អន្តរជាតិ
ប្រធានាធិបតីចិន និងអាម៉េរិក ឯកភាពមិនឱ្យកើតមានសង្រ្គាមនុយក្លេអ៊ែរ
14, Nov 2022 , 10:36 pm        
រូបភាព
ជំនួបរវាងប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន និងសមភាគីចិន លោកស៊ី ជិនភីង នាកោះបាលី ឥណ្ឌូណេស៊ី។ រូបភាពយកពីគណនី Twitter របស់លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
ជំនួបរវាងប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន និងសមភាគីចិន លោកស៊ី ជិនភីង នាកោះបាលី ឥណ្ឌូណេស៊ី។ រូបភាពយកពីគណនី Twitter របស់លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងសមភាគីអាម៉េរិក លោក ចូ បៃឌិន បានឯកភាពនៅក្នុងកិច្ចពិភាក្សានាថ្ងៃទី១៤ ខែវិច្ឆិកាថា សង្រ្គាមនុយក្លេអ៊ែរ មិនគួរកើតមានឡើយ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាម៉េរិក។

 
ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន និងសមភាគីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១៤ ខែវិច្ឆិកា បានជួបគ្នាលើកដំបូងនៅកោះបាលី ឥណ្ឌូណេស៊ី ក្នុងឱកាសកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20)។ ក្នុងជំនួបដោយផ្ទាល់លើកដំបូងចាប់តាំងពីលោក បៃឌិនឡើងកាន់តំណែងនេះ មេដឹកនាំទាំងពីរ បានពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះរួមទាំងសង្រ្គាមនុយក្លេអ៊ែរផង។ 
 
«ប្រធានាធិបតីអាម៉េរិក និងចិន បានបញ្ជាក់ជាថ្មីពីការឯកភាពថា សង្រ្គាមនុយក្លេអ៊ែរ មិនគួរកើតមាន និងមិនអាចឈ្នះឡើយ»។ សេតវិមានអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយបែបនេះ ជុំវិញជំនួបលោកស៊ី និងលោកបៃឌិន។ សេចក្តីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា មេដឹកនាំទាំងពីរ បានជំទាស់ការប្រើប្រាស់ ឬការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនផង។ 
 
ក្រោយជំនួបនេះ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នឹងធ្វើទស្សនកិច្ចទៅចិន ដើម្បីពិភាក្សាពីបញ្ហាដែលប្រធានាធិបតីទាំងពីរបានលើកយកមកដាក់លើតុ។ នេះអាចជាទស្សនកិច្ចទៅចិនលើកដំបូងរបស់លោកប្លីងខិន។  
 
ក្រៅពីបញ្ហានុយក្លេអ៊ែរ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរ ក៏បានជជែកពីបញ្ហាកោះតៃវ៉ាន់ផង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua​ លោកស៊ី បានប្រាប់លោកបៃឌិនថា កោះតៃវ៉ាន់ជាផលប្រយោជន៍ដ៏សំខាន់របស់ចិន, ជាគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងចិន-អាម៉េរិក រួមទាំងជាបន្ទាត់ក្រហម ដែលមិនត្រូវឱ្យមានការឆ្លងកាត់ នៅក្នុងទំនាក់ទំនងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន។ 
 
ទន្ទឹមនេះ បញ្ហាអ៊ុយក្រែន ក៏ត្រូវបានមេដឹកនាំមហាអំណាចទាំងពីរយកទៅពិភាក្សាផងដែរ ដោយលោកស៊ី បានប្រាប់លោកបៃឌិនថា លោកមានការបារម្ភចំពោះស្ថានការណ៍នៅអ៊ុយក្រែន ហើយចិននៅតែបន្តលើកទឹកចិត្តឱ្យមានការចរចាប្រកបដោយសន្តិភាព៕
 

Tag:
 ចិន
  អាម៉េរិក
  អ៊ុយក្រែន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com