ជាតិ
សង្គមជាតិ
រថយន្តស្លាកលេខខេមរភូមិន្ទ១គ្រឿង លួចដឹកគ្រឿងញៀន២០០គីឡូក្រាម ត្រូវបែកការ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍
14, Nov 2022 , 3:59 pm        
រូបភាព
ករណីគ្រោះថ្នាក់ចរណ៍ ដែលបង្កឡើងដោយរថយន្តស្លាកលេខខេមរភូមិន្ទ (ពណ៌ខ្មៅ) កាលពីថ្ងៃយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតលើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ រូបពីវីដេអូនៃទំព័រហ្វេសប៊ុក MNSP New TV
ករណីគ្រោះថ្នាក់ចរណ៍ ដែលបង្កឡើងដោយរថយន្តស្លាកលេខខេមរភូមិន្ទ (ពណ៌ខ្មៅ) កាលពីថ្ងៃយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតលើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ រូបពីវីដេអូនៃទំព័រហ្វេសប៊ុក MNSP New TV
រថយន្ត១គ្រឿង ដែលមានស្លាកលេខខេមរភូមិន្ទ បានទៅបុករថយន្តដទៃទៀតយ៉ាងពេញទំហឹង ស្ថិតនៅតាមណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបានបង្កឲ្យនរណាម្នាក់ មានរបួសឡើយ។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំង គឺសមត្ថកិច្ច បានរកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ ក្នុងរថយន្តខេមរភូមិន្ទ។


 
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយរង និងជាអ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា គ្រឿងញៀនទាំងអស់ ដែលត្រូវរកឃើញក្នុងរថយន្តខេមរភូមិន្ទ មាន២០០ដុំ ដោយក្នុង១ដុំៗ អាចនឹងមានទម្ងន់១គីឡូក្រាម ដូច្នេះ គ្រឿងញឿនទាំងអស់នោះ មានទម្ងន់ប្រហែល២០០គីឡូក្រាម។ 
 
លោក បន្តថា មានមនុស្ស២នាក់ ដែលស្ថិតក្នុងរថយន្តខេមរភូមិន្ទនោះ ហើយពួកគេ បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ។ លោក បន្ថែមថា សមត្ថកិច្ច កំពុងស្រាវជ្រាវរកជនសង្ស័យ ដែលពាក់ព័ន្ធនឹងគ្រឿងញឿន និងជាជន ដែលបង្កហេតុគ្រោះថ្នាក់ចរាចរណ៍នេះ។ 
 
យ៉ាងណា លោក លើកឡើងថា សមត្ថកិច្ច មិនទាន់អាចសន្មតបានឡើយថា ជនសង្ស័យទាំង២នាក់នោះ គឺជាយោធានៃកងយោធពលខេមរភូមិន្ទ ឬមិនមែន។ លោកឧត្តមសេនីយ៍ទោរូបនេះ បញ្ជាក់ដូច្នេះថា៖«យើង កំពុងកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីតាមចាប់ខ្លួន»។ 
 
លោកនាយរងនៃមន្ទីរប្រឆាំងគ្រឿងញៀន សន្និដ្ឋានជាបឋមថា គ្រឿងញៀនខាងលើនេះ ទំនងជាត្រូវលួចផលិត និងលួចដឹកចេញពីតំបន់ត្រីកោណមាស។ តំបន់ត្រីកោណមាស ជាតំបន់ដ៏ល្បីល្បាញ១របស់ក្រុមជនល្មើស ដែលលួចផលិតគ្រឿងញៀន។ តំបន់នេះ ស្ថិតក្នុងទឹកដីមីយ៉ាន់ម៉ា និងជាប់ព្រំប្រទល់ប្រទេស៣ គឺមីយ៉ាន់ម៉ា ថៃ និងឡាវ។ 
 
លោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ និយាយជាមួយសារព័ត៌មានថ្មីៗតែ១ម៉ាត់ប៉ុណ្ណោះថា សមត្ថកិច្ច កំពុងធ្វើកិច្ចការដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿញៀន ដែលត្រូវបានរកឃើញក្នុងរថយន្តខេមរភូមិន្ទនេះ។ លោកអធិការ ពុំបានឆ្លើយតបនឹងសំណួរផ្សេងទៀតឡើយ៕ 
 

Tag:
 គ្រឿងញៀន
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com