ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន៖ ការជួយកម្ពុជា អភិវឌ្ឍមូលដ្ឋានទ័ពរាម គឺជារឿងធម្មតា
15, Nov 2022 , 3:59 pm        
រូបភាព
 អ្នកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការពារជាតិចិន ស្ថិតក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីក្រសួងការពារជាតិចិន
អ្នកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការពារជាតិចិន ស្ថិតក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីក្រសួងការពារជាតិចិន
ដោយ៖ ទេពញាណ 

អាម៉េរិក ចង់ឲ្យមានការបង្ហាញតម្លាភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ ខណៈចិន បកស្រាយថា ការជួយរបស់ចិនដល់កម្ពុជា ក្នុងការអភិវឌ្ឍមូលដ្ឋានទ័ពនេះ គឺជាសកម្មភាពធម្មតា។



វត្តមានមេដឹកនាំមហាអំណាចអាម៉េរិក និងចិន នៅកម្ពុជា នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នាំឲ្យមានការនិយាយសាជាថ្មីឡើងវិញ ពីរឿងមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម។ ភាគីអាម៉េរិក នៅតែបង្ហាញឥរិយាបថបែបសង្ស័យដូចមុនៗថា មូលដ្ឋានទ័ពរាម មានទ័ពចិនលួចលាក់ខ្លួន។ ឯភាគីចិន បន្តព្យាយាមពន្យល់ដូចរាល់ដងថា ចិន ពិតជាបានជួយកម្ពុជាក្នុងការអភិឌ្ឍមូលដ្ឋានទ័ពរាមមែន តែគ្មានដាក់ទ័ពឲ្យឈរជើងនៅទីនោះឡើយ។ 
 
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការពារជាតិចិន ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតដូច្នេះថា៖«ការអភិវឌ្ឍមូលដ្ឋានទ័ពរាម ដែលមានការជួយពីចិន គឺជាសកម្មភាពធម្មតានៃការផ្តល់ជំនួយដល់កម្ពុជា។ គោលបំណង គឺពង្រឹងសមត្ថភាពទ័ពជើងទឹកកម្ពុជា ក្នុងការការពារបូរណភាពដែនសមុទ្ររបស់កម្ពុជាខ្លួន​ឯង»។ 
 
អ្នកស្រី អធិប្បាយថា ការជួយកម្ពុជាពីសំណាក់ចិន ក្នុងការអភិវឌ្ឍមូលដ្ឋានទ័ពរាម គឺស្របនឹងច្បាប់នៃប្រទេសទាំង២ ហើយក៏ស្របនឹងច្បាប់អន្តរជាតិដែរ។ អ្នកស្រី បន្តថា កម្ពុជា ធ្លាប់លាតត្រដាងជាច្រើនដងមកហើយពីករណីមូលដ្ឋានទ័ពរាមនេះ។ អ្នកស្រី សង្ឃឹមថា ប្រទេសដទៃនៅក្រៅតំបន់ នឹងមើលឃើញជាសកម្មភាពធម្មតា ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ 
 
ការចោទសួររបស់អ្នកកាសែតទៅកាន់អ្នកនាំពាក្យក្រសួងការពារជាតិចិន ជុំវិញបញ្ហាមូលដ្ឋានទ័ពរាម កើតឡើងក្រោយពីលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានឆ្លៀតលើកយកបញ្ហានេះ ទៅនិយាយក្នុងជំនួបផ្ទាល់មុខជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅកម្ពុជា។ សេតវិមានប្រធានាធិបតីអាម៉េរិក អះអាងតាមរយៈសេចក្តីថ្លែងការណ៍អំពីជំនួបនេះ ដូច្នេះថា៖«លោកប្រធានាធិបតី បានលើកឡើងពីក្តីបារម្ភលើស្ថានភាពមូលដ្ឋានទ័ពរាម និងបានបញ្ជាក់ពីសារសំខាន់នៃការបង្ហាញតម្លាភាពពេញលេញ លើសកម្មភាពរបស់ទ័ពចិន នៅមូលដ្ឋានទ័ពនេះ»។ 
  

ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក ចូ បៃឌិន នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកប្រធានាធិបតីអាម៉េរិក ស្ថិតនៅកម្ពុជាអស់២ថ្ងៃទី គឺពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក។ ភាគីចិន មានលោកនាយករដ្ឋមន្រ្តី លី ខឹឈាំង ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តីចិន នៅកម្ពុជាដល់ទៅ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា។
  

សម្តេច ហ៊ុន សែន ទទួលជួបលោក លី ខឹឈាំង នៅវិមានសន្តិភាព កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

មិនខុសពីមេដឹកនាំដទៃ លោក លី ខឹឈាំង បានជួបជាទ្វេភាគីជាមួយសម្តេច ហ៊ុន សែន។ សេចក្តីថ្លែងការណ៍អំពីជំនួបនេះ ដែលចេញរួមគ្នាដោយភាគីកម្ពុជា-ចិន មានចំណុច១ និយាយអំពីកិច្ចសហប្រតិបត្តិការផ្នែកកងទ័ពកម្ពុជា-ចិន។ សេចក្តីថ្លែងការណ៍ មានខ្លឹមសារបែបនេះថា៖«ប្រើប្រាស់ឲ្យអស់សក្តានុពល នូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា ដោយបង្កើនទំនាក់ទំនងរវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទាំង២ […]។  
 
ការឆ្លងឆ្លើយគ្នារវាងអាម៉េរិក និងចិន លើសំណុំរឿងមូលដ្ឋានទ័ពរាមនេះ ចំណាយពេលជាច្រើនឆ្នាំមកហើយ។ ដូចប្រសាសន៍ខាងលើរបស់អ្នកស្រីជាអ្នកនាំពាក្យក្រសួងការពារជាតិចិន ភាគីកម្ពុជា ធ្លាប់បំភ្លឺស្ទើរតែរាប់ភ្លេចមកហើយថា កម្ពុជា មិនអនុញ្ញាតឲ្យទ័ពបរទេសឈរជើងលើទឹកដីខ្លួនឡើយ។ យ៉ាងណាក៏ដោយចុះ អាម៉េរិក នៅតែមិនអស់ចិត្តដដែលពីបញ្ហាមូលដ្ឋានទ័ពរាម ហើយយូរៗម្តង អាម៉េរិក តែងលើករឿងនេះមកនិយាយ៕  
 

Tag:
 កម្ពុជា
  ចិន
  អាម៉េរិក
  មូលដ្ឋានទ័ពរាម
© រក្សាសិទ្ធិដោយ thmeythmey.com