ជាតិ
អាស៊ាន
សម្ដេច ហ៊ុន សែន ប្រកាសថាមិនធ្វើជាប្រធានអាស៊ានលើកទី៤ឡើយ សម្ដេច ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣ វិច្ឆិកានេះ។ រូបភាព៖ ឈន សុផាត
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន អះអាងថា នឹងមិនធ្វើជាប្រធានអាស៊ានជាលើកទី៤ឡើយ ក្រោយសម្ដេចធ្វើជាប្រធានអាស៊ានលើកទី៣ នៅឆ្នាំ២០២២នេះ។ សម្ដេច ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១៣ វិច្ឆិកា នាវិមានសន្តិភាព។
«ខ្ញុំអាចនឹងប្រកាសថា ខ្ញុំមិនឈានឆ្ពោះទៅរកការធ្វើជាប្រធានអាស៊ានលើកទី៤ទេ។ ព្រោះវាល្មមដល់អាស៊ានលើកទី៤ ខ្ញុំត្រូវអាយុ៨០ឆ្នាំហើយ ដូច្នេះ វាល្មមគ្រប់គ្រាន់ហើយ»។ សម្ដេច ហ៊ុន សែន បន្តថា ការធ្វើជាប្រធានអាស៊ានមិនមែនជារឿងងាយស្រួលដោយ ប្រសិនបើមិនមានរដ្ឋមន្ត្រីការបរទេសវ័យឆ្លាត ជំនួយការវ័យឆ្លាត អត់ធ្មត់ នោះប្រហែលជាប្រធានអាស៊ានដួលកណ្ដាលផ្លូវ។
ជុំវិញអំណោយនាឡិកាដៃអាស៊ានចំនួន២៥គ្រឿង ដែលសម្តេច ហ៊ុន សែន រៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំកំពូលអាស៊ានទាំង១០ប្រទេស និងថ្នាក់ដឹកនាំកំពូលពិភពលោក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ គឺជាការបង្ហាញពិភពលោកឱ្យឃើញថា កូនខ្មែរអាចធ្វើបាន។ បើតាមប្រសាសន៍ សម្តេច កម្ពុជា បានចែកជូននាឡិកាដៃអាស៊ាននោះ ដល់ថ្នាក់ដឹកនាំទៅតាមបណ្តាប្រទេសរួចហើយ ដោយមានថ្នាក់ដឹកនាំខ្លះបានពាក់ហើយ និងថ្នាក់ដឹកនាំខ្លះក៏មិនទាន់បានពាក់។
ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានសរសើរពីសមត្ថភាពរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន និងឧត្តមមន្ត្រី រួមទាំងមន្ត្រីពាក់ព័ន្ធរបស់កម្ពុជា ដែលធ្វើឱ្យកិច្ចប្រជុំអាស៊ាននៅកម្ពុជាប្រព្រឹត្តទៅដោយជោគជ័យ។ ទន្ទឹមនឹងនោះសម្ដេច ហ៊ុន សែន ក៏អរគុណដល់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលចូលរួមថែរក្សាសន្តិសុខ ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំអាស៊ាន។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន បានបិទបញ្ចប់ដោយជោគជ័យ។ កិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីសម្ដេច ហ៊ុន សែន ប្រគល់ញញួរប្រធានអាស៊ានឱ្យលោក ចូកូ វីដូដូ៕
© រក្សាសិទ្ធិដោយ thmeythmey.com