទិកាសិល្បៈខ្មែរពីតំបន់អង្គរ ដែលវេទិកានេះ នឹងអញ្ជើញវាគ្មិនចម្រុះទាក់ទងនឹងសិល្បៈវប្បធម៌ ដើម្បីចែករំលែកចំណេះដឹងជុំវិញវិស័យនេះ។

 
សហស្ថាបនិកសារព័ត៌មានថ្មីៗ លោក គី សុខលីម បានប្រកាសចំពោះគម្រោងកម្មវិធីឈ្មោះថា «វេទិកាសិល្បៈខ្មែរពីតំបន់អង្គរ» ដែលសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និង Cambodianess សហការជាមួយប្ល៊ូអាតសេនធ័រ ក្នុងបេសកកម្មបំផុស និងផ្សព្វផ្សាយវិស័យវប្បធម៌ អារ្យធម៌ និងសិល្បៈខ្មែរពីតំបន់អង្គរឱ្យកាន់តែទូលំទូលាយ។ 
 
ក្នុងពិធីសម្ពោធ ប៊្លូអាតសេនធ័រ សាលាសិល្បៈសូនរូប នារសៀលថ្ងៃទី១១ វិច្ឆិកា សហស្ថាបនិកសារព័ត៌មានថ្មីៗ បានលើកឡើងយ៉ាងដូច្នេះថា៖« យើងបានជួបគ្នាជជែកគ្នា ពីមូលហេតុនៃការបង្កើតកម្មវិធីនេះឡើង ដោយសារយើងបានឃើញថា នៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ វប្បធម៌មានសារសំខាន់ខ្លាំងមែនទែន ទាំងអស់គ្នាស្រឡាញ់វប្បធម៌ តើយើងជាកូនខ្មែរ ពិសេសអ្នកជំនាន់ក្រោយ ហើយអាចធ្វើអ៊ីបន្តពីអ្នកជំនាន់មុនមក? ទឹកដីអង្គរមានវប្បធម៌វ័យចំណាស់ខ្លាំងមែនទែន តើអាចធ្វើអីបាន»?

លោក គី សុខលីម សហស្ថាបនិកនៃសារព័ត៌មានថ្មីៗ 
 
តាមការបញ្ជាក់ពីលោក គី សុខលីម វេទិកាសិល្បៈខ្មែរពីតំបន់អង្គរ ដែលធ្វើជារៀងរាល់ខែម្ដងនេះ អាចនឹងចាប់ផ្តើមនៅចុងខែ វិច្ឆិកា ឬដើមខែ ធ្នូ ខាងមុខនេះ ដោយវាគ្មិនដំបូងគឺមានលោកសាស្រ្ដាចារ្យ និងនរវិទូ អាំង ជូលាន ដែលនឹងជជែកថាតើវប្បធម៌មានសារសំខាន់អ្វីខ្លះទៅនឹងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា? លោក សុខលីម បន្ថែមថា វេទិកានេះនឹងជជែកគ្នាជាភាសាខ្មែរ និងអង់គ្លេស។ 
 
ស្ថាបនិក ប្ល៊ូអាតសេនធ័រ លោក ស្វាយ សារ៉េត បង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះវេទិកាថ្មីនេះ និងចាត់ទុកកិច្ចសហការជាមួយសារព័ត៌មានថ្មីៗនៅពេលនេះ ថាជាបេសកកម្មដ៏ប្រសើរសម្រាប់ការលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា។ សិល្បករ ស្វាយ សារ៉េត បន្ថែមថា វេទិកានេះនឹងពាំនាំនូវបាឋកថាវាគ្មិនល្បីៗដែលមានបទពិសោធន៍ផ្នែកសិល្បៈ វប្បធម៌ អប់រំ និងសង្គម ដើម្បីគាំទ្រ ចែករំលែក ស្រាវជ្រាវ ដល់អ្នកសិក្សានានាដែលជាយុវជនជំនាន់ក្រោយ និងការចងក្រងទុកជាមរតកសិក្សាទៅថ្ងៃខាងមុខ។

 លោក ស្វាយ សារ៉េត ស្ថាបនិកប្ល៊ូអាតសេនធ័រ
 
ក្នុងពិធីសម្ពោធ ប្ល៊ូអាតសេនធ័រ សាលាសិល្បៈសូនរូប នៅពេលនោះដែរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប មួន សុភាព បានចាត់ទុកប្ល៊ូអាតសេនធ័រ ជាដៃគូធ្វើឱ្យសិល្បៈវប្បធម៌កាន់តែរឹងមាំ ទូលំទូលាយ និងមានតួនាទីកាន់តែសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោក មួន សុភាព យល់ថា បេសកកម្មរបស់ប្ល៊ូអាតពិតជាសំខាន់ ក្នុងកិច្ចការបណ្ដុះបណ្ដាល និងផ្ដល់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ដ សិល្បៈ វប្បធម៌ អារ្យធម៌ ប្រកបដោយគុណភាព សមត្ថភាព និងជំនាញច្បាស់លាស់។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
 
គួររំឭកថា ប្ល៊ូអាតសេនធ័រ បង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមគម្រោងកម្មវិធីចំនួន៣ រួមមាន គម្រោងរចនា សិប្បកម្មលម្អ គម្រោងសាលាសិល្បៈសូនរូប និងកម្មវិធីគាំទ្រ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌៕

ពិធីសម្ពោធប្ល៊ូអាតសេនធ័រ
 

អ្នកចូលរួមថតជុំគ្នាក្នុងពិធីសម្ពោធប្ល៊ូអាតសេនធ័រ






 

Tag:
 វេទិកាសិល្បៈខ្មែរពីតំបន់អង្គរ
  សិល្បៈ
  វប្បធម៌ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com