កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Man Utd នឹងឆ្លើយតបទៅ Ronaldo ខណៈរូបគេអះអាងបន្ថែមថាគ្រួសារ ​Glazers មិនដែលខ្វល់ពីក្លិប
15, Nov 2022 , 12:29 pm        
រូបភាព
រូបភាព៖ Livescore
រូបភាព៖ Livescore
ក្លិប Manchester United នៅថ្ងៃទី១៤​ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍មួយ​ ជុំវិញការផ្តល់បទសម្ភាសរបស់  Cristiano Ronaldo ក្នុងកម្មវិធីទូរទស្សន៍របស់ Piers Morgan ជាមួយការរិះគន់អ្នកចាត់ការទូទៅលោក Erik ten Hag ។ Ronaldo ថារូបគេទទួលបានអារម្មណ៍ថាត្រូវបានក្លិបក្បត់គេ។



នាកិច្ចសម្ភាសន៍រយៈពេល ៩០នាទីដែល Ronaldo បានស្ថិតនៅដែលជាកម្មវិធីរបស់លោក Piers Morgan ជាពិធីករដ៏ល្បី ដែលកិច្ចសម្ភាសន៍គ្រោងបញ្ចេញការផ្សាយពេញនៅថ្ងៃទី១៦ ដោយជាកិច្ចពិភាក្សាអំពីបញ្ហា Ronaldo កំពុងតែមានបញ្ហារិះគន់ទៅកាន់ក្លិប Man United ក្នុងនោះក៏មានលោក Erik ten Hag និងអតីតគ្រូបង្វឹកលោក Raft Rangnick។
 
កម្មវិធី Piers Morgan Uncensored ថ្ងៃទី១៤ បានបង្ហោះកិច្ចសម្ភាសន៍ដំបូងមួយដោយបានបង្ហាញថា ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បង្ហាញអារម្មណ៍របស់គេថាត្រូវបានក្លិបក្បត់គេ និងមានបុគ្គលជាន់ខ្ពស់នៅក្នុងក្លិប រួមទាំងលោក Ten Hag ថាគ្មានការគោរពដល់គេ និងចង់កម្ចាត់គេចេញពីក្លិប។ Ronaldo អះអាងថាក្លិបគ្មានការអភិវឌ្ឍសោះចាប់តាំងពីលោក Alex Ferguson ចាកចេញទៅ។
 
ក្រោយតែកិច្ចសម្ភាសន៍នៃ Ronaldo និងលោក Piers Morgan ត្រូវបានចេញផ្សាយមិនដល់មួយថ្ងៃផងនោះក្រុមបិសាចក្រហមក៏បានចេញសេចក្តីថ្លែងការណ៍បែបនេះទាក់ទងនឹងរឿងបញ្ហារបស់កីឡាករខ្លួន។ 
 
«Manchester United បានកត់ចំណាំនូវការផ្សាយដែលជាកិច្ចសម្ភាសន៍នៃប្រធានបទរបស់ ​Cristiano Ronaldo។ ក្លិបនឹងឆ្លើយចំពោះបញ្ហា Ronaldo ក្រោយពេលក្លិបរកឃើញការពិតពេញលេញនៃរឿងនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ក្លិប Man United។
 
តែទោះជាយ៉ាងណាមកដល់ថ្ងៃទី១៥ ខែវិច្ឆិកាកម្មវិធីជជែង Piers Morgan Uncensored បានបន្តចេញផ្សាយកិច្ចសម្ភាសន៍ខ្លួនជាមួយនឹង ​Ronaldo បន្ថែមទៀត ហើយក្នុងកិច្ចសម្ភាសន៍ថ្មីមួយបន្ថែមទៀតនេះ Ronaldo បានរិះគន់ចំៗទៅកាន់ក្រុមគ្រួសារ Glazers ដែលជាម្ចាស់ក្លិប Man Utd។ ប្រធានក្រុមព័រទុយហ្កាល់ថាគ្រួសារ Glazers មិនដែលខ្ចាយខ្វល់ពីក្លិប និងអារម្មណ៍របស់អ្នកគាំទ្របិសាចក្រហមឡើយ។ 
 
Ronaldo បច្ចុប្បន្នកំពុងស្ថិតក្នុងជុំរំហ្វឹកហាត់ជាមួយព័រទុយហ្កាល់ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅក្នុងប្រទេសកាតា។ មុនពេលធ្វើដំណើរទៅកាន់កាតា Ronaldo ត្រូវបានអវត្តមានឱ្យក្លិប Man United ដល់ទៅ២លើក ចាប់តាំងពីបង្ហាញខ្លួនជម្រើស ១១នាក់ហើយក្រុមប្រកួតចាញ់ Aston Villa ៣-១ រួចមក។ 
 
រដូវកាលនេះ ​Ronaldo បង្ហាញខ្លួនបានចំនួន ១៦លើករាល់គ្រប់ការប្រកួតរបស់ Man United ដោយចាប់ផ្តើមជម្រើស ១១នាក់បានចំនួន​ ១០លើក ហើយរូបគេរកបានត្រឹម ៣គ្រាប់ និងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ២គ្រាប់តែប៉ុណ្ណោះ៕
Relate 121076
 
 

Tag:
 Manchester United
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com