ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ ស្នើកម្ចីពីជប៉ុន៦០លានដុល្លារទៀត ដើម្បីសង់កំពង់ផែទឹកជ្រៅ​នៅព្រះសីហនុ ក្នុងឆ្នាំ២០២៣
15, Nov 2022 , 2:13 pm        
រូបភាព
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមមាញឹកក្នុងការចរាចរណ៍ទំនិញចេញចូលនៅកម្ពុជា។
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមមាញឹកក្នុងការចរាចរណ៍ទំនិញចេញចូលនៅកម្ពុជា។
កម្ពុជា​ស្នើសុំកម្ចីពីរដ្ឋាភិបាលជប៉ុនចំនួន៦០លានដុល្លារទៀត ដើម្បីបំពេញថវិកាឱ្យបាន២០៣លានដុល្លារ សម្រាប់ការសាងសង់កំពង់ទឹកជ្រៅថ្មីនៅក្រុងព្រះសីហនុ នាដើមឆ្នាំ២០២៣។ គម្រោងកំពង់ផែនេះ មានជម្រៅទឹក១៤,៥ម៉ែត្រ ដែលស្ថិតក្នុងជំហានទីមួយនៃគម្រោងអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ។​

 
បច្ចុប្បន្នក្រសួងសាធារណការ​ និងដឹកជញ្ជូន កំពុងបន្តនីតិវិធីដេញថ្លៃជាមួយវិស័យឯកជន ដើម្បីចាប់ផ្តើមការសាងសង់កំពង់ផែទឹកជ្រៅថ្មី នៅខេត្តព្រះសីហនុ​​ ដែលមានតម្លៃ ២០០លានដុល្លារអាម៉េរិក នៅដើមឆ្នាំ២០២៣។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ​បានស្នើសុំកម្ចីចំនួន៦០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុនបន្ថែមទៀត ដើម្បីបំពេញទំហំថវិកាសម្រាប់ចំណាយលើការសាងសង់កំពង់ផែថ្មីនេះ ។​ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ​ ។
 
កិច្ចជំនួបជាមួយលោក MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន​ នៅទីស្តីការក្រសួង នាថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការស្នើសុំកម្ចីបន្ថែមនេះ ដោយសារការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅថ្មី។ គិតពីខែមករា​ ដល់​ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រាក់យ៉េនរបស់ជប៉ុន គឹបានធ្លាក់ចុះដល់ទៅ២០ភាគរយ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
 
តាមផែនការចំណតកុងតឺន័រថ្មីនៅព្រះសីហនុ ដែលមានប្រវែង ៣៥០ម៉ែត្រ ជាមួយជម្រៅ​ទឹក១៤,៥ ម៉ែត្រ​ នេះគឺត្រូវសាងសង់ឡើងក្នុងឆ្នាំ២០២២ ប៉ុន្តែដោយសារបញ្ហានៃជំងឺកូវីដ-១៩ និងបញ្ហាបច្ចេកទេសមួយចំនួន គម្រោងនេះក៏ត្រូវពន្យារសាងសង់នៅឆ្នាំដើមឆ្នាំ២០២៣វិញ ដោយគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៥។​  
 
កន្លងមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយកំពង់ផែទឹកជ្រៅនេះ ដាក់ឱ្យដំណើរការ សេវាដឹកជញ្ជូនទំនិញនឹងចុះថ្លៃបាន២០០ដុល្លារក្នុងមួយកុងតឺន័រ។ លើសពីនេះ កំពង់ផែជម្រៅទឹក១៤,៥ម៉ែត្រនេះ គឺមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ចំនួន ៦ម៉ឺន DWT (៥០០០ TEUs) ចូល​ចត និង​អាច​អនុញ្ញាត​ឱ្យ​នាវាដឹក​កុងតឺន័រ​ឆ្លងកាត់​តំបន់​អាស៊ី​ ចំនួន៩៣ភាគរយ ចូលមក​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ។
 
«​ចំណុចនេះ គឺធ្វើឱ្យសក្តានុពលកំពង់ផែយើង បានផ្តល់ឱកាសឱ្យនាវានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​របស់យើងប្រមាណ៩០ភាគរយអាចចូលចតបាន និងធ្វើឱ្យតម្លៃទំនិញតាមផ្លូវទឹក​របស់យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន»។ នេះជាការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុ ដោយបានបញ្ជាក់ថា ​កំពង់ផែដែលកំពុងដំណើរនាបច្ចុប្បន្ន មានសមត្ថភាពអាចឱ្យនាវាចូលចត់បាន​ត្រឹមជម្រៅទឹកតែ៩,៥ម៉ែត្រប៉ុណ្ណោះ ។
 
បន្ទាប់ពីជំហានទីមួយត្រូវបញ្ចប់ កម្ពុជានឹងបន្តការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជម្រៅទឹក១៦,៥ម៉ែត្រជាជំហានទីពីរ ហើយនឹងឈានដល់ជម្រៅ១៧ម៉ែត្រ ក្នុងជំហានទីបី។ កំពង់ផែទឹកជ្រៅនេះ គឺមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាម៉េរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។ បើតាមលោក គួច ចំរើន ការអភិវឌ្ឍកំពង់ផែនេះ គឺកម្ពុជាទទួលបានកម្ចីពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន(JICA)។ 
 
សូមជម្រាបថា ស្វយ័តក្រុងព្រះសីហនុ សព្វថ្ងៃអាចស្រូបយកនូវចំណែកទីផ្សារបានជាង​៧០ភាគរយ នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា ដែលបានបម្រើនូវសេវាកម្មចំនួនបួនប្រភេទ។ ក្នុងនោះ មានកំពង់ផែជាទីកន្លែងប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍,  សម្រាប់ដឹកជញ្ជូន​ទំនិញរាយ,​ សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ៕ 
 

Tag:
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com